29 C
Phnom Penh

ក្រុមអ្នកតស៊ូមតិ ជំរុញឲ្យមេដឹកនាំនយោបាយធំៗនៅកម្ពុជា ភ្នាល់គ្នាយកលុយជួយពលរដ្ឋដែលកំពុងដាច់ស្បៀងក្នុងពេលវិបត្តិCovid-19

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្តខ្មែរនៅក្រៅស្រុក អំពាវនាវឲ្យមេដឹកនាំធំៗរបស់គណបក្សប្រឆាំង និងគណបក្សកាន់អំណាច គួរតែបង្កើតកម្មវិធីភ្នាល់មួយ ដើម្បីប្រមូលលុយជួយពលរដ្ឋ ព្រោះល្បែងនេះគ្មានអ្នកចាញ់នោះទេ គឺមានតែអ្នកឈ្នះប៉ុណ្ណោះ ហើយអ្នកដែលឈ្នះពិតប្រាកដ និងចំណេញធំនោះ គឺពលរដ្ឋខ្មែរតែម្តង។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះថាមេដឹកនាំបក្ស ប្រឆាំង លោក សម រង្ស៊ី និងលោក កឹម សុខា   គួរតែលេងល្បែងភ្នាល់ ជាមួយមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន និងលោក ស ខេង ឲ្យធំម្តង និងដោយការធ្វើពលីកម្មខ្ពស់នោះទើបអាចរកប្រយោជន៍ជូនពលរដ្ឋកម្ពុជា បានយ៉ាងធំធេង។

លោកអះអាងថា ល្បែងភ្នាល់នេះ គឺលោក សម រង្ស៊ី និងភរិយា ត្រូវតែប្រកាសដាក់លក់ទ្រព្យសម្បត្តិទាំងអស់ ទាំងផ្ទះ ដីធ្លី និងសម្បត្តិនានា ទាំងនៅស្រុកខ្មែរ និងនៅប្រទេសបារាំង ឬនៅប្រទេសផ្សេងទៀត ជាដើម ដើម្បីធ្វើវិភាគទានជួយពលរដ្ឋខ្មែរ ប្រសិនបើលោក ហ៊ុន សែន និងភរិយា ក៏ព្រមលក់ទ្រព្យសម្បត្តិទាំងអស់របស់ពួកគាត់ដែរ ដើម្បីយកលុយធ្វើជាជំនួយដល់ពលរដ្ឋខ្មែរក្នុងពេលនេះ។

លោកបញ្ជាក់ថា ថវិកាដែលបានពីការលក់ទ្រព្យរបស់ពួកគេ ឬអ្នកចូលរួមដទៃទៀត ត្រូវដាក់ចូលក្នុងគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុរួម ដែលមានតម្លាភាព ហើយធ្វើប្រតិបត្តិការ តាមយន្តការមិនលម្អៀងនយោបាយ ចែកជូនប្រជាពលរដ្ឋជាមួយគ្នា។ លោកថា បើហ៊ានធ្វើបែបនេះមែន នោះទើបពួកគេសក្ដិសមជាមេដឹកនាំនយោបាយមិនប្រជាភិថុតិរបស់កម្ពុជា។

ការអះអាងនេះធ្វើឡើង ដើម្បីរិះគន់មេដឹកនាំនៅកម្ពុជា ទាំងមេដឹកនាំបក្សប្រឆាំង និងមេដឹកនាំបក្សកាន់អំណាចដែលតែងប្រើល្បិចកល និងភ្នាល់គ្នាទៅវិញទៅមកដើម្បីប្រជាប្រិយភាពនយោបាយរបស់ខ្លួន ខណៈពលរដ្ឋដែលកំពុងដាច់ស្បៀង មិនទាន់ត្រូវបានមេដឹកនាំទាំងនោះដោះស្រាយជីវភាព ជូនពួកគេបាននៅឡើយទេ។

ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី៨ ឧសភា ឆ្នាំ២០២០ លោក សម រង្ស៊ី ធ្លាប់បានលើកឡើងថា លោកនឹងលក់នាឡិកាដែលលោកពាក់រាល់ថ្ងៃក្នុងតម្លៃ ៤-៥ដុល្លារ ប្រសិនបើមានគេទិញ ដើម្បីជានិមិត្តរូប ឬជាកាយវិការមួយ និងគំរូឲ្យមនុស្សម្នាក់ៗ ដែលមានលទ្ធភាព ជាពិសេស ជនជាតិខ្មែរ ដូចគ្នា ចេះលះបង់ផ្ដល់ជាវិភាគទាន ជួយប្រជាពលរដ្ឋដែលកំពុងតែដាច់បាយ ដោយសារជំងឺCovid-19 នេះ។

បញ្ហានេះត្រូវក្រុមអ្នកសង្កេតការណ៍ រិះគន់ថា ការលើកឡើងនេះគ្រាន់តែដើម្បីផ្ចាញ់ផ្ចាល គូបដិបក្ខ នយោបាយរបស់ខ្លួនតែប៉ុណ្ណោះ មិនមែនជាការលើកឡើងដែលអាចអនុវត្តបាននោះទេ។ ជាងនេះទៀត ការលើកឡើងបែបនេះ មិនមែនគ្រាន់តែមិនអាចដោះស្រាយស្បៀងជូនពលរដ្ឋបានទេ តែបែរជាធ្វើឲ្យស្ថានភាពនយោបាយកាន់តែតានតឹងទៅវិញ។

ទិន្នន័យសង្គមស៊ីវិលបង្ហាញថា ក្នុងចំណោមមនុស្ស ១០០គ្រួសារ រកឃើញថា គ្រួសារដែលរងផលប៉ះពាល់ដោយសារជំងឺCovid-19 មានកម្រិតខ្ពស់ជាទីបំផុត។ ក្នុងនោះ សម្រាប់អ្នកដែលរស់នៅក្នុងក្រុងភ្នំពេញ បានរងផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររហូតដល់ទៅ ៨៩% ឯណោះ។

ពលរដ្ឋជាច្រើនគ្រួសារស្ថិតក្នុងភូមិភ្នាត ទល់មុខវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលត្រូវចាត់ទុកជាតំបន់ក្រហម បាននាំគ្នាចេញពីក្នុងផ្ទះកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ តវ៉ាទាមទារ ដោយលើកបដាសរសេរថា ពួកគេដាច់បាយហើយ។

ក្រុមអ្នកឃ្លាំមើលសង្គម រិះគន់ថា មកទល់នឹងពេលនេះ រដ្ឋាភិបាលកម្ពុជា មិនទាន់អនុម័តថវិកាជាតិដើម្បីដោះស្រាយថ្លៃទឹក ថ្លៃភ្លើង ផ្តល់ស្បៀងអាហារ និង ផ្តល់ថវិកា ជូនពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ដោយសារជំងឺCovid-19 នៅឡើយទេ ខណៈអតីតមេបក្សប្រឆាំង ក៏មិនទាន់បានចូលរួមដោះស្រាយផ្តល់ស្បៀងជូនប្រជាពលរដ្ឋទាំងនោះដូចគ្នាដែរ ប៉ុន្តែការឆ្លើយឆ្លងបង្កជម្លោះនយោបាយចេះតែមានហូរហែមិនចេះចប់ទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស