28 C
Phnom Penh

មេបក្សប្រឆាំងថា ទោះបីលោកមិនមានសិទ្ធិធ្វើនយោបាយតែលោកមិនបិទភ្នែកសំងំសុខតែម្នាក់ឯងនោះទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានបក្សប្រឆាំងដែលកំពុងរងការរឹតត្បិតសេរីភាពលោក កឹម សុខា ត្អូញត្អែរថា ទោះបីលោកមិនមានសិទ្ធិធ្វើនយោបាយតែលោក មិនបិទភ្នែកសំងំសុខតែម្នាក់ឯង មិនគិតតែពីបក្ខពួកស្វែងរកបុណ្យស័ក្តិលាភសក្ការៈ មិនក្បត់ឆន្ទៈរាស្ត្រ មិនបង្កជម្លោះ និងមិនធ្វើអ្វីឲ្យប៉ះពាល់ដល់ប្រទេសជាតិនោះឡើយ។

ប្រធានគណបក្សសង្គ្រោះជាតិ ដែលមានសេរីភាពមិនទាន់ពេញលេញ លោក កឹម សុខា បានសរសេរលើទំព័រFacebook របស់លោកនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះថា សហការី និងសហមេធាវីរបស់លោក បាននាំយកជំនួយមនុស្សធម៌របស់លោក និងសប្បុរសជនខ្មែរ ទាំងក្នុង និងក្រៅប្រទេស យកទៅចែកជូនពលរដ្ឋដែលខ្វះខាត រស់នៅក្នុងតំបន់បិទខ្ទប់ ដោយសារការរីករាលដាលជម្ងឺ Covid-19។

លោកអះអាងថា ជំនួយនេះពិតជាតិចតួចណាស់ ក៏ប៉ុន្តែនេះជាសទ្ធាដែលលោកជឿថា ប្រសិនបើខ្មែរ មានទុក្ខ ត្រូវតែខ្មែរ ជួយខ្មែរ បើខ្មែរមានបញ្ហា ក៏ត្រូវតែមានដំណោះស្រាយរវាងខ្មែរ និងខ្មែរដែរ ទោះបីកន្លងមកតែងមានអន្តរជាតិធ្លាប់បានជួយដល់ពលរដ្ឋខ្មែរយ៉ាងក៏ដោយ។

ជាងនេះទៀត លោកថា ទោះបីនៅពេលនេះ លោកមិនមានសិទ្ធិធ្វើនយោបាយនៅពេលនេះក្តី តែលោកមិនបិទភ្នែកសំងំសុខតែម្នាក់ឯងនោះទេ។

លោកបញ្ជាក់ថា លោកធ្វើអ្វីៗ គឺដើម្បីខ្មែរ ដោយមិនគិតតែបក្ខពួកស្វែងរកបុណ្យស័ក្តិលាភសក្ការៈ មិនក្បត់ឆន្ទៈរាស្ត្រ មិនបង្កជម្លោះ  មិនធ្វើអ្វីឲ្យប៉ះពាល់ដល់ប្រទេសជាតិឡើយ ជាក់ស្តែង លោកបានទំនាក់ទំនងការទូត និងទំនាក់ទំនងជាមួយមេដឹកនាំខ្មែរ កន្លងមក គឺដើម្បីប្រយោជន៍ប្រជាជាតិខ្មែរទាំងស្រុង។

ការអះអាងនេះធ្វើឡើងស្របពេលដែលពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់កំពុងរងនូវវិបត្តិសេដ្ឋកិច្ច ខ្វះស្បៀងអាហារ ហូបចុកក្រោយពី               រដ្ឋាភិបាល បានដាក់ចេញនូវវិធានការរដ្ឋបាលជាបន្តបន្ទាប់កន្លងមក។

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានដឹកនាំសហការីរបស់ខ្លួន នាំយកជំនួយសង្គមមួយចំនួនដូចជា អង្ករ ត្រីខ ឆៃប៉ូវផ្អែម ទឹកស៊ីអ៊ីវ និងសម្ភារៈការពារសុខភាព ដូចជា ម៉ាស់ អាល់កុល និងសាប៊ូ ជាដើម ក្នុងនោះក៏មានថវិកាផងដែរ ដើម្បីចែកជូនពលរដ្ឋនៅតំបន់បិទខ្ទប់ចំនួន១០០ គ្រួសារ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញ ចាប់ខ្លួនដាក់ពន្ធនាគារអស់រយៈពេលជាងច្រើនខែ តាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

យ៉ាងណាក៏ដោយ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការក្រុងភ្នំពេញ បានចេញដីកាកែប្រែលក្ខខណ្ឌនៃការឃុំខ្លួនរបស់លោក ដោយតុលាការបានផ្តល់សេរីភាពដល់លោកច្រើនជាងមុន ប៉ុន្តែសិទ្ធសេរីភាពនេះ ត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការជាប់ជានិច្ច។ ពិសេសតុលាការហាមលោកធ្វើសកម្មភាពនយោបាយ និងចាកចេញពីប្រទេសកម្ពុជា ជាដាច់ខាត។

បែបនេះក្តី ប្រធានគណបក្សប្រឆាំងរូបនេះ តែងចូលរួមចំណែកជួយ សង្គ្រោះទុក្ខលំបាកពលរដ្ឋជាបន្តបន្ទាប់ ដូចជា ការផ្តល់ថវិកាតាមរយៈប្រមុខរដ្ឋាភិបាលកម្ពុជា ដើម្បីជួយឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ក្នុងឆ្នាំ២០២០ និងផ្តល់ថវិកាក្នុងការទិញវ៉ាក់សាំងប្រឆាំងវីរុសCovid-19 ជាដើម។ លើសពីនេះ លោកតែងចុះមូលដ្ឋានដើម្បីសួរសុខទុក្ខពលរដ្ឋតាមបណ្តាខេត្ត និងផ្តល់ជំនួយទៅដល់អ្នកទាំងនោះ ផងដែរ។

យ៉ាងណាក៏ដោយ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ អភិបាលរងក្រុងភ្នំពេញ លោក កើត ឆែ បានលើកឡើងក្នុងសន្និសីទសារព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ថា ក្រុមអ្នកប្រឆាំងរដ្ឋាភិបាលមិនបានជួយលុយសូម្បីតែមួយរៀល រួមទាំងកម្លាំង ក្នុងអំឡុងពេលរដ្ឋាភិបាលខំប្រឹងប្រែងទប់ស្កាត់រលកចម្លងជំងឺCovid-19 ឆ្លងចូលសហគមន៍នានៅពេលនេះ។ ប៉ុន្តែក្រុមប្រឆាំងទាំងនោះបានត្រឹមតែនិយាយរិះគន់ចំណាត់ការរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ។

បញ្ហានេះ ត្រូវអ្នកវិភាគនយោបាយសង្គម រិះគន់ថា ការលើកឡើងរបស់លោក កើត ឆែ គ្រាន់តែបង្ហាញពីមន្ត្រីដែលមិនយល់ដឹងពីកាតព្វកិច្ច និងតួនាទី របស់ខ្លួនក្នុងនាមជាមន្ត្រីបក្សកាន់អំណាចដែលកំពុងដឹកនាំរដ្ឋាភិបាលតែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស