26 C
Phnom Penh

តើតុលាការនឹងចាប់ឧកញ៉ាដាក់គុកទេនៅពេលមានបណ្តឹងពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញផ្នែកច្បាប់ លើកឡើងថា ពេលឧកញ៉ាប្តឹងក្មេងស្រី ត្រឹមបទល្មើសលួចទ្រព្យសម្បត្តិ មានស្ថានទម្ងន់ទោស ត្រូវតុលាការសម្រេចឃុំខ្លួនក្មេងស្រីនោះ  ប៉ុន្តែនៅពេលដែលក្មេងស្រីដដែលនោះ ប្តឹងឧកញ៉ាពីបទប៉ុនប៉ងរំលោភមានស្ថានទម្ងន់ទោសវិញ ចាំមើលថា តើ ឧកញ៉ាត្រូវបានឃុំខ្លួនវិញដែរឬទេ?

សហមេធាវីការពារក្តីប្រធានគណបក្សបក្រឆាំង អ្នកស្រី ម៉េង សុភារី បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ ឧសភា នេះថា នៅពេលបុគ្គលណាម្នាក់ដែលបានប្រព្រឹត្តល្មើសច្បាប់ ទោះក្នុងកម្រិតណាក៏ដោយ គឺត្រូវតែទទួលទោសចំពោះមុខច្បាប់ជាដាច់ខាត មិនថាបុគ្គលនោះមានឋានអ្វី ពូជសាសន៍អ្វី ឬកាន់សាសនាអ្វីនោះទេ។

អ្នកស្រីអះអាងថា ដើម្បីឲ្យការអនុវត្តច្បាប់នៅកម្ពុជាបានល្អ អ្នកអនុវត្តច្បាប់ត្រូវតែចៀសវាង ធម៌អគតិទាំង៤ គឺការលំអៀងព្រោះស្អប់ លំអៀងព្រោះស្រលាញ់ លំអៀងព្រោះការខ្លាចអ្នកមានបុណ្យសក្តិ និងការលំអៀងព្រោះតែមិនដឹងជាដើម។ ប្រសិនបើ អ្នកអនុវត្តច្បាប់មិនអាចចៀសផុតពីការប្រព្រឹត្ត អគតិធម៌ទាំង៤ នេះទេ នោះប្រព័ន្ធយុត្តិធម៌នៅកម្ពុជា មិនអាចផ្តល់យុត្តិធម៌ដល់ជនរងគ្រោះជាដាច់ខាត។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីមានកាប្តឹងផ្តល់ពី ពិធីការិនីទូរទស្សន៍ My TV ទៅលើ ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ និងទារសំណងជំងឺចិត្តយ៉ាងធ្ងន់ធ្ងរ។

ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia ប្រចាំឆ្នាំ២០២១ កញ្ញា មាន ពេជ្ររីតា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានប្តឹងបកទៅ ឧកញ៉ា ហេង សៀ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញវិញ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ដោយទារសំណងជំងឺចិត្ត និងការខូចខាតផ្សេងៗសរុប ១១ម៉ឺនដុល្លារអាមេរិក។

បែបនេះក្តី កញ្ញា មាន ពេជ្ររីតា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១  ត្រូវតុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ ម២ ក្រោយទទួលបានពាក្យបណ្តឹងរបស់ឧកញ៉ា ហេង សៀ ដែលបានចោទថា នាងថាបានយកកាំបិត ចាក់លើរូបលោក ហើយនឹងយកទូរស័ព្ទដៃ ម៉ាក iPhone មួយគ្រឿង គ្រឿងថែមទៀត កាលពីដើមខែឧសភា នេះ។

អ្នកសង្កេតការណ៍ រិះគន់ថា ករណីជនរងគ្រោះដោយសារការចាប់បង្ខំផ្លូវភេទចំពោះសិល្បៈការិនីខ្មែរ ពីសំណាក់អ្នកមានអំណាច និងឧកញ៉ា ខិលខូចនៅកម្ពុជា គឺមិនដែលទទួលបានយុត្តិធម៌នោះទេ។ ក្នុងនោះ រួមមាន នាដការីក្នុងទសវត្សឆ្នាំ៩០ អ្នកស្រី ពិសិដ្ឋ ពិលិកា សិល្បៈការិនីខ្មែរ កញ្ញា ទូច ស៊ុននិច និងតារាចម្រៀងស្រី កញ្ញា ពៅ បញ្ញាពេជ ជាដើម ដែលត្រូវរងការបាញ់ប្រហាររហូតធ្លាក់ខ្លួនពិការដែលមិនអាចទទួលបាននូវយុត្តិធម៌រហូតដល់សព្វថ្ងៃនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ អង្គការសមាគមន៍ជិត ៣០ស្ថាប័ន បានចេញលិខិតចំហទៅកាន់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក សេ ខេង រដ្ឋមន្ត្រីក្រសួង កិច្ចការនារី អ្នកស្រី អឹង កន្ថាផាវី និង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សុំឲ្យមានចំណាត់ការតាមផ្លូវច្បាប់ទៅករណី ឧកញ៉ា ហេង សៀ នេះជាបន្ទាន់។

ព្រោះថា កន្លងមក អ្នកមានអំណាច និងឧកញ៉ា កម្រទទួលបានការដាក់ទោសទណ្ឌធ្ងន់ធ្ងរតាមផ្លូវច្បាប់ណាស់ ហើយ បញ្ហានេះ បានបង្កជាក្តីបារម្ភមួយយ៉ាងធំធេងនៃការកើនឡើងនៃអំពើនិទ្ទណ្ឌភាពនៅកម្ពុជា ផងដែរ។

ប្រភពដដែល បានសំដែងការខកចិត្តជាខ្លាំងដែលស្ថាប័នមានសមត្ថកិច្ចមិនបានអនុវត្តឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពតាមគោលការណ៍ច្បាប់ទៅលើករណីបៀតបៀនផ្លូវភេទលើស្ត្រីរងគ្រោះ នាពេលកន្លងមក។

ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា ករណីពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា នឹងមិនទទួលបានយុត្តិធម៌នោះទេ ព្រោះថា គណបក្សកាន់អំណាច បានរៀបចំសេនារេយោដែលមានលក្ខណៈជាប្រព័ន្ធរួចស្រេចហើយ ដើម្បីឲ្យមហាជនមើលឃើញថា រឿងដ៏អយុត្តិធម៌របស់នាង ជារឿងស្នេហាប្រុសស្រី មិនមែនជារឿងអយុត្តិធម៌សង្គម ទៀតនោះទេ។

ប្រភពដដែល អះអាង ពួកគេអាចនឹងសម្រុះសម្រួលបញ្ហានេះ ដើម្បីបញ្ចប់រឿងតែម្តង ព្រោះនរណាៗក៏ដឹងដែរថា អំណាចរបស់លោក                    គី តិច មេធាវីរបស់លោក ហ៊ុន សែន ក្នុងតុលាការ ចៅក្រមមួយណាក៏ខ្លាចដែរ។ ដូច្នេះតុលាការ នឹងបង្វែររឿងអយុត្តិធម៌សង្គមមួយនេះទៅជារឿងបុគ្គលវិញ ដើម្បីបិទបាំងភាពស្មោកគ្រោក និងអំពើអយុត្តិធម៌ក្នុងសង្គមខ្មែរដ៏សែនជ្រៅនេះ តែម្តង។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញ លី ស្រីស្រស់ បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១២ ឧសភា ឆ្នាំ២០២១ ដោយ អំពាវនាវ ឲ្យភាគីពាក់ព័ន្ធដែលធ្វើការងារលើសិទ្ធិស្ត្រី និងអង្គការសង្គមស៊ីវិល ព្រមទាំងស្ថាប័នមានសមត្ថកិច្ច ត្រូវតែយកចិត្តទុកដាក់លើការតាមដានការអនុវត្តន៍ច្បាប់លើសកម្មភាពខុសច្បាប់ទាំងឡាយណាដែលបានធ្វើលើស្ត្រី ឲ្យបានហ្មត់ចត់ជាទីបំផុត។

ជុំវិញបញ្ហានេះ ឧកញ៉ា ហេង សៀ បានចេញលិខិត សុំទោសមួយច្បាប់ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដែលត្រូវបានបង្ហោះជាសាធារណៈនៅថ្ងៃទី១៣ ឧសភា នេះថា លោកពិតមានទំនងស្នេហាលួចលាក់ជាមួយកញ្ញា មាន ពេជ្ររីតា កន្លងមក ប្រាកដមែន តែត្រូវនាងទារលុយច្រើនលើសលុបដើម្បីផ្តាច់ទំនាក់ទំនងស្នេហានេះ ប៉ុន្តែលោកមិនព្រម ទើបកើតមានរឿងបែបនេះកើតឡើង។

យ៉ាងណាក៏ដោយ នៅថ្ងៃទី១៣ ឧសភា នេះ សាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងកញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីតុលាការបានសាកសួរស្ត្រីរូបនេះអស់រយៈ ២ថ្ងៃកន្លងមក និងមានការសម្របសម្រួលធានាសុំនៅក្រៅឃុំពីសំណាក់មេធាវីរបស់រដ្ឋាភិបាល គឺលោក គី តិច ផងនោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស