31 C
Phnom Penh

ក្រុមអ្នកតស៊ូរមតិថា បក្សកាន់អំណាចឆ្លៀតធ្វើអាជីវកម្មនយោបាយក្នុងពេលផ្តល់ជំនួយសង្គមទៅដល់ពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្តខ្មែរនៅក្រៅស្រុក លើកឡើងថា គណបក្សប្រជាជនកម្ពុជា របស់គ្រួសារត្រកូលហ៊ុន បានឆ្លៀតធ្វើអាជីវកម្មនយោបាយ ឃោសនាឲ្យពលរដ្ឋបោះឆ្នោតឲ្យខ្លួនសម្រាប់អាណត្តិឆ្នាំ ២០២២ និង២០២៣ ព្រមទាំងឆ្លៀតឱកាស ឡង់សេ លោក ហ៊ុន ម៉ាណែត ពីចម្ងាយផងដែរ។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ ខែឧសភា នេះថា គណបក្សកាន់អំណាចឆ្លៀតឱកាសបានបើកយុទ្ធនាការ ធ្វើសកម្មភាពឃោសនារកសន្លឹកឆ្នោតជាចំហផង និងលាក់លៀមផង ដោយភ្ជាប់នឹងពិធីចែកស្បៀងបន្តិចបន្តួច ស្របពេលដែលពលរដ្ឋកំពុងតែត្រូវការស្បៀងយ៉ាងខ្លាំងដើម្បីដោះស្រាយជីវភាពក្នុងពេលនេះ។

លោកអះអាងថា ការធ្វើបែបនេះគឺបង្ហាញយ៉ាងច្បាស់ពីទង្វើឥតអៀនខ្មាសរបស់មន្ត្រីបក្សប្រជាជនកម្ពុជា ជាពិសេសគឺលោក ហ៊ុន សែន តែម្តង ដែលព្យាយាមឆ្លៀតឱកាសកេងចំណេញនយោបាយ ក្នុងពេលដែលប្រជាពលរដ្ឋកំពុងជួបទុក្ខលំបាក និងសូមឲ្យពលរដ្ឋបោះឆ្នោតឲ្យខ្លួន នៅពេលបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣ មកដល់។

លោក គឹម សុខ បញ្ជាក់ថា លើសពីការចែកអំណោយ និងការសុំសន្លឹកឆ្នោត មន្ត្រីបក្សកាន់អំណាច ព្យាយាមនិយាយញុះញង់ទៅកាន់អ្នកទទួលអំណោយឲ្យស្អប់គណបក្សប្រឆាំង ថែមទៀត។ លោកថា ទង្វើបែបនេះ គឺជាចេតនាកេងចំណេញនយោបាយ និងជាការញុះញង់បង្កឲ្យមានការរើសអើងនយោបាយផងដែរ។

លោកបន្តថា ផែនការកេងចំណេញនយោបាយរបស់គណបក្សកាន់អំណាចនៅពេលដែលពលរដ្ឋកំពុងដាច់ស្បៀងនេះ គឺពួកគេកំពុងអនុវត្តតាមរបៀប២យ៉ាង។ ទី១ ពួកគេឲ្យពលរដ្ឋតម្រង់ជួរ រួចហើយចែកអំណោយឲ្យបន្តិចបន្តួច និងថតជាវីដេអូយកទៅផ្សាយជាសាធារណៈ ដើម្បីបង្អួតពីការប្រឹងប្រែងរបស់រដ្ឋាភិបាល។

ទី២ ក្រុមការងាររបស់លោក ហ៊ុន ម៉ាណែត មានដូចជា ក្រុមអង្គរក្ស ជាដើម សហការជាមួយសភាពសហព័ន្ធយុវជនកម្ពុជា របស់ លោក ហ៊ុន ម៉ានី បិទផ្លាកឈ្មោះលោក ហ៊ុន សែន និងភរិយា លើអំណោយបន្តិចបន្តួចនោះ រួចហើយ ចែកជូនឲ្យពលរដ្ឋ និងសុំសន្លឹកឆ្នោតផងដែរ ប៉ុន្តែសកម្មភាពទី២នេះ មិនត្រូវបានគេថតវីដេអូផ្សព្វផ្សាយចេញជាសាធារណៈនោះទេ។

ការអះអាងនេះធ្វើឡើងដើម្បីរិះគន់ទៅលើមន្ត្រីបក្សកាន់អំណាចដែលឆ្លៀតឱកាសក្នុងពេលផ្តល់ជំនួយសង្គមទៅដល់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ធ្វើការឃោសនារកសន្លឹកដែលផ្ទុយទៅនឹងគោលការណ៍ជំនួយសង្គមដែលជាកាតព្វកិច្ចរបស់រដ្ឋាភិបាលទាំងស្រុង។

កាលពីពេលថ្មីៗនេះ ក្រុមការងារចុះចែកអំណោយរបស់លោក ហ៊ុន ម៉ាណែត បានធ្វើប្រតិបត្តិការចែកអំណោយដល់ប្រជាពលរដ្ឋនៅក្នុងបរិវេណសាលាបាក់ទូក ដែលជាតំបន់បិទខ្ទប់ បានឆ្លៀតឃោសនាសុំឲ្យប្រជាពលរដ្ឋ កុំភ្លេចគុណគណបក្សប្រជាជនកម្ពុជា ដែលបានចែកអំណោយក្នុងពេលនេះ និងសុំឲ្យបោះឆ្នោតគាំទ្រគណបក្សខ្លួន ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រ ២០២៣ ថែមទៀត។

ជុំវិញបញ្ហានេះ រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពី ការដាក់ឲ្យអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ដល់គ្រួសារដែលមានកម្រិតជីវភាពទាប និងគ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺCovid-19 ព្រមទាំងគ្រួសារដែលមានអ្នកជំងឺឆ្លងវីរុសCovid-19 ដែលមានជីវភាពលំបាកខ្លាំងផងដែរ។

ក្រុមអ្នកឃ្លាំមើលសង្គម រិះគន់ថា ការផ្តល់ជំនួយសង្គមរបស់រដ្ឋាភិបាលកម្ពុជា ដែលបានប្រមូលពលរដ្ឋមកជួបជុំគ្នាមួយកន្លែងដើម្បីផ្តល់ជំនួយសង្គម និងថតវីដេអូ ក្នុងពេលនៃការឆ្លងវីរុសកូវីរុស Covid-19 បែបនេះ គឺជាចេតនាដើម្បីកេងចំណេញនយោបាយសុទ្ធសាធ ព្រោះថា បើពិតជាភ័យព្រួយពីការខ្វះខាត និងបារម្ភពីសុវត្ថិភាពរបស់ពលរដ្ឋពិតប្រាកដមែន មិនគួរមានការប្រមូលផ្តុំក្នុងស្ថានភាពបែបនេះទេ។

ទាក់ទងនឹងករណីជំងឺ Covid-19 ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នេះ បានអះអាងថា ក្រសួងបានរកឃើញអ្នកវិជ្ជាមានវីរុសCovid-19 ថ្មីចំនួន ៤៤៦នាក់ ខណៈអ្នកជាសះស្បើយថ្មីមានចំនួន ៩៨០នាក់ និងអ្នកស្លាប់ថ្មីមានចំនួន ៦នាក់។

ក្រសួងបញ្ជាក់ថា អ្នកឆ្លងវីរុសCovid-19 សរុបបានកើនឡើងដល់ជាង ២ម៉ឺន ១ពាន់នាក់ហើយ រីឯអ្នកជាសះស្បើយសរុបមានចំនួនជាង ៩ពាន់នាក់ និងអ្នកស្លាប់បានកើនឡើងដល់ ១៤២ នាក់ផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស