29.3 C
Phnom Penh

ក្រុមអ្នកឃ្លាំមើលព្រៃឈើកម្ពុជា ហៅរដ្ឋមន្ត្រីក្រសួងកសិកម្មថា ជាមន្ត្រីចោលម្សៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជនព្រៃឈើ បានហៅរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថាជារដ្ឋមន្ត្រីចោលម្សៀត ព្រោះតែការមិនដឹងពីការបាត់បង់សម្បត្តិធម្មជាតិរបស់ខ្លួន។ ការរិះគន់នេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឆ្លើយថា លោកមិនដឹងពីការនាំចេញឈើរបស់កម្ពុជា ទៅបរទេសនោះទេ។

សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ បានសរសេរលើគណនីFacebook របស់លោក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នេះថា អាជ្ញាធរខ្មែរក្រៅ ពីពូកែខាងតែឆ្លើយថា មិនដឹង ឆ្លើយដាក់គ្នា ពូកែខាងប្រកែក និងច្រានចោល គឺគ្មានជំនាញផ្សេងនោះទេ សូម្បីឈើដែលឈ្មួញដឹកចេញពីកម្ពុជា ទាំងទូកុងតឺន័រក៏នៅតែឆ្លើយថា មិនដឹងដែរ។

កាលដើមខែឧសភា ឆ្នាំ២០២១ នេះ មន្ត្រីគយ ហុងកុងបាន បានរឹបអូស ឈើប្រណិតចំនួន ៧កុងតឺន័រដែលមានតម្លៃជាង ១លានដុល្លារហុងកុង ដែលបាននាំចេញពីប្រទេសកម្ពុជា និងរកឃើញនៅកំពង់ផែចំនួន ២ ក្នុងទីក្រុងហុងកុង គឺឃ្លាំងត្រួតពិនិត្យទំនិញ Kwai Chung និងបរិវេណត្រួតពិនិត្យទំនិញ Tsing Yi ។

មន្ត្រីហុងកុង បានត្រួតពិនិត្យ កុងតឺន័រទាំងនោះហើយបានធ្វើការវាយតម្លៃថា ប្រភេទឈើដែលបានរកឃើញនេះសុទ្ធសឹងជាឈើប្រណិតជិតផុតពូជដែលចំនួន ២១១តោន។ បញ្ហានេះ មន្ត្រីគយទាំងនោះ បានបញ្ជូនករណីដឹកជញ្ជូនឈើខុសច្បាប់ទាំងនេះ ទៅមន្ទីរកសិកម្មជលផល និងអភិរក្សហុងកុង ដែលកំពុងស៊ើបអង្កេតករណីនេះ ប៉ុន្តែពួកគេអះអាងថា មិនអាចបង្ហាញព័ត៌មានលម្អិតនោះទេនៅពេលនេះ ចៀសវាងការប៉ះពាល់ការស៊ើបអង្កេតឲ្យបានលម្អិតបន្ថែមទៀត។

កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឆ្លើយតបទៅអ្នកសារព័ត៌មានដែលលើកឡើងពាក់ព័ន្ធនឹងបញ្ហាការនាំចេញឈើខុសច្បាប់នេះ ថា លោកពិតជាមិនបានដឹងអំពីករណីនេះទេ។

អង្គការឃ្លាំមើលព្រៃឈើពិភពលោក បានចេញរបាយការណ៍របស់ខ្លួនកាលពីថ្ងៃទី៣១ មីនា ឆ្នាំ២០២១ ស្ដីពីឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជាក្រោមចំណងជើង «បណ្ដាញនៃការល្មើសច្បាប់ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់» បង្ហាញថា ទោះបីកម្ពុជា មានច្បាប់ការពារព្រៃឈើក៏ដោយក៏កម្ពុជា ទទួលរងនូវការកាប់បំផ្លាញព្រៃឈើខ្ពស់បំផុត ចាប់តាំង ពីទសវត្សរ៍ ឆ្នាំ១៩៧០ មក។

ប្រភពដដែល អះអាងថា កម្ពុជា បានបាត់បង់គម្របព្រៃឈើជាង ៥០ម៉ឺនហិកតារ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរការ ក្នុងរយៈពេលជិត ២ទសវត្សចុងក្រោយនេះ។ ក្នុងនោះ ក្រុមហ៊ុន ដែលបានប្រតិបត្តិការ កាប់ឈើធ្វើពាណិជ្ជកម្មនៅក្នុងដែនជម្រក សត្វព្រៃ ព្រៃឡង់ គឺក្រុមហ៊ុន Think Biotech ដែលបានរួមគ្នា ជាមួយក្រុមហ៊ុន Angkor Plywood។

ជាងនេះទៀត ក្រុមហ៊ុន Sam Oeun Sovann ក៏បាន វិនិយោគលើការកាប់ឈើក្នុងដែនជម្រក សត្វព្រៃ ព្រៃឡង់ និងព្រៃព្រះរកា នេះដែរ ហើយក៏មានក្រុមហ៊ុន PNT ក្រុមហ៊ុន Thy Nga Development ដែលទទួលបានសិទ្ធិវិនិយោគ និងសម្បទានដីសេដ្ឋកិច្ចនៅជិតតំបន់ការពារព្រៃឡង់នេះ។

សកម្មជនព្រៃឈើ អះអាងថា តំបន់អភិរក្សធម្មជាតិមួយចំនួនត្រូវបានក្រុមហ៊ុនធំៗជាច្រើនកាប់បំផ្លាញស្ទើរគ្មានសល់ទៅហើយ ដែលធ្វើឱ្យ ប៉ះពាល់ដល់ការអភិរក្ស ជីវៈចម្រុះ សេដ្ឋកិច្ច និងការរស់នៅជនជាតិដើមភាគតិចដែលពឹងផ្អែកលើព្រៃឈើទាំងនេះយ៉ាងធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស