អ្នកវិភាគថា ព្រះកិត្តិនាមព្រះមហាក្សត្រនឹងកាន់តែខ្ពង់ខ្ពស់ បើអ្នកមានអំណាចថ្វាយព្រះរាជតួនាទីដល់ព្រះអង្គឲ្យបានពេញលេញ

0
0

ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា បើអ្នកមានអំណាច និងស្ថាប័ន ពាក់ព័ន្ធ នាំគ្នាគោរពព្រះមហាក្សត្រដូចខ្លឹមសាររដ្ឋធម្មនុញ្ញដែលបានចែង នោះព្រះមហាក្សត្រនឹងកាន់តែទទួលបាន ព្រះកិត្តិនាម និងជាទីសក្ការបូជាដ៏ខ្ពង់ខ្ពស់ ជាងនេះបន្ថែមទៀត។

អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីFacebook របស់លោកនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នេះថា អ្នកមានអំណាចនិងស្ថាប័នរដ្ឋពាក់ព័ន្ធ ដូចជា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាដើម គួរតែថ្វាយការសហការ និងមធ្យោបាយនានា ដើម្បីឲ្យព្រះមហាក្សត្រខ្មែរ សកម្មក្នុងការបំពេញព្រះរាជតួនាទី ជាអ្នកធានាឯករាជ្យនៃអំណាចតុលាការ និងការគោរពសិទ្ធិសេរីភាពរបស់ ពលរដ្ឋ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។

លោក អះអាងថា ដើម្បីធានាឯករាជភាពនៃប្រពន្ធយុត្តិធម៌ពិតប្រាកដ រដ្ឋាភិបាលត្រូវតែ គាំទ្រ និងថ្វាយព្រះរាជតួនាទីដ៏សមស្របមួយដល់ព្រះមហាក្សត្រ គឺការធ្វើច្បាប់ ហាមចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីនគរបាលយុត្តិធម៌ ជាដើម ឲ្យចូលជាសមាជិកគណបក្សនយោបាយ និងហាមធ្វើសកម្មភាពនយោបាយ ព្រមទាំងហាមឃាត់ និងដាក់ទណ្ឌកម្មដល់ការប្រើប្រាស់ ឥទ្ធិពលនយោបាយទៅលើប្រព័ន្ធតុលាការ ផងដែរ។

លោកបញ្ជាក់ថា ដើម្បីឲ្យពលរដ្ឋទាំងអស់គ្នាមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ គឺត្រូវនាំគ្នាបញ្ឈប់ការស្នើសុំអ្នកនយោបាយ ឲ្យធ្វើអន្តរាគមន៍ក្នុងរឿងតុលាការ ព្រោះថា ការធ្វើបែបនេះ គឺជាការជួយពង្រឹងការត្រួតត្រារបស់អ្នកនយោបាយ ទៅលើតុលាការ ដែលប៉ះពាល់ដល់  ឯករាជ្យភាពរបស់តុលាការ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ យ៉ាងធ្ងន់ធ្ងរ។

ការអះអាងនេះធ្វើឡើងស្របពេល ដែលព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៦៨ព្រះវស្សា យាងចូល ៦៩ព្រះវស្សា របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃសុក្រ ទី ១៤ ខែឧសភា នេះ។

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ គឺជាថ្ងៃបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៦៨ព្រះវស្សា យាងចូល ៦៩ ព្រះវស្សា ដែលព្រះអង្គត្រូវបំពេញព្រះរាជតួនាទី ធានាឯករាជ និងបូរណភាពទឹកដី សម្រាប់ប្រទេសកម្ពុជាទាំងមូល។

មេដឹកនាំយោបាយធំៗនៅកម្ពុជា រួមមាន លោក ហ៊ុន សែន និង ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានចេញចេញសារលិខិតថ្វាយព្រះពរដល់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គផងដែរ ប៉ុន្តែសារទាំងនេះ មិនបានបង្កប់ន័យនយោបាយណាមួយនោះទេ។

ក្រុមអ្នកសង្កេតការណ៍ រិះគន់ថា លោក ហ៊ុន សែន មានគម្រោងឡើងអង្គុយលើរាជបល្ល័ង្ករបស់ព្រះមហាក្សត្រ ដោយប្រសិទ្ធនាមខ្លួនឯងជាឧបយុវរាជ ដើម្បីត្រួតត្រាទឹកដីកម្ពុជា ដោយផ្ទាល់តែម្តង។ ពួកគេអះអាងថា លោក ហ៊ុន សែន កំពុងលេងល្បែងឈានទៅរកការក្តោបក្តាប់សិទ្ធិអំណាចទាំងស្រុង គឺការរំលោភតួនាទីព្រះមហាក្សត្រ ដើម្បីរៀបយន្តការបញ្ជាអំណាចរបស់ខ្លួន តាមមធ្យោបាយដាក់កៅអីអង្គុយក្បែររាជបល្ល័ង្គ ដើម្បីបញ្ជាព្រះមហាក្សត្រតែម្តង។

កាលពីឆ្នាំ២០០៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានគម្រាម ឲ្យព្រះមហាក្សត្រចុះហត្ថលេខាយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដើម្បីឲ្យរដ្ឋាភិបាលរបស់លោកអាចអនុវត្តក្នុងកិច្ចព្រមព្រៀងនានាជាមួយប្រទេសវៀតណាម បើព្រះអង្គមិនយល់ព្រមទេ លោកនឹងរំលាយរបបរាជានិយមទៅជារបបសាធារណរដ្ឋវិញម្តង។

យ៉ាងណាក៏ដោយ ជុំវិញការប្រមាថព្រះមហាក្សត្រនេះ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក៏ធ្លាប់បានប្រមាថអង្គព្រះមហាក្សត្រខ្មែរយ៉ាងចាស់ដៃផងដែរ។

កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា ព្រះមហាក្សត្រសព្វថ្ងៃនេះ គ្រាន់តែជាស្តេចទីងមោង សម្រាប់តែលោក ហ៊ុន សែន ប្រើប្រាស់ប៉ុណ្ណោះ។ ព្រះអង្គមិនខ្វល់ពីអ្វីទាំងអស់ គឺគិតតែពីសេចក្តីសុខផ្ទាល់ខ្លួន និងការពារ រាជបល្ល័ង្ក ដូចសត្វក្នុងទ្រុង ដែលចាំតែចាយលុយជាតិដែលលោក ហ៊ុន សែន ផ្តល់ឲ្យ រកប្រយោជន៍សម្រាប់ប្រជារាស្ត្រមិនឃើញទាល់តែសោះ។

បែបនេះក្តី ក្រុមអ្នកឃ្លាំមើលសង្គម ប្រិតកម្មថា ក្នុងនាមជាមេដឹកនាំរបស់កម្ពុជាមិនគួរនាំគ្នាប្រមាថព្រះមហាក្សត្ររបស់ខ្លួននោះទេ ព្រោះថា ព្រះអង្គជាមនិមិត្តរូប តំណាងឲ្យជាតិខ្មែរទាំងមូល។

ប៉ុន្តែត្រូវនាំគ្នារកមធ្យោបាយជួយផ្តល់រាជកិច្ចថ្វាយព្រះអង្គ ដើម្បីឲ្យទ្រង់អាចបំពេញរាជកិច្ចសម្រាប់ជាតិបានពេញលេងញដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ នោះទើបជាកិច្ចការត្រឹមត្រូវដែលមេដឹកនាំនយោបាយនៅកម្ពុជាត្រូវនាំគ្នាធ្វើ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.