សាធារណជន និងក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម បង្ហាញការភ្ញាក់ផ្អើល និងសង្ស័យលើប្រពន្ធតុលាការនៅកម្ពុជា ដែលជាអ្នក អនុវត្តច្បាប់មួយចំនួន នៅក្នុងស្ថាប័ននេះ បានបំពេញតួនាទីរបស់ខ្លួនប្រាសចាកពីវិជ្ជាជីវៈ បង្កើតឲ្យមានបក្ខពួកនិយម អំពើពុករលួយ ឬជម្រះក្តីអនុវត្ត ទៅតាមតែអំណាច និងទឹកលុយពុករលួយ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នតុលាការកម្ពុជា ធ្ងន់ធ្ងរ។
ការរិះគន់នេះធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍ បានសម្រេចដោះលែង មេឈ្មួញគ្រឿងញៀនដ៏ធំមួយនៅកម្ពុជា ឈ្មោះ គិត ធាង ថៅកែក្លិបកម្សាន្តរ៉ក ដែលជាប់ចោទក្នុងសំណុំរឿងឧក្រិដ្ឋកម្មគ្រឿងញៀនជិត ៥០គីឡូក្រាម កាលពីឆ្នាំ២០១៩ ឲ្យមានសេរីភាពស្ងាត់ៗ កាលពីដើមសប្តាហ៍កន្លងមកនេះ។
អតីតឧកញ៉ា គិត ធាង ដែលត្រូវជាបងប្រុសបង្កើត អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកបណ្ដាញទូរទស្សន៍ CTN, CNC និង My TV ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ០៤ឆ្នាំ ចោទពីបទ ចាត់ចែងសម្របសម្រួលឲ្យប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងសមគំនិតពាក់ព័ន្ធករណីគ្រឿងញៀនជិត ៥០គីឡូក្រាម (៤៩,៤៤) នៅក្នុងក្លិបកម្សាន្តរ៉ក ដែលជាកម្មសិទ្ធិរបស់ខ្លួន។
ការដោះលែងឈ្មួញគ្រឿងញៀន លោក គិត ធាង នេះ បានធ្វើឡើងស្ងាត់ៗ បន្ទាប់ពីជនឧក្រិដ្ឋគ្រឿងញៀនរូបនេះ ទើបបានអនុវត្តទោសក្នុងគុក បានប្រមាណជា ០២ឆ្នាំតែប៉ុណ្ណោះ ក៏ត្រូវសាលាឧទ្ធរណ៍សម្រេចដោះលែងឲ្យមានសេរីភាពវិញ ដែលផ្ទុយគ្នាស្រឡះ ពីអ្នកទោសមនសិការ សកម្មជនការពារព្រំដែន និងសកម្មជនការពារព្រៃឈើ ឬបរិស្ថានជាដើម គឺបែរជាតុលាការសម្រេចក្តីដាក់ពន្ធនាគារ ដោយមិនអនុញ្ញាតឲ្យមេធាវី ការពារក្តី ធានាឲ្យនៅក្រៅមន្ទីរឃុំឃាំងបាននោះ។
មហាជនរិះគន់ថា សម្រាប់មេឈ្មួញគ្រឿងញៀន ឬឧក្រិដ្ឋជនព្រៃឈើក្នុងរយៈពេលបន្តបន្ទាប់មកនេះ តែងឃើញតុលាការគ្រប់ជាន់ថ្នាក់ បានជួយសម្របសម្រួល ឲ្យជនល្មើសទាំងនោះ អាចរស់នៅក្រៅមន្ទីរឃុំឃាំង ឬអាចចេញមកព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យ បានយ៉ាងរលូន។
មានដូចជាករណី ឧក្រិដ្ឋជនគ្រឿងញៀនឈ្មោះ គិត ធាង ជាឧទាហរណ៍ស្រាប់ គឺជនឧក្រិដ្ឋរូបនេះ ត្រូវបានប្រធានពន្ធនាគារព្រៃស អនុញ្ញាតឲ្យចេញពីពន្ធនាគារ មកសម្រាកព្យាបាលជំងឺ រាប់ឆ្នាំមកហើយ ក្រោយបានចូលគុក ត្រឹមតែក្នុងមួយរយៈពេលខ្លីប៉ុណ្ណោះ។
ជាងនេះទៀត ប្រភពបានបញ្ជាក់ថា ឧក្រិដ្ឋជនគ្រឿងញៀន គិត ធាង នៅក្នុងអំឡុងពេល ប្រធានពន្ធធនាគារព្រៃស បានអនុញ្ញាត ឲ្យមកព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្សី គឺគេតែងឃើញឈ្មួញគ្រឿងញៀនរូបនេះ បានបង្ហាញខ្លួនជាបន្តបន្ទាប់ នៅក្នុងកម្មវិធីផឹកស៊ី ស្រីញីអូនបង ដែលជាកម្មវិធី ជួបជុំសប្បាយកប់ថ្លើមទាំងនោះ ត្រូវបានរៀបចំឡើងដោយពពួកឧកញ៉ាៗ មានទ្រព្យ និងមានឥទ្ធិពល ហើយដែលជាប់ឈ្មោះជាប់ពាក់ព័ន្ធ ការនាំគ្រឿងញៀនចេញទៅក្រៅប្រទេស រួមមានប្រទេសអូស្ត្រាលីជាដើម។
ប្រភពដដែលបញ្ជាក់ថា ការសម្រេចដោះលែងឧក្រិដ្ឋជនគ្រឿងញៀនឈ្មោះ គិត ធាង របស់សារសាលាឧទ្ធរណ៍ស្ងាត់ៗខាងលើនេះ គឺសាលាឧទ្ធរណ៍ បានកាត់ទោសតម្រឹម ដោយតម្រូវឲ្យ លោក គិត ធាង អនុវត្តទោសនៅក្នុងពន្ធនារគារត្រឹមរយៈពេល ០២ឆ្នាំ តែប៉ុណ្ណោះ ហើយទោសនៅសល់ទាំងប៉ុន្មានត្រូវព្យួរទោសទាំងអស់។
ដោយឡែក ចំពោះជនជាប់ចោទប្រមាណជិត ៣០នាក់ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងគ្រឿងញៀន ជាមួយមេឈ្មួញគ្រឿងញៀន ឈ្មោះ គិត ធាង ដូចគ្នាដែរនោះ គឺមិនត្រូវបានសាលាឧទ្ធរណ៍ ដោះលែងឲ្យនៅក្រៅឃុំដូចគ្នា ជនឧក្រិដ្ឋគ្រឿងញៀនដ៏ល្បីឈ្មោះ គិត ធាង នោះទេ។
សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចមានប្រភពទាក់ទង លោក ជូ ប៊ុនរីន អ្នកនាំពាក្យសាលាឧទ្ធរណ៍ ដើម្បីបំភ្លឺលើករណីដោះលែងមេឧក្រិដ្ឋកម្មគ្រឿងញៀនឈ្មោះ គិត ធាង ថៅកែមជ្ឈមណ្ឌលរ៉ក ខាងលើនេះ បានទេនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ។ ខណៈ មេធាវីការពារក្ដី លោក គិត ធាង ក៏មិនទាន់អាចស្នើសុំការអត្ថាធិប្បាយបាននៅឡើយដែរ៕