40.3 C
Phnom Penh

គណបក្សក្រៅរដ្ឋាភិបាលថា ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ កម្ពុជា ត្រូវតែបើកទ្វារទទួលទេសចរណ៍អន្តរជាតិជាបន្ទាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលហៅកាត់ថា GDP លើកឡើងថា ដើម្បីឲ្យកម្ពុជា អាចស្ដារសេដ្ឋកិច្ចឡើងវិញស្របតាមបរិបទការរីករាលដាលនៃជំងឺCovid-19 រដ្ឋាភិបាលគួរមានផែនការបើកទ្វារទទួលទេសចរណ៍អន្តរជាតិ ដែលចាក់វ៉ាក់សាំងរួចរាល់ឲ្យចូលមកកម្ពុជា បានកាន់តែឆាប់ កាន់តែល្អ។

ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ ខែឧសភា នេះថា រដ្ឋាភិបាលកម្ពុជា គួរតែពិចារណាស្រោចវ៉ាក់សាំងចូលទៅក្នុងវិស័យទេសចរណ៍ ជាពិសេសក្នុងខេត្តសៀមរាប ឲ្យបានរួចរាល់ក្នុងខែមិថុនា ដើម្បីបើកទទួលទេសចរណ៍អន្តរជាតិ នៅដើមខែកក្កដា ឆ្នាំ២០២១នេះឡើងវិញ។ លោកអះអាងថា ប្រសិនបើរដ្ឋាភិបាល អាចប្រើវ៉ាក់សាំងប្រមាណជា ៦០ម៉ឺនដូស ដល់ពលរដ្ឋក្នុងក្រុងសៀមរាប និងអ្នកពាក់ព័ន្ធប្រមាណជា ៣០ម៉ឺននាក់នោះកម្ពុជា មិនត្រឹមតែអាចទប់ស្កាត់ការឆ្លងវីរុសCovid-19 បានប៉ុណ្ណោះទេ តែថែមទាំងអាចស្ដារសេដ្ឋកិច្ចបានឡើងវិញយ៉ាងឆាប់រហ័សផងដែរ។

បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា កម្ពុជា មិនអាចបន្តអូសបន្លាយពេលវេលា នៃការចាក់វ៉ាក់សាំងដើម្បីស្ដារសេដ្ឋកិច្ចបន្តទៀតនោះទេ ព្រោះ ពលរដ្ឋដែលរងវិបត្តិសេដ្ឋកិច្ចដោយសារការឆ្លងវីរុសCovid-19 កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចគ្រួសារយ៉ាងធ្ងន់ធ្ងរ ដូចជា គ្មានលុយសងបំណុលធនាគារជាដើម។

លើសពីនេះ ពលរដ្ឋក៏កំពុងទន្ទឹងរង់ការប្រកាសដំណើរការឡើងវិញពីរដ្ឋាភិបាល ដើម្បីឲ្យពួកគេអាចដំណើរអាជីវកម្មរបស់ខ្លួន ក្នុងការទប់ទល់ទៅនឹងវិបត្តិសេដ្ឋកិច្ច ដែលពួកគេកំពុងប្រឈមសព្វថ្ងៃនេះផងដែរ។

ការអះអាងនេះធ្វើឡើងស្របពេលដែល វិបត្តិនៃការឆ្លងវីរុសCovid-19 បានថយចុះជាលំដាប់ ហើយយុទ្ធនាការចាក់វ៉ាក់សាំងកំពុងប្រតិបត្តិការយ៉ាងឆាប់រហ័ស ខណៈ សេដ្ឋកិច្ចរបស់ពលរដ្ឋកម្ពុជា នៅតែជួបវិបត្តិនៅឡើយ។

ជុំវិញបញ្ហាការរីករាលដាលនៃជំងឺ Covid-19 នេះ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ បានអះអាងថា ក្រសួងបានរកឃើញអ្នកវិជ្ជមានវីរុសCovid-19 ថ្មីចំនួន ៣៦០នាក់ ខណៈអ្នកជាសះស្បើយថ្មីមានចំនួន ៨៨៦នាក់ និងអ្នកស្លាប់ថ្មីមានចំនួន ៤នាក់។

ក្រសួងបញ្ជាក់ថា អ្នកឆ្លងវីរុសCovid-19 សរុបបានកើនឡើងដល់ជាង ២ម៉ឺន ២ពាន់នាក់ ហើយឯអ្នកជាសះស្បើយសរុបមានចំនួន ជាង ១ម៉ឺន ៣ពាន់នាក់ និងអ្នកស្លាប់បានកើនឡើងដល់ ១៥៤នាក់ផងដែរ។

ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ក្រសួង      សុខាភិបាលកម្ពុជា ក៏បានបង្ហារបាយការណ៍របស់ខ្លួនអំពីចំនួនអ្នកចាក់វ៉ាក់សាំងថា ចំនួនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី១នៅទូទាំងប្រទេសមានចំនួនជាង ២លាន ៨ម៉ឺននាក់ និងអ្នកដែលបានចាក់ដូសទី២ មានចំនួនជាង ១លាន ១សែននាក់ ខណៈអ្នកដែលក្រុមគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់មានចំនួនជិត ៧ម៉ឺននាក់ ផងដែរ។

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ក្រសួងទេសចរណ៍ អះអាងថា ដើម្បីទទួលបានជោគជ័យលើការជំរុញវិស័យទេសចរឲ្យងើបឡើងវិញនៅត្រីមាសទី៤ ក្នុងឆ្នាំ២០២១នេះ កម្ពុជា ត្រូវតែក៏សាងឲ្យបាននូវទំនុកទុកចិត្តដល់អ្នកទេសចរទាំងអស់។

ក្នុងនោះ កម្ពុជា ត្រូវផ្តល់នូវគុណភាពនៃសេវាកម្មផលិតផលទេសចរណ៍ និងតម្លៃឲ្យបានសមរម្យ ដោយឡែក ក្រសួងពាក់ព័ន្ធ ត្រូវជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរទាំងនោះនៅតាមច្រកទ្វារអន្តរជាតិឲ្យបានល្អប្រសើរផងដែរ។

ជុំវិញបញ្ហានេះ កាលពីចុងឆ្នាំ២០២០ នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា អ្នកស្រី Sunniya Durrani-Jamal បានអះអាងថា ជំងឺCovid-19 បានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងលើវិស័យទេសចរណ៍នៅកម្ពុជា ដែលបណ្តាលឲ្យវិស័យមួយនេះបានធ្លាក់ចុះដល់ទៅជាង ៩៨% ដែលបានបង្ខំឱ្យអាជីវកម្មជាង ៣ពាន់កន្លែងត្រូវបិទទ្វារ ហើយកម្មករដែលបម្រើក្នុងវិស័យនេះជាង ៤ម៉ឺននាក់ បានបាត់បង់ការងារទាំងស្រុង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស