35 C
Phnom Penh

លោក ហ៊ុន សែន បង្កើតក្រុមការងារ ដើម្បីរៀបចំច្បាប់សម្រាប់គ្រប់គ្រងឧកញ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា រៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។

សេចក្តីសម្រេចចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ លោក ហ៊ុន សែន បានឱ្យដឹងថា ក្រុមការងារអន្តរក្រសួងដែលរដ្ឋាភិបាលបង្កើតឡើងដើម្បីសិក្សា រៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ាការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា គឺមានសមាសភាព១២ នាក់។

សេចក្ដីសម្រេចដដែលថា សមាសភាពទាំង ១២ នាក់ នោះ  គឺមានរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន ជាប្រធាន និងតំណាងទីស្ដីការគណៈរដ្ឋមន្ត្រីជាអនុប្រធាន និងចំនួន ១១ នាក់ផ្សេងទៀតជាសមាជិក។

ប្រភពដដែលបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងនេះ មានភារកិច្ចសិក្សាស្រាវជ្រាវ ផ្តួចផ្តើមក្នុងការបង្កើតលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា និងត្រូវសិក្សាស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជាធាតុចូលសម្រាប់រៀបចំការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។

ក្រៅពីការបង្កើតលិខិតបទដ្ឋានគតិយុត្តហើយក្រុមការងារសិក្សាអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ឧកញ៉ាក្នុងការចូលរួមកិច្ចការសង្គម និងធ្វើការពិគ្រោះយោបល់ជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មានបម្រើឱ្យការរៀបចំ។

មួយវិញទៀតក្រុមការងារនេះ ក៏ត្រូវរៀបចំបែបបទ និងនីតិវិធីនៃការគ្រប់គ្រងឧកញ៉ា ការស្នើសុំផ្តល់គោរមងារឧកញ៉ា អ្នកឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា និងត្រូវធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការងារទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង  ដើម្បីពិនិត្យសម្រេចនិងផ្តល់យោបល់ដឹកនាំ មុននឹងរៀបចំឯកសារពាក់ព័ន្ធដាក់ទៅរាជរដ្ឋាភិបាលដើម្បីពិនិត្យសម្រេច។

ការសម្រេចបង្កើតក្រុមការងារនេះ  ធ្វើឡើងបន្ទាប់ពីមានឧកញ៉ាមួយចំនួន ពាក់ព័ន្ធនឹងករណីហិង្សានិងការបៀតបៀនផ្លូវភេទទៅលើស្ត្រី ក្នុងនោះ មានអតីតឧកញ៉ា ដួង ឆាយ បានរងការចោទថាបានប្រើហិង្សាលើប្រពន្ធខ្លួន និងករណី ឧកញ៉ា លាង ឃុន ជាអគ្គនាយកក្រុមហ៊ុន ជីព ម៉ុង ត្រូវបានស្រ្តីឈ្មោះ ឃុន ស្រីស្រស់ ចោទថា បង្ខំរូបគេរហូតអស់ផ្លូវដើរ ក្រោយរស់នៅជាមួយគ្នាមួយរយៈ ហើយស្ត្រីរូបនោះក៏បានសម្រេចចិត្តសម្លាប់ខ្លួនដោយលោតពីលើអាគារ ជាដើម។

ក្រៅពីអតីតឧកញ៉ា លោក ដួង ឆាយ និងឧកញ៉ា លាង ឃុន ហើយនៅខែឧសភា នេះ ក៏មាន  ឧកញ៉ា ហេង សៀ ម្នាក់ទៀត ដែលកំពុងរងបណ្ដឹងនៅតុលាការ  ដែលតារាបង្ហាញម៉ូត និងជាពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា បានប្ដឹង ករណី ឧកញ៉ា ហេង សៀ ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស» ដែលបានប្រព្រឹត្តនៅក្នុងរថយន្ត កាលពីអំឡុងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។

បើតាមព្រះរាជក្រឹត្យ ងារឧកញ៉ា លោកឧកញ៉ា អ្នកឧកញ៉ា ជាងារកិត្តិយស ដែលព្រះករុណាម្ចាស់ផែនដី ស្ដេចទ្រង់សព្វព្រះទ័យ ប្រទានដល់ កូនចៅប្រជារាស្ត្រដែលជាអ្នកមានអាជីវកម្មសុច្ចរិត មានទ្រព្យសម្បត្តិស្ដុកស្ដម្ភច្រើនលើសអស់បណ្ដាជនដទៃ ហើយដែលបានរួមការបរិច្ចាគទ្រព្យធន វិភាគទានចូលរួមចំណែកច្រើនជួយកសាងជាតិ ជួយប្រជារាស្ត្រ ជួយផ្នែកមនុស្សធម៌សង្គម ក្នុងព្រះនគរ ហើយទទួលបានការគោរព ស្រលាញ់ពីបណ្ដាជន ប្រជារាស្ត្រទូទៅ។

អនុក្រឹត្យមួយចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ បានឱ្យដឹងថា ដើម្បីទទួលបានគោរមងារជា «ឧកញ៉ា» សប្បុរសជនត្រូវ ធ្វើអំណោយជូនរដ្ឋ ដែលមានតម្លៃលើសពី៥០ម៉ឺនដុល្លារឡើងទៅ ខណៈមុនថ្ងៃទី២០ខែមីនា ឆ្នាំ២០១៤ តម្លៃបរិច្ចាករបស់ងារឧកញ៉ាមានតែត្រឹម១០ម៉ឺនដុល្លារប៉ុណ្នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស