36 C
Phnom Penh

អ្នកវិភាគថា គោរមងាររ ឧកញ៉ា អស់តម្លៃហើយ ព្រោះគោរមងារនេះបានក្លាយជាទំនិញសម្រាប់អ្នកមានលុយតែប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកឃ្លាំមើលសង្គម រិះគន់ថា គោរមងារជា ឧកញ៉ា លែងមានតម្លៃតទៅទៀតហើយ គឺដោយសារតែយន្តការផ្តល់គោរមងារនេះ បានប្រែក្លាយគ្រឿងឥស្សរិយយសពិសេសមួយនេះ ទៅជាទំនិញមួយប្រភេទដែលនរណាៗក៏អាចទិញបាន ឲ្យតែមានលុយតាមការកំណត់របស់រដ្ឋាភិបាល។

អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោក កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នេះថា រឿងអាស្រូវរបស់ឧកញ៉ានៅកម្ពុជា ដែលបានបែកធ្លាយជាសាធារណ: ក្នុងពេលថ្មីៗនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់តម្លៃ និងខ្លឹមសារនៃឥស្សរយសដ៏ពិសេសនេះ។ លើសពីនេះ ក៏ជាការបង្អាប់ ដល់កិត្តិនាមរបស់អ្នកជួយស្នើសុំ និងព្រះកិត្តិនាមរបស់ព្រះមហាក្សត្រ ដែលបានព្រះរាជប្រទានគោរមងារនេះ ផងដែរ។

លោកអះអាងថា គោរមងារនេះប្រែទៅជាអស់តម្លៃ គឺដោយសារយន្តការផ្តល់គោរមងារឧកញ៉ានេះ បានប្រែក្លាយគ្រឿងឥស្សរិយយសពិសេសមួយនេះ ទៅជាទំនិញមួយប្រភេទ ដែលគេអាចទិញបាន ឲ្យតែមានលុយគ្រប់ចំនួនតាមការកំណត់របស់រដ្ឋាភិបាលកម្ពុជា ទោះលុយទាំងនោះប្រកបដោយធម៌ ឬមិនប្រកបដោយធម៌ ហើយទោះបីអ្នកទិញគោរមងារនោះ ជាមនុស្សអាវ៉ាសែ កម្រិតណាក៏ដោយ។

លោកបញ្ជាក់ថា គោរមងារ ឧកញ៉ា អាចផ្តល់ជូនតែមនុស្សណាដែលមាន មានស្នាដៃខ្ពស់ដាច់គេជូនជាតិ ដូចជា ជួយជ្រោមជ្រែងនយោបាយជាតិឲ្យរីកចម្រើន ជួយសេដ្ឋកិច្ចជាតិឲ្យលូតលាស់ និងវិស័យផ្សេងៗជាច្រើនទៀត ប៉ុន្តែត្រូវភ្ជាប់ជាមួយនឹងអត្តចរិត មារយាទ និងចរិយាសម្បត្តិថ្លៃថ្នូរ ដែលអាចធ្វើជាមនុស្សគំរូសម្រាប់ជាតិទាំងមូលផងដែរ។

បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា បើអ្នកដែលមានគោរមងារជា ឧកញ៉ា ហើយប្រព្រឹត្តអំពើអគុណធម៌ដូចសព្វថ្ងៃនេះ លោកសុំឲ្យលុបគោរមងារសក្ដិភូមិនេះចោលតែម្តង ព្រោះថា គោរមងារដែលបានផ្តល់ទៅឲ្យមនុស្សអសីលធម៌ទាំងនោះ គឺជាឧបសគ្គមួយដល់ការកសាងប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋដែលធានាសិទ្ធិស្មើគ្នា ចំពោះមុខច្បាប់យ៉ាងធ្ងន់ធ្ងរ។

ការរិះគន់នេះធ្វើឡើង ស្របពេល ឧកញ៉ាជាច្រើន នៅកម្ពុជា បានប្រើ គោរមងារនេះទៅ ប្រព្រឹត្តរឿងអាស្រូវដែលបានបំផ្លាញទ្រព្យសម្បត្តិជាតិ និងបំផ្លាញវប្បធម៌ ដ៏ថ្លៃថ្លារបស់ជាតិ ដូចជា ការប្រើគោរមងារមួយនេះទៅគម្រាម ក្នុងចេតនាបៀតបៀនផ្លូវភេទរបស់ស្ត្រីខ្មែរជាដើម។

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia ប្រចាំឆ្នាំ២០២១ កញ្ញា មាន ពេជ្ររីតា បានប្តឹង ឧកញ៉ា ហេង សៀ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ព្រោះ ឧកញ៉ា ហេង សៀ បានព្យាយាមបង្ខំ និងគម្រាម ឲ្យនាងរួមរក្សជាមួយនឹងខ្លួន ដោយការយកដៃលូកស្ទាបប្រដាប់ ភេទរបស់នាងផងដែរ លើសពីនេះ ឧកញ៉ា រូបនេះ បានគម្រាមនាង ដោយនិយាយថា ខ្លួនមានទាំងកាំភ្លើងថែមទៀតផង។ ករណីស្រដៀងគ្នានេះ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ អតីតភរិយា ឧកញ៉ា ដួង ឆាយ គឺអ្នកស្រី ដេត មាលីណា បានបង្ហោះវីដេអូ ភស្តុតាង ដែលបានបង្ហាញពីសកម្មភាពនៃការប្រើអំពើហិង្សាធ្ងន់ធ្ងរ របស់អតីតឧកញ៉ា ដួងឆាយ ទៅលើរូបនាង ដោយការចាប់ក្របួចសក់ក្បាល ចាប់គ្រៀក ក និងរុញឪពុកក្មេករបស់ខ្លួនផ្ទប់នឹងជញ្ជាំងជាដើម។

ក្រុមអ្នកសង្កេតការណ៍ រិះគន់ថា មានឈ្មួញទុច្ចរិតជាច្រើនបានប្រើគោរមងារជា ឧកញ៉ា ទៅកាងមុខរបរខុសច្បាប់របស់ពួកគេ ដូចជា ឧកញ៉ា លី យ៉ុងផាត់ ដែលល្បីខាងរំលោភដីធ្លីរបស់ពលរដ្ឋនៅខេត្តកោះកុង ឧកញ៉ា ទ្រី ភាព ដែលល្បីខាងរកស៊ីឈើខុសច្បាប់ ឧកញ៉ា គិត ធាង ល្បីខាងជួញដូរ និងចែកចាយថ្នាំញៀន និងនៅមាន ឧកញ៉ា ដែលល្មើសច្បាប់ជាច្រើនទៀតផងដែរ ប៉ុន្តែ ពួកគេមិនត្រូវបានអាជ្ញាធរចាប់ខ្លួនយកទៅផ្ដន្ទាទោសតាមច្បាប់នោះទេ។

គិតចាប់ពី ខែកញ្ញា ឆ្នាំ១៩៩៤ ដល់ ខែកុម្ភៈ ឆ្នាំ២០១៤ ប្រមុខរដ្ឋាភិបាលកម្ពុជាបានស្នើព្រះមហាក្សត្រផ្តល់ គោរមងារជា ឧកញ៉ា ដល់អ្នកដែលបានបរិច្ចាគលុយជូនរដ្ឋ ដល់ទៅជាង ៧០០នាក់ឯណោះ។

យ៉ាងណាក៏ដោយ ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ គិតចាប់ពី ឆ្នាំ២០១៦ ដល់ ឆ្នាំ២០២០ មានមនុស្សចំនួន ២៥៩ រូប ថែមទៀត ដែលត្រូវព្រះមហាក្សត្រផ្តល់គោរមងារ ជាឧកញ៉ា តាមការស្នើសុំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា។

យ៉ាងណាក៏ដោយ ឧកញ៉ា មួយចំនួនក៏ត្រូវរាជរដ្ឋាភិបាលស្នើសុំព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលុបគោរមងារជា ឧកញ៉ា នេះផងដែរ ក្នុងនោះមានដូចជា អតីត ឧកញ៉ា ឌួងឆាយ ជាដើម ប៉ុន្តែបញ្ហានេះ ក៏មានការរិះគន់ផងដែរ ចំពោះ ឧកញ៉ាខ្លះទៀតដែល ត្រូវសមត្ថកិច្ចចាប់ខ្លួនហើយក៏ត្រូវដោះលែងឲ្យមានសេរីភាពវិញ ដូចជា ឧកញ៉ា គិត ធាង បងប្រុស ឧកញ៉ា គិត ម៉េង ដែលជាមនុស្សជំនិតរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដើម។

កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ លោក ហ៊ុន សែន បានកែសម្រួលអនុក្រឹត្យចាស់ ដែលលោកបានចុះហត្ថលេខា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ១៩៩៤ ចំពោះសប្បុរសជនដែលបានបរិច្ចាគថវិកាជូនរដ្ឋចាប់ពី ១០ម៉ឺនដុល្លារអាមេរិកឡើងទៅនឹងទទួលបាន គោរមងារជា ឧកញ៉ា នោះ ត្រូវកែប្រែឡើងវិញ ហើយអ្នកដែលចង់បានគោរមងារជា ឧកញ៉ា ត្រូវបរិច្ចាគថវិកា ចាប់ពី ៥០ម៉ឺនដុល្លារអាមេរិក ឡើងទៅវិញ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស