38 C
Phnom Penh

ក្រុមអ្នកមតស៊ូរមតិថា ការប្រមូលលុយអំណោយ គឺមិនខុសពីជួយសម្រួលនយោបាយលក់ជាតិ របស់មេដឹកនាំកាន់អំណាចសព្វថ្ងៃនេះទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមបញ្ញវន្តខ្មែរនៅក្រៅស្រុក រិះគន់ថា បើអ្នកនយោបាយខ្មែរ ដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ បែរជាប្រឹងធ្វើនយោបាយប្រមូលអំណោយ និងចែកអំណោយនោះ ពួកគេកំពុងតែជួយសម្រួលនយោបាយលក់ជាតិរបស់មេដឹកនាំកាន់អំណាចសព្វថ្ងៃយ៉ាងពិតប្រាកដ។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១៧ ខែឧសភា នេះថា មេដឹកនាំកម្ពុជាសព្វថ្ងៃនេះ កំពុងលេងល្បែងចែកអំណោយជាកញ្ចប់តូចៗសម្រន់ក្រពះប្រជាពលរដ្ឋ ដើម្បីបំពេញមហិច្ឆតាការពារអំណាច ដោយមធ្យោបាយលក់ជាតិ ដែលជាការលាក់ពុតនូវល្បិចបោកប្រាស់ ពលរដ្ឋខ្លួនឯងប៉ុណ្ណោះ។

លោកអះអាងថា មេដឹកនាំទាំងនោះកំពុងតែពង្វក់ពលរដ្ឋឲ្យវង្វេងច្រឡំថា អ្នកផ្តល់អំណោយ គឺជាអ្នកសង្គ្រោះខណៈពួកគេបានបង្កើតប្រព័ន្ធរដ្ឋបាលបក្ខពួកគ្រួសារនិយម ពុករលួយ ប្រព្រឹត្តរឿងឧក្រិដ្ឋកម្មធំៗ លក់ទ្រព្យសម្បត្តិជាតិ ហើយក៏យកអំណោយបន្តិចបន្តួចពីការលក់ជាតិទាំងនោះ ទៅលួងចិត្តពលរដ្ឋ និងបន្លំខ្លួនជាអ្នកសង្គ្រោះ។

លោកបញ្ជាក់ថា កិច្ចការចាំបាច់ដែលរដ្ឋាភិបាលត្រូវធ្វើនៅពេលនេះ គឺត្រូវបញ្ចេញ ស្បៀង និងថវិកាជាតិ ដើម្បីដោះស្រាយបញ្ហាជីវភាពជូនពលរដ្ឋ ក្រោមវិធានការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈយន្តការរបស់រដ្ឋាភិបាល។

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីចែកអំណោយរបស់លោក ហ៊ុន សែន និងភរិយារបស់លោក គឺអ្នកស្រី ប៊ុន រ៉ានី ដល់ពលរដ្ឋ កម្មករ កម្មការិនី ចំនួន ៤២០គ្រួសារ ដែលរស់នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងនោះ មួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង។

ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍ រិះគន់ថា ការចែកអំណោយរបស់មន្ត្រីគណបក្សកាន់អំណាច បានធ្វើឡើងក្នុងទម្រង់ផែនការ២ ទី១ គឺការចែកអំណោយបន្តិចបន្តួចជាចំហ ហើយថតជាវីដេអូបន្លំភ្នែកប្រជាពលរដ្ឋថា មន្ត្រីបក្សកាន់អំណាចបានយកចិត្តទុកដាក់នឹងប្រជាពលរដ្ឋជាប្រចាំ ទី២ ពួកគេចែកតាមរបៀបលាក់លៀម ដោយឃោសនាសុំសំឡេងឆ្នោតពី ពលរដ្ឋសម្រាប់ការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតជាតិ ផងដែរ។

ជុំវិញបញ្ហានេះ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាស ធ្វើយុទ្ធនាការ នាឡិកា សម រង្ស៊ី ដែលលោកនឹងលក់នាឡិកាដែលលោកពាក់រាល់ថ្ងៃក្នុងតម្លៃ ៥ដុល្លារ។ ចំពោះអ្នកដែលបានចូលរួមទិញប័ណ្ណយុទ្ធនាការនេះ គឺអាចចូលរួមចាប់ឆ្នោតផ្សងសំណាង យកនាឡិការបស់ លោក សម រង្ស៊ី នៅថ្ងៃ ០៦ ខែមិថុនា ២០២១ ខាងមុខនេះ។

លោកបញ្ជាក់ថា ម្នាក់ៗ អាចទិញប័ណ្ណយុទ្ធនាការនេះ លើសពីមួយសន្លឹកផងដែរ ហើយថវិកាដែលទទួលបានពីការលក់ប័ណ្ណទាំងនេះ នឹងយកទៅទិញអំណោយដើម្បីចែកជូនពលរដ្ឋនៅកម្ពុជា ដែលកំពុងជួយបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារជំងឺCovid-19។

ដោយឡែក ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរងការរឹតត្បិតសេរីភាពនៅក្នុងស្រុក លោក កឹម សុខា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះ បានអះអាងថា លោកធ្វើអ្វីៗគឺដើម្បីខ្មែរ ដោយមិនគិតតែបក្ខពួកស្វែងរកបុណ្យស័ក្តិលាភសក្ការៈ មិនក្បត់ឆន្ទៈរាស្ត្រ មិនបង្កជម្លោះ មិនធ្វើអ្វីឲ្យប៉ះពាល់ដល់ប្រទេសជាតិឡើយ ជាក់ស្តែង លោកបានទំនាក់ទំនងការទូត និងទំនាក់ទំនងជាមួយមេដឹកនាំខ្មែរ កន្លងមក គឺដើម្បីប្រយោជន៍ប្រជាជាតិខ្មែរទាំងស្រុង។

ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា មេដឹកនាំនយោបាយធំៗនៅកម្ពុជា គួរនាំគ្នាបង្កើតកម្មវិធីភ្នាល់ដាក់លក់ទ្រព្យសម្បត្តិរបស់ខ្លួនទាំងអស់ថាតើមេដឹកនាំមួយនាហ៊ានប្រកាសចូលលេងល្បែងភ្នាល់នេះ។

ចំណែកថវិកាដែលបានពីការលក់ទ្រព្យរបស់ពួកគេ ឬអ្នកចូលរួមដទៃទៀត ត្រូវដាក់ចូលក្នុងគណៈកម្មការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុរួម ដែលមានតម្លាភាព ហើយធ្វើប្រតិបត្តិការ តាមយន្តការមិនលម្អៀង ចែកជូនប្រជាពលរដ្ឋជាមួយគ្នា។

ពួកគេអះអាងថា  បើមេដឹកនាំទាំងនោះហ៊ានធ្វើបែបនេះមែន នោះទើបពួកគេសក្ដិសមជាមេដឹកនាំនយោបាយមិនប្រជាភិថុតិរបស់ប្រជាពលរដ្ឋខ្លួនឯង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស