29 C
Phnom Penh

ភាគ​៧៖ តើ​ឧកញ៉ា មហាសេដ្ឋី ម្ចាស់​ក្រុមហ៊ុន​មួយ​ណា​ដែល​បក្ស​ប្រជាជន​កម្ពុជា​ជំពាក់​លុយ​សង​មិន​ចេះ​អស់?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ងារជាឧកញ៉ា ផ្តល់ឲ្យពាណិជ្ជករ នាយទុន និងឈ្មួញទុច្ចរិត ដោយព្រះមហាក្សត្រ ធ្វើឲ្យខូចតម្លៃ គោរម្យងារ ក្នុងវប្បធម៌ ប្រពៃណីខ្មែរ។ ក្នុងភាគទី៧ លោក ហាស់ សាន សូមជូនសេចក្តីរាយការណ៍បន្ត ថាតើឧកញ៉ា មហាសេដ្ឋី ម្ចាស់ក្រុមហ៊ុនមួយណា ដែលបក្ស ប្រជជនកម្ពុជា ជំពាក់លុយសងមិនចេះអស់?

ប្រជាពលរដ្ឋខ្មែរសាមញ្ញបានដឹងបានឮ និង បាន ឃើញច្បាស់ក្នុងសង្គមខ្មែរ ថាតើមានឧកញ៉ាណាខ្លះ ប៉ុន្មាននាក់ ដែលមានចរិត ឫកពារ អាកប្បកិរិយាថ្លៃថ្នូរ សមនឹងងារឧកញ៉ា សមនឹងងារសេដ្ឋីតាមអត្ថន័យពាក្យខ្មែរនេះ។ ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរសា មញ្ញមានសុភនិច្ឆ័យ ឬគំនិតល្អត្រឹមត្រូវ មិនហ៊ាន ឬមិនសូវហ៊ានបញ្ចេញមតិ យោបល់ ទស្សនៈរបស់ខ្លួន រិះគន់ចំៗក្នុងបណ្តាញសារព័ត៌មានសាធា រណៈនោះឡើយ។ គេហ៊ានត្រឹមតែសរសេរល្មមៗជាបុគ្គលលើគណនេយ្យហ្វេសប៊ុកផ្ទាល់ខ្លួនបន្តិចបន្តួចដើម្បីបន្ធូរភាពតឹងទ្រូងរបស់គេតែប៉ុណ្ណោះ។

សង្គមជាតិមួយ ជាពិសេសសង្គមខ្មែរ បើគ្រប់គ្រងតាមបែបផ្តាច់ការ ផ្តាច់មុខ autocracy អ្នកមានឥទ្ធិ ពលប្រភេទណាមួយ មានអំណាចរដ្ឋ និង អំណាចលុយជាដើម ពួកនោះ គេប្រើឥទ្ធិពល ឬ អំណាចទាំងនោះដើម្បីឲ្យប្រជារាស្រ្តកោតខ្លាច មិនចាំបាច់ឲ្យប្រជារាស្រ្តគោរព កោតសសើរនោះទេ។ ពួក គេមិនខ្វល់ថា តើប្រជារាស្រ្តស្អប់ខ្ពើម ឬស្រឡាញ់នោះទេ។

ឧកញ៉ា សុក គង់ ខ្មែរណាក៏ដឹងក៏ស្គាល់ដែរថា ជាមនុស្សបែបណា មកពីប្រភពណា រកស៊ីអ្វី ក្លាយជា សេដ្ឋីរបៀបណា។ ឧកញ៉ា មហាសេដ្ឋី សុក គង់ គ្រប់គ្រង កាន់កាប់ យកចំណេញលើសម្បត្តិបេតិ 

កភណ្ឌខ្មែរ ដីធ្លីសម្បត្តិរដ្ឋដ៏ធំធេងនៅប្រទេសកម្ពុជាជាច្រើនទសវត្ស។ មានមន្រ្តីបក្សជំទាស់ខ្លះ ដូចជាលោក សុន ឆ័យ ជាដើម ហ៊ានហើបមាត់សួរនាំអំពីរបៀបរកស៊ីរបស់ឧកញ៉ា សុក គង់ បានមួយរយៈដែរ ប៉ុន្តែ មិនយូរប៉ុន្មាន ក៏បិទមាត់ស្ងាត់ទៅវិញ។

សុក គង់ ជាឧកញ៉ាលំដាប់ទី៧ តាមលេខរៀងអ្នកទទួលងារឧកញ៉ា។ លោកបានទទួលងារ ឧកញ៉ា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩៥ តាមរយៈព្រះរាជក្រឹត្យលេខ០៤៩៥/៣៧។ ឧក ញ៉ាពីររូបទៀត ដែលបានទទួលងារឧកញ៉ាក្នុងថ្ងៃ ខែ ឆ្នាំដូចគ្នា គឺឧកញ៉ា លឹម ហុងឃាង តាមរយៈព្រះរាជក្រឹត្រលេខ ០៤៩៥/៣៨ និង ឧកញ៉ា ស៊ិន សុខា ម្ចាស់សណ្ឋា គារ តុសិត ស្ថិតនៅខាងលិចផ្សារធំថ្មី ក្រុងភ្នំពេញ តាមរយៈព្រះរាជក្រឹត្យលេខ០៤៩៥/៣៩។

ក្នុងសេចក្តីរាយការណ៍ពីស្ថានទូតស.រ.អា ទម្លាយចេញដោយអង្គការ  Wikileaks  ឧកញ៉ា សុក គង់ ឈ្មោះដើមមិនស្គាល់ ថ្ងៃ ខែ ឆ្នាំកំណើតមិនដឹង រៀនត្រឹមថ្នាក់ទី១០ សម័យសង្គមរាស្រ្តនិយាម ឬ ថ្នាក់ទី៣សម័យនេះ ថារត់ទៅប្រទេសយៀកណាមមុនជ័យជំនះខ្មែរក្រហម ឆ្នាំ១៩៧៥។ ឆ្នាំ១៩៧៩ ឧក ញ៉ា សុក គង់ វិលមកស្រុកខ្មែរវិញ ហើយអះអាងថាមានលុយក្នុងខ្លួនតែ៥០ដុល្លារប៉ុណ្ណោះ ហើយរកស៊ីក្លាយជាសេដ្ឋី មានលុយដល់ទៅ ៥០លានដុល្លារ។ ឧកញ៉ា សុក គង់ គេប្រសិទ្ធនាមថា លោក សូគីម៉ីច ឬ ឧកញ៉ា ៥០ដុល្លារ។ 

រឿងរកស៊ីកប ចំណេញដូចគេកើប ក្លាយជាសេដ្ឋីមិនមែនជារឿងត្រូវនរណាម្នាក់ច្រណែននិន្ទានោះ ទេ ដូចដែលមានអ្នកខ្លះថា គេមាន មកពីគេឆ្លាត ពូកែរកស៊ី។ រឿងដែលគ្មាននរ ណាម្នាក់សុខចិត្តទទួលយកបាននោះ គឺការប្រព្រឹត្តិតាមទ្រឹស្តីអសម ធម៌។ គេនិយាយថា ការអនុគ្រោះ បិទភ្នែកដល់ពាណិជ្ជករ នាយទុនប្រកបអាជីវកម្មបំពារបំពាន រំលោភច្បាប់ទម្លាប់ បំផ្លាញធនធានធម្មជាតិ និង សម្បត្តិនិមិត្តជាតិ គៃ ប្រវ័ញ្ចទាញប្រយោជន៍ផ្ទាល់ ខ្លួន និង បក្ខពួក ហៅថា ភ្ជួរស្រែលើខ្នងរាស្រ្តនោះ រហូតក្លាយខ្លួនជាសេដ្ឋី មហាសេដ្ឋី ហើយនិយាយថាជួយប្រជាពលរដ្ឋឲ្យមានការងារធ្វើ មានចំណូលចិញ្ចឹមជីវិត។ ទ្រឹស្តីនេះសំដែងថា បើគ្មាននាយទុនដាក់ទុនរកស៊ី ប្រជាពលរដ្ឋខ្មែរក៏គ្មានការងារធ្វើ គ្មានបៀវត្សរស់បាន។ នេះមាន ន័យថា និយោជក ឬ ថៅកែក្រុមហ៊ុន រកស៊ីអ្វីបែបណាក៏ដោយ មិនបាច់គិតរឿងត្រូវច្បាប់ខុសច្បាប់នោះទេ។ និយោជិត ឬ កម្មករ−បុគ្គលិក ឬក៏រាស្រ្តប្រជា ត្រូវតែសុខចិត្តអនុញ្ញាតឲ្យនិយោជក ឬ ថៅកែ រកស៊ី ហើយខ្លួនចាំតែបើប្រាក់ខែទៅ ជាការស្រេច។ ជំហរ ឬ អត្តចរិតនេះ តាងឲ្យជនគ្មានការទទួលខុសត្រូវ អត្តទត្ថបុគ្គល ជនរកសុខរកស្រួលតែខ្លួនឯង។

ពលរដ្ឋខ្មែរមួយនគរដឹងច្បាស់ថា នរណាទាញផលប្រយោជន៍ពីប្រាង្គប្រាសាទបុរាណខ្មែរផ្តើមពីប្រាសទអង្គរវត្ត ទៅប្រាសាទដទៃទៀត។ ឧកញ៉ា សុក គង់ បានទទួលសិទ្ធិ គ្រប់គ្រង ចាត់ចែងប្រា 

សាទអង្គរវត្ត ដោយចែកផលជាមួយរាជរដ្ឋាភិបាលពីការលក់សំបុត្រឲ្យទេស ចរចូលទស្សនានៅឆ្នាំ ១៩៩៩។ ដើមឡើយ ក្រោយវិលមកស្រុកខ្មែរវិញ ឧកញ៉ា សុក គង់ រកស៊ី ចែកចាយផលិតផលកៅស៊ូ មានកៅស៊ូកង់ជិះ ជាដើម នាំចូលពីប្រទេសយៀក ណាមមកលក់ក្នុងស្រុកខ្មែរ។ បន្ទាប់មក ឧកញ៉ា សុក គង់ បើកកម្មន្តសាលផលិតស្បែកជើងពីកៅស៊ូកង់ឡាន ផ្គត់ផ្គង់ថ្នាំពេទ្យ ស្បៀង និងឯកសណ្ឋាន យោធាដល់រដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតកម្ពុជា។

មុនសម្លឹងឃើញប្រយោជន៍ពីការចែកចំណេញក្នុងរបរលក់សំបុត្រទស្សនាប្រាសាទអង្គរវត្ត ឧកញ៉ា សុក គង់ ដឹកប្រេងសាំងពីយៀកណាម មកលក់តាមស្ថានីយ៍ប្រេងឥន្ទនៈផ្លាកឈ្មោះ សូគីម៉ិច (SokimexSok Import & Export) ឬ មកពីឈ្មោះខ្មែរ ក្រុមហ៊ុន សុក អាហរ័ណ នី ហរ័ណ។ ក្រុម ហ៊ុន សូគីម៉ិច ក៏ផ្គត់ផ្គង់ប្រេងឥន្ទនៈឲ្យរដ្ឋាភិបាលដែរ ទាំងស្ថាប័នស៊ីវិល និង យោធា។

នៅឆ្នាំ១៩៩៦ រដ្ឋាភិបាលលោក ហ៊ុន សែន លក់ឃ្លាំងស្តុកប្រេងឥន្ទនៈ CKC នៅគីឡូលេខ៦ ខណ្ឌឫស្សីកែវ ក្រុង ភ្នំពេញ ឲ្យក្រុមហ៊ុន សូគីម៉ិច ហើយសង់ដេប៉ូត៍ស្តុកប្រេងមួយទៀតនៅស្ទឹងហាវ ខេត្តព្រះសីហនុ។ ផ្សាយក្នុងគេហទំព័រក្រុមហ៊ុន សូគីម៉ិច និយាយថា គេដឹកប្រេងមានគុណភាពពីប្រទេសថៃឡង់ដ៍ និង សិង្ហបុរី។ សូគីម៉ិច មានស្ថានីយ៍ប្រេងឥន្ទ នៈប្រមាណ ៣០០កន្លែងទូទាំងប្រទេសកម្ពុជា។

ច្រើនទសវត្សក្រោយមក ឧកញ៉ា សុក គង់ ពង្រីកមុខរបរទៅជាបណ្តុំក្រុមហ៊ុន ហៅថា សូគីម៉ិច ហ្រ្គុប (Sokimex Group) មានផលិតកម្មសម្លៀក បំពាក់ សេវាដឹកជញ្ជូន នាំចូលម៉តូ អច លនទ្រព្យ ទេសចរណ៍ សណ្ឋាគារ និង កន្លែងស្នាក់លំហែកម្សាន្តនៅមាត់សមុទ្រ ខេត្តព្រះសីហនុ និង នៅខេត្តសៀមរាប និង ដំណាំចំការកៅស៊ូ។ សូគីម៉ិច គ្រប់គ្រងសណ្ឋាគារ សុខា ទិញអតីតពន្ធនាគារ តេ−៣ នៅភ្នំពេញ ដែលល្បីថាជាកន្លែងដាក់អ្នកទោសនយោបាយខ្មែរប្រឆាំងនឹងរបប សាធា រណរដ្ឋប្រជាមានិតកម្ពុជា និង អាយ៉ងបរទេស។

ចំពោះសម្បទានសេដ្ឋកិច្ចលក់សំបុត្រទស្សនាប្រា សាទខ្មែរ ដែល សូគីម៉ិច សហការនឹងអាជ្ញាធរអប្សារា ពីឆ្នាំ១៩៩៩ អ្នកនយោបាយបក្សជំទាស់ ពីលោក សម រង្ស៊ី ដល់លោក  សុន ឆ័យ ចោទក្រុមហ៊ុន សូគីម៉ីច របស់ឧកញ៉ា សុក គង់ ឆ្នាំ២០០៣ ថាបំបាត់ចំណូលរដ្ឋ ព្រោះថា ក្រុមហ៊ុននេះ លក់សំបុត្រចូលទស្សនាមានតម្លៃ ៤០ដុល្លារ ឲ្យទេសចរបរទេសដល់ទៅ៧០%នៃចំនួនសរុបប្រមាណ ៤សែននាក់ ដែលស្មើនឹងទឹកប្រាក់ ១៦លានដុល្លារ។ បើ គិតអំពីតម្លៃសំបុត្រពី ២០ដុល្លារ សម្រាប់ទស្សនាមួយថ្ងៃ ដល់ ៦០%ដុល្លារសម្រាប់ទស្សនាមួយសប្តាហ៍ លោក សុន ឆ័យ ថា ចំណូលបានយ៉ាងតិច ២០ លានដុល្លារក្នុងឆ្នាំ។ ឆ្នាំ២០០៣ អាជ្ញាធរអប្សារា បានចំណូលតែ ៣លាន ១សែនដុល្លារប៉ុណ្ណោះ។ 

ក្រៅពីទាញផលបានពីប្រាសាទអង្គរវត្ត ក្រុមហ៊ុន សូគីម៉ិច ស្វះស្វែងរកសិទ្ធិ រកសម្បទានគ្រប់គ្រង ចាត់ចែងប្រាសាទខ្មែរដទៃទៀត មានប្រាសាទសម្បូរព្រៃគុក ខេត្តកំពង់ធំ ប្រាសាទព្រះវិហារ ប្រាសាទ បន្ទាយឆ្មារ និង ប្រាសាទបន្ទាយទ័ព ខេត្តបន្ទាយមាន ជ័យ ឯកភ្នំ និង វត្តបាណន់ ខេត្តបាត់ដំបង។

ប៉ុន្មានឆ្នាំចុងក្រោយនេះ សូគីម៉ិច របស់ឧកញ៉ា សុក គង់ វាតទីកាន់កាប់ផ្ទៃដីខ្នងភ្នំបូកគោ ដំណែលពីសម័យបារាំង ជាកេររក្សាទុកពីសម័យសង្គមរាស្រ្ត និយមនៅខេត្តកំពត ដើម្បីសង់សណ្ឋាគារ កាស៊ីណូ និង កន្លែងស្នាក់លំហែកាយ ឈ្មោះ ឋានសួគ៌បូកគោ ដោយដាក់ទុន ១ពាន់លានដុល្លារ។ រដ្ឋាភិបាលថា សម្បទានដីឲ្យក្រុមហ៊ុន សូគីម៉ិច មានទំហំជិត ១ម៉ឺន ៩ពាន់ហិកតារ ជុំវិញឱទ្យាន ព្រះមុនីវង្ស បូកគោ ប៉ុន្តែ ចៅ ហ្វាយ ខេត្តកំពត លោក ជៀវ តាយ ថាទីតាំងសម្រាប់អភិវឌ្ឍក្រុងថ្មីនោះ មានទំហំសរុប ១៥ម៉ឺនហិកតារ។

ឧកញ៉ា មហាសេដ្ឋី សុក គង់ ជានាយទុន ពាណិជ្ជ ករ ដែលល្បីខាងគេចពន្ធដារ ព្រោះតែមានទំនាក់ ទំនងជិតស្និទ្ធនឹងបក្ស ប្រជាជនកម្ពុជា និង បន្លំ គៃ បំបាត់ចំណូលរដ្ឋ។ លោក សម រង្ស៊ី ថា  ចំណូលពីមួយភាគពីការសក់សំបុត្រមើលប្រាសាទអង្គរវត្ត ចូលហិបបក្ស ប្រជាជនកម្ពុជា មួយភាគចូលហៅប៉ៅលោក ជា សុផារ៉ា

ប្រភពមួយឈ្មោះ One Daily ផ្សាយខែមីនា ឆ្នាំ២០១៩ ថា មហាសេដ្ឋីទី ៦ នៅស្រុកខ្មែរ គឺឧកញ៉ា សុក គង់ ដែលមានសម្បត្តិទ្រព្យស្មើ នឹងទឹកប្រាក់ចំនួន ៣៣០លានដុល្លារស.រ.អា។ លោកប្រាប់កាសែត The Cambodia Daily ថា រដ្ឋាភិបាលលោក ហ៊ុន សែន នៅជំពាក់លោករហូតដល់សព្វថ្ងៃ ថ្លៃប្រដាប់ប្រដា និង សេវា ដែលក្រុមហ៊ុន សូគីម៉ិច ផ្គត់ផ្គង់បុគ្គលិករដ្ឋ ទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ។

សប្តាហ៍ក្រោយ សូមជូនភាគបន្តអំពីឧកញ៉ា មហា សេដ្ឋី ដែលមានរហសនាម គូស្វាមីភរិយា មហា ឥទ្ធិពល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស