លោក ហ៊ុន សែន អះអាងថា មន្ត្រីបក្សប្រឆាំងដែលសុំសិទ្ធធ្វើនយោបាយឡើងវិញក្នុងពេលថ្មីៗនេះ នឹងទៅបើកគណបក្សនយោបាយថ្មីដោយខ្លួនឯង។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើង ក្នុងកិច្ចប្រជុំសន្និសីទអន្តរជាតិដើម្បីអនាគតអាស៊ីនៅថ្ងៃទី២០ ខែឧសភា នេះ ដែលទំនងជាសំដៅដល់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលបានដាក់ពាក្យស្នើសុំសិទ្ធធ្វើនយោបាយឡើងវិញគឺ លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ ថា ក្រោយលើកបម្រាមនយោបាយពីព្រះមហាក្សត្រ អ្នកទាំងពីរ នឹងទៅបើកគណបក្សនយោបាយដោយខ្លួនឯង។
លោក ហ៊ុន សែន អះអាងថា កម្ពុជា នៅតែអនុវត្តរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្សដដែល ដូច្នេះការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជាតិ ឆ្នាំ២០២៣ និងមានគណបក្សនយោបាយថ្មីៗដែលបង្កើតឡើងដោយអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលពួកគេកំពុងតែនាំគ្នាសុំសិទ្ធិធ្វើនយោបាយឡើងវិញនៅពេលនេះ។
ការអះអាងនេះធ្វើឡើងក្នុង សន្និសីទអន្តរជាតិលើកទី២៦ ស្ដីពីអនាគតរបស់អាស៊ី ដែលប្រមុខរដ្ឋាភិបាលកម្ពុជា អះអាងថា កម្ពុជា នៅតែបន្តអនុវត្តរបបនយោបាយ ប្រជាធិបតេយ្យសេរីពហុបក្សរបស់ខ្លួនឲ្យបានល្អបន្តទៀត។
លោក ហ៊ុន សែន អះអាងថា លោក បានដាក់ពាក្យថ្វាយទៅព្រះមហាក្សត្ររួចរាល់ហើយ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ ដើម្បីលើកបម្រាមនយោបាយឲ្យមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ២រូប ដែលនឹងចាកចេញពីគណបក្សសង្គ្រោះជាតិ ទៅបង្កើតបក្សយោបាយដោយខ្លួនឯងនាពេលខាងមុខនេះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ បានដាក់ពាក្យទៅកាន់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ស្នើសុំលើកបម្រាមនយោបាយតាមអំណាចសាលដីកាតុលាការកំពូលកាលពីឆ្នាំ២០១៧ ដើម្បីឲ្យពួកគេទទួលបាននីតិសម្បទានយោបាយឡើងវិញ។
មន្ត្រីជាន់ជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ ខែឧសភា នេះថា លោកមិនជំទាស់ទៅនឹងការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ និងការទៅបង្កើតគណបក្សនយោបាយថ្មីរបស់មន្ត្រីបក្សប្រឆាំងទាំងនោះទេ ប៉ុន្តែការនាំគ្នាធ្វើសកម្មភាពនៅពេលនេះ គឺមិនត្រូវកាលៈទេសៈនោះឡើយ។
លោក អះអាងថា ការសុំនីតិសម្បទានយោបាយឡើងវិញនៅពេលនេះ គឺមានផលចំណេញសម្រាប់បក្សកាន់អំណាចយ៉ាងខ្លាំងដែលអាចលុបលាងការរំលាយគណបក្សសង្គ្រោះជាតិ កន្លងមក។ ជាងនេះទៀត ការធ្វើបែបនេះក៏កំពុងដើរចូលក្នុងសេណារេយោបំបែកបំបាក់របស់ គណបក្សកាន់អំណាច ដែលមានបំណងពុះច្រៀកបក្សប្រឆាំងឲ្យទៅជាជចម្រៀកផងដែរ។
លោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា យុទ្ធសាស្ត្រគណបក្សអំណាចក្នុងការបំបែកកម្លាំងបក្សប្រឆាំង មិនខុសពីពេលដែលពួកគេបានបំបែកកម្លាំងគណបក្សរាជនិយម ហ៊ុនស៊ិនប៉ិច នោះទេ គឺពួកគេនឹងបំបែកកម្លាំងប្រឆាំងឲ្យបែកគ្នាទាំងអស់ ទើបផ្តល់សិទ្ធិនយោបាយឲ្យមេដឹកនាំប្រឆាំងចូលក្នុងឆាកនយោបាយឡើងវិញ។ លោកថា ការធ្វើបែបនេះ គឺធានាបាននូវសុវត្ថិភាពអំណាចរបស់លោក ហ៊ុន សែនទាំងស្រុង។
លើសពីនេះ បក្សកាន់អំណាចក៏មានលេសគ្រប់គ្រាន់ដើម្បីប្រាប់អន្តរជាតិពីការអនុវត្តរបបនយោបាយសេរីពហុបក្ស ដែលកើតឡើងក្រោមផែនការរបស់ពួកគេ ដូចដែលធ្លាប់បានធ្វើដាក់គណបក្សរាជានិយមដូច្នោះដែរ។
ក្រោយតុលាការកម្ពុជា បានប្រកាសរំលាយ គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តំណាងរាស្ត្រគណបក្សនេះចំនួន១១៨ នាក់ ក៏ត្រូវព្យួរសិទ្ធិយោបាយផងដែរ។
ទោះជាបែបនេះក្តី គិតត្រឹមខែឧសភា ឆ្នាំ២០២១ នេះ មន្ត្រីបក្សប្រឆាំងចំនួន ២២រូបហើយ ដែលបានសុំសិទ្ធិធ្វើនយោបាយឡើងវិញពីព្រះមហាក្សត្រ តាមរយៈក្រសួងមហាផ្ទៃ។
មន្ត្រីបក្សប្រឆាំងដែលរួចផុតពីបម្រាមនយោបាយមួយចំនួន បានសម្រេចចិត្តចាកចេញពីគណបក្សសង្គ្រោះជាតិ ទៅបង្កើតគណបក្សដោយខ្លួនឯងថែមទៀត។ ក្នុងនោះមាន មានគណបក្សយោបាយចំនួន៤ ហើយដែលបានបង្កើតឡើងដោយអតីតមន្ត្រីបក្សប្រឆាំងទាំងនោះ។
កាលពីចុងឆ្នាំ២០២០ ក្រសួងមហាផ្ទៃបានបញ្ចេញរបាយការណ៍របស់ខ្លួនថា គណបក្សនយោបាយដែលបានបំពេញលក្ខខណ្ឌផ្លូវច្បាប់ត្រឹមត្រូវដើម្បីត្រៀមចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ មានចំនួនជិត ៤០ គណបក្សហើយ៕