33 C
Phnom Penh

បញ្ញវន្តខ្មែរនៅក្រៅស្រុកថា ការដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន គឺចម្លងចេញពីការដឹកនាំរបស់ ប៉ុល ពល ទាំងស្រុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកតស៊ូរមតិ រិះគន់ថា ការដឹកនាំរបស់លោក ហ៊ុន សែន សព្វថ្ងៃនេះកំពុងដឹកនាំ ពលរដ្ឋទៅរកការបិទសិទ្ធសេរីភាព ការរើសអើង រវាងខ្មែរ និងខ្មែរ មិនខុសពីរបបប្រល័យពូជសាសន៍ ប៉ុល ពល នោះទេ។

ការអះអាងនេះធ្វើឡើងស្របពេល នៃការប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាទិវារំឭកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះ                ជាង៣លាននាក់ ដែលបានបាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ទាំងអយុត្តិធម៌។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សានៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ ខែឧសភា នេះថា ការអនុវត្តការដឹកនាំរដ្ឋាភិបាលសម័យខ្មែរក្រហម និងការដឹកនាំរបស់រដ្ឋាភិបាលសម័យលោក ហ៊ុន សែន ដូចគ្នាបេះបិទ ដើម្បីបំបិទសិទ្ធិសេរីភាពពលរដ្ឋដែលតវ៉ានឹងការដឹកនាំរបស់លោក ពលរដ្ឋទាំងនោះ តែត្រូវរងការចាប់ខ្លួន ឬរងនូវការបាញ់សម្លាប់ជាដើម។

លោក អះអាងថា ការបង្កើតឲ្យមានការរំឭកទិវានៃការចងចាំនេះ គឺជាការឆ្លៀតឱកាសកេងចំណេញនយោបាយពីមេដឹកនាំគណបក្សកាន់អំណាចតែប៉ុណ្ណោះ ប្រសិនបើពួកគេ ពិតជាត្រេកអរសាទរចំពោះសន្តិភាពរបស់ប្រជាពលរដ្ឋខ្មែរ ពិតមែន ពួកគេគួរតែបង្កើតទិវារំឭកថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ផងដែរ ព្រោះថា មានកិច្ចព្រមព្រៀង២៣ តុលា នេះ ទើបកម្ពុជា អាចទទួលបានអធិបតេយ្យភាពដូចសព្វថ្ងៃ។

លោក ម៉ែន ណាត បញ្ជាក់ថា ដើម្បីរកសេចក្តីសុខជូនពលរដ្ឋ និងកុំឲ្យរបបខ្មៅងងឹត និងឃោរឃៅ បែបនោះកើតមានលើទឹកដីកម្ពុជា មេដឹកនាំកម្ពុជា ត្រូវតែធ្វើនយោបាយបង្រួបបង្រួមជាតិ រកការចរចា និងផ្សះផ្សាជាតិ ដើម្បីឲ្យកម្ពុជា ក្លាយជាប្រទេសកាន់របបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ស្របតាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញរបស់ខ្លួន។

លោក ហ៊ុន សែន បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ ថា ដើម្បីកុំឲ្យរបបខ្មៅងងឹតវិលត្រឡប់មកវិញ សូមនាំគ្នាចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

លោក ហ៊ុន សែន អះអាងថា ថ្ងៃ ២០ ខែឧសភា គឺជាថ្ងៃដែលប្រជាជនកម្ពុជា គ្រប់ៗរូបចងចាំ និងមិនអាចបំភ្លេចបាន ចំពោះរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ដែលប្រជាពលរដ្ឋកម្ពុជា បានស្លាប់ដោយ គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ក្រោយជ័យជំនះ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានដឹកនាំប្រទេសកម្ពុជា ទៅរករបបកាប់សម្លាប់ជាពលរដ្ឋខ្លួនឯងទូទាំងប្រទេស។ ត្រឹមតែរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវបានសម្លាប់ និងស្លាប់ដោយសារ គ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ ជាដើម អស់ជាង ៣លាននាក់។

ក្រុមអ្នកឃ្លាំមើលសង្គម ត្អូញត្អែរថា ពលរដ្ឋខ្មែរ ដែលបានស្លាប់ក្នុងរបបខ្មែរក្រហម នៅតែមិនទាន់អាចរកឃាតករថាជានរណាឲ្យពិតប្រាកដនោះទេ។ ស្របពេលដែលជងរងគ្រោះដែលបានស្លាប់ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាពិសេសឧក្រិដ្ឋកម្មធំៗ រដ្ឋាភិបាលនៅតែមិនអាចវែកមុខឃាតករយកទៅផ្ដន្ទាទោសដូចគ្នា។

ពួកគេអះអាងថា ការបាញ់សម្លាប់ នាដការីក្នុងទសវត្ស៩០ អ្នកស្រី ពិសិដ្ឋ ពិលីការ មេដឹកនាំសហជីពលោក ជា វិជ្ជា សកម្មជការពារព្រៃឈើ លោក ឈុត វុទ្ធី អ្នកវិភាគនយោបាយសង្គម បណ្ឌិត កែម ឡី និងសកម្មជនដើម្បីយុត្តិធម៌សង្គមផ្សេងទៀត ជាដើម រដ្ឋាភិបាលមិនទាន់វែកមុខឃាតករពិតយកទៅផ្ដន្ទាទោសបាននៅឡើយទេ។

ជាងនេះទៀត សកម្មជនការពារបរិស្ថាន និងសកម្មជនការពារសិទ្ធិមនុស្ស ក៏ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ឃុំខ្លួនជាបន្តបន្ទាប់ នៅពេលដែលអ្នកទាំងនោះប្រឆាំងទៅនឹងការដឹកនាំរបស់លោក។

កាលពីអំឡុងឆ្នាំ ២០២០ អង្គការ World Justice project ២០២០ បានបង្ហាញរបាយការណ៍របស់ខ្លួនថា កម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងការធានានូវប្រព័ន្ធយុត្តិធម៌សង្គម ដែលបានជាប់ចំណាត់ថ្នាក់លេខ ១២៧ ក្នុងចំណោម ប្រទេសដែលបានធ្លាក់ចុះនូវប្រព័ន្ធយុត្តិធម៌ សង្គមធ្ងន់ធ្ងរទាំង១២៨។ ក្នុងនោះកម្ពុជា មានចំណាត់ថ្នាក់លើប្រទេស វេណេហ្ស៊ុយអេឡា តែមួយប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស