34 C
Phnom Penh

សង្គមស៊ីវិលថា ការឆ្លងវីរុស Covid-19 ជិត ១០០នាក់នៅខេត្តកំពង់ចាម គឺជាការធ្វេសប្រហែសរបស់ថៅកែរោងចក្រ និងអាជ្ញាធរមូលដ្ឋាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស អះអាង រិះគន់ថា ការផ្ទុះឡើងនៃវីរុសCovid-19 លើកកម្មករនិយោជិតនៅខេត្តកំពង់ចាម គឺជាការធ្វេសប្រហែសរបស់ថៅកែរោងចក្រ និងអាជ្ញាធរមូលដ្ឋានទាំងស្រុង។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីមានអ្នកឆ្លងវីរុសCovid-19  ជិត១០០នាក់ក្នុងព្រឹត្តិការណ៍សហគមន៍យ៉ាងគំហុក លើកម្មករ កម្មការិនី ក្នុងរោងចក្រមួយចំនួននៅខេត្តកំពង់ចាម កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២១ ឧសភា នេះថា ការផ្ទុះឡើងនៃការឆ្លងវីរុសCovid-19 លើកម្មកររោងចក្រទាំងនោះ គឺបណ្តាលមកពីការត្រួតពិនិត្យខាងរោងចក្រមិនបានហ្មត់ចត់លើសុវត្ថិភាពរបស់កម្មករនិយោជិតទាំងនោះ នៅពេលដែលមានការសង្ស័យតិចតួច។

លោកអះអាងថា ដើម្បីបញ្ចៀសបញ្ហានៃការផ្ទុះធ្ងន់ធ្ងរឡើងវិញនៃការចម្លងវីរុសCovid-19  នៅតាមរោងចក្រនានាក្នុងប្រទេសកម្ពុជា បន្តទៀត ថៅកែរោងចក្រត្រូវដាក់វិធានការធ្វើតេស្តជាបន្ទាន់ចំពោះបុគ្គលិកដែលមានការសង្ស័យថា មានវីរុសCovid-19  ព្រោះថាបើពួកគេពន្យារពេលនោះនឹងឆ្លងរាលដាលកាន់តែខ្លាំងដូចពេលនេះ។

លោកបញ្ជាក់ ប្រសិនបើការធ្វើតេស្ត រកឃើញថា កម្មករណាម្នាក់វិជ្ជមានវីរុសCovid-19  រោងចក្រត្រូវផ្អាកការងារភ្លាមៗ ហើយត្រូវបាញ់ថ្នាំសម្លាប់មេរោគ និងតម្រូវឲ្យបុគ្គលិកដែលឆ្លងនោះ ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវផងដែរ ប៉ុន្តែ បញ្ហានេះ ខាងរោងចក្រត្រូវរក្សានូវប្រាក់ការងាររបស់ពួកគេដូចធម្មតាដដែល។ លោកថា ការធ្វើបែបនេះ នឹងធានាបាននូវការទប់ស្កាត់ការចម្លងយ៉ាងមានប្រសិទ្ធភាព។

រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះថា កម្មករនិយោជិតដែលបានឆ្លងវីរុសCovid-19 គឺមកពីស្រុកចំនួន ៤នៃខេត្តកំពង់ចាម ដូចជា ស្រុកបាធាយ ស្រុកកំពង់សៀម ស្រុកជើងព្រៃ និងស្រុកព្រៃឈរ។ ក្នុងនោះ មានរោងចក្រចំនួន ៣ ដែលបានផ្ទុះការឆ្លងក្នុងសហគមន៍នេះ ដូចជា រោងចក្រ ខាងលីនតុន ខាមបូឌា ជាដើម។

ប្រភពដដែលបញ្ជាក់ថា ក្រោយពិនិត្យសំណាកពីក្រុមគ្រូពេទ្យ កម្មករដែលមានការសង្ស័យប្រមាណជា ៨០០នាក់ លទ្ធផលបង្ហាញថា មានអ្នកឆ្លងវីរុសCovid-19 ចំនួន ៩៣នាក់ ដែលអ្នកទាំងនោះមកពីឃុំជាង២០ទូទាំងខេត្តកំពង់ចាម និងមួយចំនួនទៀតជាកម្មករដែលទៅពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ផងដែរ។

ដោយឡែករដ្ឋបាលខេត្តបន្ទាយមានជ័យ នៅពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នេះ បានអះអាងថា ខ្លួនបានរកឃើញអ្នកឆ្លងវីរុសCovid-19 លើបុរស និងស្ត្រីជនជាតិខ្មែរ និងបរទេសចំនួន ១១៧នាក់ បន្ទាប់ពីក្រុមគ្រូពេទ្យធ្វើតេស្តរហ័យរួចមក។ យ៉ាងណាក៏ដោយ ពួកគេត្រូវបានអាជ្ញាធរខេត្តដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ពួកគេរៀងៗខ្លួនផងដែរ។

ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានចេញលិខិតទៅកាន់រាជធានីខេត្តទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន និងពង្រឹងបន្ថែមនូវវិធានការទប់ស្កាត់ការរាតត្បាតជំងឺCovid-19  និងការធ្វើចត្តាឡីស័កនៅតាមមូលដ្ឋាននៃខេត្តនីមួយៗឲ្យបានត្រឹមត្រូវជាទីបំផុត។

ជុំវិញបញ្ហារាលដាលជំងឺ Covid-19 នេះ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នេះ បានអះអាងថា ក្រសួងបានរកឃើញអ្នកវិជ្ជមានវីរុសCovid-19 ថ្មីចំនួន ៤៦០នាក់ ខណៈអ្នកជាសះស្បើយថ្មីមានចំនួនដល់ទៅ ៨២៤នាក់ និងមានអ្នកស្លាប់ថ្មី ១នាក់ផងដែរ។

ក្រសួងបញ្ជាក់ថា អ្នកឆ្លងវីរុសCovid-19 សរុបបានកើនឡើងដល់ជាង ២ម៉ឺន ៤ពាន់នាក់ហើយ រីឯអ្នកជាសះស្បើយសរុបមានចំនួនជាង ១ម៉ឺន ៦ពាន់នាក់ និងអ្នកស្លាប់បានកើនឡើងដល់ ១៦៥នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស