ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកប្រាក់ឧបត្ថម្ភ ជូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ចំនួន ៨៦៩៣នាក់ ដែលព្យួរកិច្ចសន្យាការងារស្របតាមស្មារតី នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលលើកទី៦១។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារនៅថ្ងៃទី២១ ខែឧសភា ឱ្យដឹងថា កម្មករនិយោជិត ចំនួនជិត ៨ពាន់ ៧រយនាក់ (៨,៦៩៣) នៃរោងចក្រ សហគ្រាសទាំង៤៩ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល គឺធនាគារឯកទេសវីង នឹងផ្ញើសារអំពីការ បើកប្រាក់ឧបត្ថម្ភ របស់រដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្ដល់ មកឱ្យក្រសួងតាមរយៈរដ្ឋបាល រោងចក្រ និងសហគ្រាសនាពេលកន្លងមក។
ក្រសួងការងារ បានឲ្យដឹងទៀតថា ប្រាក់ឧបត្ថម្ភនេះនឹងត្រូវផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះទឹកប្រាក់ចំនួន ជាង ៦ម៉ឺនរៀល (៦០,៧៥០) ឬស្មើ ១៥ដុល្លារអាម៉េរិក សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១០ថ្ងៃ។
ទឹកប្រាក់ចំនួនជាង ១២ម៉ឺនរៀល (១២១,៥០០) ឬស្មើនឹង ៣០ដុល្លារអាម៉េរិក សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលពី ១១ថ្ងៃ ដល់ ២០ថ្ងៃ និងទឹកប្រាក់ចំនួនជាង ១៦ម៉ឺនរៀល (១៦២,០០០) ឬស្មើនឹង ៤០ដុល្លារអាម៉េរិក សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។
ទោះយ៉ាងណាក្រសួងការងារ បានរំឭកថា ធនាគារ នឹងបង្វិលប្រាក់ឧបត្ថម្ភនេះទៅរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារឯកទេសវីង៕