សង្គមស៊ីវិល និងសាច់ញាតិ អ្នកជាប់ឃុំបង្ហាញក្ដីបារម្ភពីសុវត្ថិភាពអ្នកជាប់ពន្ធនាគារ ក្រោយពីអ្នកជាប់ឃុំនៅពន្ធនាគារព្រៃសជិត ២០នាក់ ត្រូវបានរកឃើញថា ឆ្លងជំងឺCovid-19 ។
ក្ដីបារម្ភនេះ ធ្វើឡើងបន្ទាប់ពីប្រធានមណ្ឌលអប់រំកែប្រែទី១ នៃក្រសួងមហាផ្ទៃ បានស្នើសុំផ្អាកការដឹកអ្នកជាប់ឃុំនៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ ឡើងមកចូលរួមសវនាការនៅតុលាការបណ្ដោះអាសន្ន ក្រោយរកឃើញអ្នកជាប់ឃុំចំនួន១៨នាក់ នៅក្នុងពន្ធនាគារនេះ ឆ្លងជំងឺCovid-19 ។
ប្រធានពន្ធនាគារម ១ លោក យិន គន្ធ បានផ្ញើលិខិត ទៅតុលាការរាជធានីភ្នំពេញ បង្ហាញពីកម្មវត្ថុផ្អាកជាបន្ទាន់ ក្នុងការនាំអ្នកជនជាប់ឃុំ ទៅជំនុំជម្រះ និងសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២០ ខែឧសភានេះតទៅ ដោយលើកហេតុផលថា មានអ្នកជាប់ឃុំ ១៨នាក់ ផ្ទុកជំងឺCovid-19។
អ្នកជាប់ឃុំទាំង ១៨ នាក់ ដែលឆ្លងជំងឺCovid-19 ខាងពន្ធនាគារនៅមិនទាន់រកឃើញប្រភពចម្លងនេះនៅឡើយ ដោយថា បច្ចុប្បន្នកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់និងប្រយោល ដើម្បីយកមកធ្វើតេស្តរកជំងឺCovid-19 ។
ករណីនេះ អគ្គនាយកដ្ឋានពន្ធនាគារ ស្នើសុំផ្អាកដឹកអ្នកជាប់ឃុំពីមណ្ឌលអប់រំកែប្រែទី១ (ម១) ឬពន្ធនាគារព្រៃស ទៅចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍មួយរយៈសិន គិតចាប់ពីថ្ងៃទី២០ ខែឧសភានេះ។
ក្មួយប្រុសលោក រ៉ុង ឈុន គឺលោក រ៉ុង វិជ្ជា បង្ហាញក្ដីបារម្ភចំពោះសុវត្តិភាពរបស់លោក រ៉ុង ឈុន និងអ្នកជាប់ឃុំដទៃទៀត ព្រោះបន្ទប់នៅក្នុងពន្ធនាគារមានសភាពតូចចង្អៀត គ្មានអនាម័យ ដែលងាយនឹងឆ្លងជំងឺCovid-19 ។ លោកស្នើទៅឱ្យដោះលែងលោក រ៉ុង ឈុន និងអ្នកជាប់ឃុំដទៃទៀតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយថា ដើម្បីបញ្ចៀសការឆ្លងរាលដាលជំងឺCovid-19 ខណៈពូរបស់លោក និងសកម្មជនបរិស្ថានជាដើម ដែលធ្វើការងារសង្គមត្រូវជាប់ពន្ធនាគារទាំងអយុត្តិធម៌។
ពន្ធនាគារព្រៃសរាជធានីភ្នំពេញ គឺជាពន្ធនាគារទី២ហើយ ដែលមានអ្នកជាប់ឃុំឆ្លងជំងឺCovid-19 បន្ទាប់ពីពន្ធនាគារខេត្តព្រះសីហនុ ដែលបានរកឃើញអ្នកជាប់ចំនួន ៣៤នាក់ ឆ្លងជំងឺCovid-19 កាលពីថ្ងៃទី១០ ខែឧសភា។
បើតាមមន្ត្រីពន្ធនាគារលើកឡើងថា បច្ចុប្បន្នកម្ពុជា មានអ្នកជាប់ឃុំនៅពន្ធនាគារទូទាំងប្រទេស ៤ម៉ឺននាក់។ កន្លងមកអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្ស ធ្លាប់លើកឡើងថា ចំនួនអ្នកជាប់ឃុំច្រើននេះបានធ្វើឱ្យពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទាំងអស់មានភាពចង្អៀតណែនខ្លាំង ដោយសារ លើសចំណុះ។
កាលពីចុងឆ្នាំ២០២០ អង្គការសិទ្ធិមនុស្សជាតិ (លីកាដូ) និងអន្តរជាតិ (AmnestyInternational) (Human Rights Watch) បានទទូចឱ្យរដ្ឋាភិបាលចាត់វិធានការឱ្យឆាប់ ដើម្បីការពារសិទ្ធិទទួលបានសេវាសុខភាពរបស់អ្នកជាប់ឃុំក្នុងពន្ធនាគារ ក្នុងការអនុវត្តវិធានការអនាម័យ និងរក្សាគម្លាតសង្គមនៅក្នុងពន្ធនាគារឲ្យមានប្រសិទ្ធភាព៕