ក្រុមហ៊ុនទ្រីភាព បានប្រើគ្រឿងចក្រជាច្រើនគ្រឿង ឈូសឆាយកន្លែងប្រវត្តិសាស្ត្រ បញ្ជាក់អត្តសញ្ញាណរបស់ជនជាតិដើមភាគតិចកួយ ក្នុងខេត្តព្រះវិហារ។
ជនជាតិដើមភាគតិចកួយជាច្រើនគ្រួសារ រស់នៅរស់នៅ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ចោទក្រុមហ៊ុនទ្រីភាព ថា បានបំផ្លាញទីកន្លែងអាស្រ័យផល ទឹកស្ទឹង ដីព្រៃពនេចរ និងព្រៃសមូហភាព របស់ពួកគេអស់ជិត ១រយហិកតារ នៅរយៈពេល ១០ខែកន្លងមកនេះ។
ពលរដ្ឋថា ក្រុមហ៊ុន បានប្រើគ្រឿងចក្រ ៣គ្រឿង ឈូសឆាយ នៅទីតាំងសន្លុងស្លដែក ដែលអ្នកភូមិហៅកន្លែងនោះថា តម្កល់អត្តសញ្ញាណប្រវត្តិសាស្ត្រជនជាតិកួយ។ តំណាងជនជាតិដើមភាគតិចកួយ ឱ្យដឹងថា មេការក្រុមហ៊ុនឈ្មោះតយ ឈូសឆាយកម្ទេចកន្លែង ប្រវត្តិសាស្ត្រកួយ ឋិតនៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ដែលអ្នកភូមិថែរក្សាតំបន់នោះ ជាកន្លែងគោរពបូជា អារក្សអ្នកតា និងព្រៃជំនឿ។
ជនជាតិដើមភាគតិចកួយ បានបង្ហោះសារអំពាវនាវឱ្យ អាជ្ញាធរខេត្តព្រះវិហារ រក្សាតំបន់នោះឱ្យគង់វង្ស និងហាមឃាត់គ្រឿងចក្រក្រុមហ៊ុន ទ្រីភាព ជាបន្ទាន់ ព្រោះសកម្មភាពឈូសឆាយនោះ ធ្វើបាត់បង់ទីកន្លែងបង្កបង្កើនផលយ៉ាងសំខាន់របស់អ្នកស្រុកជាច្រើនគ្រួសារ។
ក្រុមហ៊ុនទ្រី ភាព( TRY PHEAP IMPORT EXPORT CO., LTD. ) វិនិយោគដំណាំកៅស៊ូ និងដំណាំឧស្សាហកម្មផ្សេងទៀត។ អ្នកភូមិថា ក្រុមហ៊ុននេះ បានឈូសឆាយបាត់បង់ព្រៃស្រោងទ្រង់ទ្រាយធំ លុបទឹកអូរ និង ព្រៃចម្ការវិលជុំរបស់ជនជាតិដើមភាគតិចកួយ អស់ជាបន្តបន្ទាប់។ ក្រុមហ៊ុន ទ្រីភាព ទទួលសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលទំហំជិត ១ម៉ឺនហិកតារ (៩.៩១៦)តាំងពីឆ្នាំ ២០១១ ៕