26 C
Phnom Penh

អ៊ីស្រាអែលយល់ព្រមទទួលយកបទឈប់បាញ់ជាមួយប៉ាឡេស្ទីនក្រោយពីសង្គ្រាម១១ថ្ងៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ៊ីស្រាអែល បានយល់ព្រមទទួលយកបទឈប់បាញ់ជាមួយនឹងពួកហាម៉ាស់ ប៉ាឡេស្ទីន  បន្ទាប់ពីការវាយប្រយុទ្ធដាក់គ្នាយ៉ាងបង្ហូរឈាមដែលបានផ្ដាច់ជីវិត ជនជាតិប៉ាឡេស្ទីន ២៣២នាក់ ក្នុងតំបន់ហ្គាហ្សា និង១២នាក់ស្លាប់នៅអ៊ីស្រាអែល។

ទីភ្នាក់ងារព័ត៌មាន Reuters បានធ្វើសេចក្ដីរាយការណ៍នៅថ្ងៃសុក្រ ទី២១ ខែឧសភា ថាបទឈប់បាញ់នេះសម្រេចបានក្រោមការសម្របសម្រួលរបស់ប្រទេសអេហ្ស៊ីប ត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអន្តរជាតិដាក់សម្ពាធយ៉ាងខ្លាំងឱ្យភាគី ពាក់ព័ន្ធទាំង២បញ្ចប់ជម្លោះជាបន្ទាន់ជាពិសេស ភាគីអ៊ីស្រាអែល ដែលជាភាគីខ្លាំងក្នុងជម្លោះនេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន គឺការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាគណៈរដ្ឋមន្ត្រីនិងទីប្រឹក្សាសន្តិសុខរបស់លោកបានអនុម័តជាឯកច្ឆន្ទលើអនុសាសន៍ពីក្រុមមន្ត្រីសន្តិសុខដោយទទួលយកគំនិតផ្ដួចផ្ដើមរបស់អេហ្ស៊ីបចំពោះបទឈប់បាញ់ ដោយគ្មានលក្ខខណ្ឌ។

ចំណែកឯក្រុមហាម៉ាស់ និងក្រុម Islamic Jihad ប៉ាឡេស្ទីនក៏បានទទួលយកបទឈប់បាញ់នេះដែរ ជាមួយការស្នើសុំឲ្យចូលជាធរមាននៅម៉ោង ២ទៀបភ្លឺឈានចូល ថ្ងៃសុក្រនេះ។ ប៉ុន្តែមុនចូលឈានដល់បទឈប់បាញ់គ្នានេះ ប្រធានាធិបតី ប៉ាឡេស្ទីនលោក ម៉ាមូដ អាបាស បាននិយាយទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក  អង់តូនីញ៉ូហ្គូតារ៉េស ដោយទទួលយកការយល់ព្រមបញ្ចប់ការប្រយុទ្ធគ្នា។ ប៉ុន្ដែសារព័ត៌មានម៉ាឡេស៊ី Bernama បានចុះផ្សាយថា ប្រធានាធិបតីប៉ាឡេស្ទីន អំពាវនាវសុំឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារមកលើដែនដីប៉ាឡេស្ទីន។

លោកប្រធានាធិបតីរូបនេះបាននិយាយទៅកាន់លោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ អង់តូនីញ៉ូ ថា ដែនដីហ្កាសាស្រ្ទីប ទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតដោយសារតែការវាយប្រហារពីលើអាកាសរបស់កងទ័ពអ៊ីស្រាអែល មិនតែប៉ុណ្ណោះគឺសូម្បីតែលំនៅដ្ឋានរបស់ជនស៊ីវិលមន្ទីរពេទ្យ ក៏ត្រូវបានរងដោយសារការវាយប្រហាររបស់អ៊ីស្រាអែលផងដែរ។

នៅក្នុងកិច្ចសន្ទនាគ្នាជាគ្នានេះ  មេដឹកនាំទាំងពីរបានឈានដល់ការធ្វើសេចក្ដីថ្លែងការណ៍រួមគ្នាដោយទទូចដល់អ៊ីស្រាអែល ឲ្យទទួលយកបទឈប់បាញ់គ្នា។

នៅក្នុងសេចក្ដីថ្លែងការណ៍នេះប្រធានាធិបតីប៉ាឡេស្ទីន បានប្រាប់លោកហ្គូតារ៉េសថា ការវាយប្រហាររបស់អ៊ីស្រាអែល គឺជាសោកដនាកម្ម ដ៏ឈឺចាប់បំផុត ហើយអ៊ីស្រាអែល គឺជាឧក្រិដ្ឋជនប្រឆាំងនឹងមនុស្សជាតិ ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។

លោកប្រធានាធិបតីប៉ាឡេស្ទីនបានទទូចទៀតថា ពិភពលោកទាំងមូលត្រូវតែរួមគ្នាបញ្ឈប់អោយបានទង្វើរបស់អ៊ីស្រាអែលវាយប្រហារទៅលើប្រជាជន និងដែនដីប៉ាឡេស្ទីនព្រោះអ៊ីស្រាអែលមានបំណងចង់កាន់កាប់ដែនដីប៉ាឡេស្ទីនទាំងមូលមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ 

ស្របពេលជាមួយគ្នានេះ ប្រជាជនប៉ាឡេស្ទីនបានប្រមូលផ្តុំគ្នា នៅព្រឹកថ្ងៃសុក្រនេះបន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាននៅក្នុងដែនដីហ្គាហ្សា ដោយពលរដ្ឋជាច្រើនមើលឃើញថា គឺជាការទទួលបានជ័យជំនះរបស់ប៉ាឡេស្ទីន។

សង្គ្រាមរយៈពេល ១១ ថ្ងៃបានបណ្តាល ឲ្យមនុស្សស្លាប់ជាង ២៣០ នាក់ដែលភាគច្រើនជាជនជាតិប៉ាឡេស្ទីន ហើយបាននាំមកនូវការបំផ្លិចបំផ្លាញ រាលដាលដល់តំបន់ហ្គាហ្សាស្ទ្រីប ដែលគ្រប់គ្រងដោយប៉ាឡេស្ទីន។

បទឈប់បាញ់ប្រឈមមុខនឹងការសាកល្បងដំបូងមួយនៅពេលប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ចូលរួមពិធីបួងសួងប្រចាំសប្តាហ៍សម្រាប់ថ្ងៃសុក្រនៅឯវិហារ Al-Aqsa ជាវិហារអ៊ីស្លាមនៅក្រុងយេរូសាឡិមដែលជាកន្លែងសក្ការៈបូជាត្រូវបានគោរពដោយជនជាតិយូដានិងមូស្លីម។

មនុស្សរាប់ពាន់នាក់បានធ្វើដំណើរតាមដងផ្លូវនៅតំបន់ហ្កាហ្សាដោយហេតុថាបទឈប់បាញ់បានកើតឡើងនៅម៉ោង ២ ទាបភ្លឺព្រឹកថ្ងៃសុក្រនេះ ។ យុវជនវ័យក្មេងជាច្រើនបានគ្រវីទង់ជាតិប៉ាឡេស្ទីន និងហាម៉ាសដោយ បាញ់កាំជ្រួចអបអរសាទរ។ ការប្រារព្ធពិធីមួយទៀតក៏បានធ្វើឡើងនៅភាគខាងកើត ក្រុងយេរូសាឡឹម និងនៅទូទាំងតំបន់វេសប៊ែង ដែលកាន់កាប់ដោយប៉ាឡេស្ទីន។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបេនចាមីនណេតាន់យ៉ាហ៊ូបានប្រឈមនឹងការចោទប្រកាន់ ពីក្រុមស្តាំនិយមរបស់លោកដោយវាយប្រហារថាលោកបានបញ្ឈប់សង្គ្រាមឆាប់ៗពេក ។

ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាផ្តល់ជំនួយមនុស្សធម៌ និងការកសាង ឡើងវិញសម្រាប់តំបន់Gaza ខណៈលោកបានសម្ដែងការសាទរចំពោះកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ការបាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងរយៈពេល ១១ថ្ងៃ។

តែនៅជាមួយគ្នានេះ លោក Biden បានបង្ហាញខ្លួនរយៈពេលខ្លីនៅឯសេតវិមាន បន្ទាប់ពីមានព័ត៌មានអំពីកិច្ចព្រមព្រៀងឈប់បាញ់គ្នាចូលជាធរមាន។

លោកក៏បានសន្យាថានឹងបំពេញបន្ថែមប្រព័ន្ធការពារមីស៊ីល Iron Dome របស់អ៊ីស្រាអែលឱ្យកាន់តែមានអនុភាព បើទោះបីជាមានការតវ៉ាពីសំណាក់ក្រុមប្រជាធិបតេយ្យអំពីគម្រោងលក់អាវុធរបស់សហរដ្ឋអាមេរិក ដល់អ៊ីស្រាអែលថែមទៀតក៏ដោយ។

លោក Biden បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងធ្វើការតាមរយៈអង្គការសហប្រជាជាតិ និងអ្នកពាក់ព័ន្ធអន្តរជាតិដទៃទៀត ដើម្បីផ្តល់ជំនួយមនុស្សធម៌ យ៉ាងឆាប់រហ័ស និងដើម្បីគាំទ្រជាអន្តរជាតិទៅដល់ប្រជាជននៅតំបន់ហ្គាហ្សា និងសម្រាប់កិច្ចប្រឹងប្រែងកសាងឡើងវិញនៅតំបន់ហ្គាហ្សា។

លោកសន្យាថានឹងធ្វើកិច្ចសហប្រតិបត្តិការនេះជាមួយ អាជ្ញាធរប៉ាឡេស្ទីន តែមិនមែនក្រុមហាម៉ាស់ទេ ដោយមិនអនុញ្ញាតឱ្យ ក្រុមហាម៉ាស់ស្តុកឡើងវិញនូវឃ្លាំងអាវុធរបស់ខ្លួនឡើយ។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Antony Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអ៊ែលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត ដើម្បីជួបជាមួយសមភាគីអ៊ីស្រាអែល និងប៉ាឡេស្ទីនដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ស្ដារឡើងវិញ និង ធ្វើការរួមគ្នាដើម្បីកសាងអនាគតល្អប្រសើរសម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីន។

ជម្លោះជាង១១ថ្ងៃមកនេះ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីនបានបណ្ដាលអោយ ជនជាតិប៉ាឡេស្ទីន ២៣២បានស្លាប់ ក្នុងនោះកុមារ៦៥នាក់ និង ១ពាន់ ៩រយនាក់ ផ្សេងទៀតរងរបួស។ រីឯ១២ម៉ឺននាក់ត្រូវភៀសខ្លួនពីផ្ទះរបស់ពួកគេ។ ចំណែកឯអ៊ីស្រាអែលវិញបានអះអាងថាមនុស្ស១២នាក់បានស្លាប់ដោយសារគ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស់ ដែលបានបាញ់គ្រប់រ៉ុក្កែតច្រើនជាង ៤ពាន់ ៣រយដើមមកលើអ៊ីស្រាអែល តែក្នុងនោះ៩០% ត្រូវបានបំផ្លាញមិនអោយធ្លាក់ដល់ដីនដោយប្រព័ន្ធមីស៊ីល Iron Dome៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស