29 C
Phnom Penh

អ្នកវិភាគថា ប្រជាធិបតេយ្យនឹងគ្មានខ្លឹមសារទេ បើអ្នកនយោបាយនៅតែបន្តប្រើប្រាស់អំណាចលើសព្រំដែនកំណត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកឃ្លាំមើលសង្គម ត្អូញត្អែរថា ប្រជាធិបតេយ្យនឹងមានត្រឹមតែទម្រង់ប៉ុណ្ណោះ ប៉ុន្តែគ្មានខ្លឹមសារនោះទេ ប្រសិនបើ អ្នកនយោបាយនៅតែបន្តប្រើប្រាស់អំណាចលើសព្រំដែនកំណត់ដែលបានចែងក្នុងច្បាប់ដូចសព្វថ្ងៃនេះ។

អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោក កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នេះថា ដើម្បីជួយឲ្យប្រជាធិបតេយ្យសេរីពហុបក្សមានខ្លឹមសារពិតប្រាកដ និងមានដំណើរការល្អត្រឹមត្រូវ អ្នកនយោបាយត្រូវតែប្រើប្រាស់អំណាចរបស់ខ្លួនតាមគន្លង ក្នុងដែនកំណត់ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញជាដាច់ខាត។

លោកអះអាងថា មេដឹកនាំនយោបាយដែលកំពុងក្តាប់អំណាចក្នុងដៃ គួរតែបើកលំហប្រជាធិបតេយ្យសម្រាប់ជួយដល់ការរៀបចំការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព តាមនីតិវិធីជ្រើសរើសអ្នកតំណាងរបស់ពលរដ្ឋ ជាសម្ងាត់ដោយគ្មានការគំរាមកំហែង ការបំភ័យ និងការទិញទឹកចិត្តជាដើម។

បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា បើអ្នកនយោបាយមិនអាចរៀបចំឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ទេ នោះ                     ប្រជាធិបតេយ្យមានតែទម្រង់ ឲ្យល្អមើលតែប៉ុណ្ណោះ ប៉ុន្តែគ្មានន័យខ្លឹមសារពិតប្រាកដនោះទេ ដែលប្រាស់ចាកពីឆន្ទ:របស់ពលរដ្ឋខ្មែរ ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ទាំងស្រុង ទៀតផង។

ការអះអាងនេះធ្វើឡើងដើម្បីរិះគន់ អ្នកនយោបាយនៅកម្ពុជា ដែលតែងប្រើប្រាស់អំណាចរបស់ខ្លួន រំលោភលើច្បាប់របស់កម្ពុជា ដើម្បីប្រជែងអំណាចគ្នាដែលធ្វើឲ្យ ប្រព័ន្ធប្រជាធិបតេយ្យរបស់ប្រទេសធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។

លោក ហ៊ុន សែន អះអាង ក្នុងកិច្ចប្រជុំសន្និសីទអន្តរជាតិ ដើម្បីអនាគតអាស៊ី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ថា កម្ពុជា នៅតែអនុវត្តគន្លងប្រជាធិបតេយ្យសេរីពហុបក្សដដែល ព្រោះថា រាល់អាណត្តិនៃការបោះឆ្នោតអសកល និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ តែងមានគណបក្សនយោបាយជាច្រើនចូលរួមប្រកួតប្រជែង មិនមែនធ្វើឡើងដោយឯកបក្សនោះទេ។

លោកបានបង្ហើបថា មន្ត្រីបក្សប្រឆាំងដែលបានសុំសិទ្ធិធ្វើនយោបាយឡើង ពួកគេនឹងទៅបង្កើតបក្សដោយខ្លួនដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ក្នុងឆ្នាំ២០២២ ខាងមុខ មិនខាន។

ក្នុងន័យនេះលោក ចង់បញ្ជាក់ថា ការសុំសិទ្ធិធ្វើនយោបាយឡើងវិញ និងការបង្កើតគណបក្សនយោបាយថ្មីៗបន្ថែមទៀតពីមន្ត្រីបក្សប្រឆាំងនោះហើយគឺជាដំណើរការប្រជាធិបតេយ្យសេរីពហុបក្សដែលកម្ពុជា កំពុងអនុវត្តសព្វថ្ងៃនេះ។

ទាក់ទិននឹងបញ្ហានេះ កាលពីឆ្នាំ២០១៨ មានគណបក្សនយោបាយចំនួន២០ បានចូលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប៉ុន្តែគណបក្សនយោបាយទាំង១៩ ក្រៅពីគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន មិនទទួលបានសំឡេងគាំទ្រពីពលរដ្ឋម្ចាស់ឆ្នោតដើម្បីបានអាសនៈសភា នោះទេ បើទោះបីជា គណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ដែលមានពលរដ្ឋគាំទ្រជាង ៣លាននាក់ ត្រូវបានរំលាយកាលពីឆ្នាំ២០១៧ក៏ដោយ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ដំណើរការប្រជាធិបតេយ្យ មិនមែនស្ថិតតែទៅលើមានគណបក្សនយោបាយចូលរួមច្រើននោះទេ ប៉ុន្តែ ថាតើដំណើរបោះឆ្នោតនោះប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ដែរ ឬទេ?

លោកអះអាងថា ដើម្បីឲ្យការបោះឆ្នោតប្រកបដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលជាខ្លឹមសារពិតនៃរបបប្រជាធិបតេយ្យសេរីពហុបក្ស គណបក្សនយោបាយទាំងអស់ ត្រូវមានសិទ្ធិស្មើគ្នាមិន ថាគណបក្សជំទាស់ ឬគណបក្សកាន់អំណាចនោះទេ ដូចជា ការជួបប្រជុំ ការឃោសនារកសំឡេងឆ្នោត ការការធ្វើយុទ្ធនាការផ្សេងៗ លើសពីនេះ ក៏មិនត្រូវឲ្យមានការគំរាមកំហែង ដល់សកម្មជនយោបាយនៅមូលដ្ឋាននោះដែរ។ ជុំវិញបញ្ហានេះ អង្គការស្ថាប័ន និងសមាគមន៍ជាតិ និងអន្តរជាតិ មួយចំនួន បង្ហាញការមើលឃើញចំពោះការអនុវត្តប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា ក្រោមការដឹកនាំនៃរដ្ឋាភិបាលរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា កំពុងតែធ្វើឲ្យធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។

ដោយសារវិបត្តិលទ្ធិប្រជាធិបតេយ្យដែលធ្លាក់ចុះធ្ងន់ធ្ងរ ស្តារមិនទាន់រួចនេះ បានជាគណៈកម្មាធិការសហភាពអឺរ៉ុប សម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ចំពោះការនាំទំនិញចូលទៅកាន់ទីផ្សារអឺរ៉ុប កាលពីឆ្នាំ២០២០ ពីកម្ពុជាផងដែរ។

គណៈកម្មាធិការនោះ បញ្ជាក់ថា បើរដ្ឋាភិបាលកម្ពុជា ចង់បានប្រព័ន្ធអនុគ្រោះពន្ធនេះឡើងវិញ គ្រាន់តែស្ដារលទ្ធិប្រជាធិបតេយ្យ ហើយបញ្ឈប់ការរំលោភសិទ្ធិមនុស្ស សិទ្ធិការងារ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសកម្មជន និងមន្ត្រីបក្សប្រឆាំង នោះកម្ពុជា នឹងទទួលបានប្រព័ន្ធអនុគ្រោះនេះឡើងវិញជាមិនខាន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស