សាធារណជន និងអ្នករងគ្រោះដោយប្រព័ន្ធតុលាការនៅ កម្ពុជា ស្នើដល់ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតចំពោះការដោះលែងជនឧក្រិដ្ឋជនគ្រឿងញៀនឈ្មោះ គិត ធាង ថៅកែក្លិបកម្សាន្តរ៉ក ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងគ្រឿងញៀនជិត ៥០គីឡូក្រាម ដែលត្រូវដោះលែងឲ្យមានសេរីភាពស្ងាត់ៗ កាលពីប៉ុន្មានសប្តាហ៍មុននេះ ថាតើមាននរណាខ្លះជាប់ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងការដោះលែងនេះ?
សំណើរបស់សាធារណជនបែបនេះ ធ្វើឡើងក្រោយពេល លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីពេលថ្មីៗនេះ បានប្ដេជ្ញាថា ចាប់ពីពេលនេះតទៅ ដាច់ខាតមិនអត់ឱនឲ្យ ចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីទាំងឡាយណា ដែលប្រព្រឹត្តិអំពើពុករលួយ នៅលើសំណុំរឿងអ្វីមួយជាដាច់ខាត។
ប្រជាពលរដ្ឋកំពុងទន្ទឹងរង់ចាំមើលចំណាត់ការ របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌រូបនេះថា តើហ៊ានបញ្ចេញកណ្ដាប់ដៃដែក ឬមានចិត្តក្លាហាន បើកការស៊ើបអង្កេតសំណុំរឿងឧក្រិដ្ឋកម្មគ្រឿងញៀន នេះដែរ ឬទេ?
ខណៈ លោក កើត រីទ្ធ ព្រមានថា ចាប់ពីពេលនេះតទៅ ដាច់ខាតមិនអត់អោនឲ្យចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីទាំងអស់ ដែលប្រព្រឹត្តិអំពើពុករលួយទៀតឡើយ។
ឧក្រិដ្ឋជនគ្រឿងញៀនឈ្មោះ គិត ធាង ដែលជាប់ចោទលើសំណុំរឿងបទល្មើសគ្រឿងញៀនជិត ៥០គីឡូក្រាម បែរជាត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចក្តីឲ្យជនល្មើសរូបនេះ ជាប់ពន្ធនាគារ តែ០៤ឆ្នាំ។ ចំណែកការអនុវត្តទោសនៅក្នុងគុកបានប្រមាណតែ ០២ឆ្នាំប៉ុណ្ណោះ ក៏ត្រូវសាលាឧទ្ធរណ៍ សម្រេចដោះលែងឲ្យមានសេរីភាពវិញស្ងាត់ៗទៅវិញ។
ការដោះលែងមេឈ្មួញគ្រឿងញៀនឈ្មោះ គិត ធាង នេះ ពលរដ្ឋ បាន រិះគន់ប្រព័ន្ធតុលាការកម្ពុជា ថាបានអនុវត្តតួនាទីផ្ទុយគ្នាស្រឡះ រវាងសំណុំរឿង អ្នកទោសមនសិការ សកម្មជនការពារព្រំដែន ពលរដ្ឋមានទំនាស់ដីធ្លី និងសកម្មជនការពារព្រៃឈើ។ ទោះជាបែបនេះក្តី សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចមានប្រភពទាក់ទង លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបំភ្លឺលើករណីសាលាឧទ្ធរណ៍ សម្រេចដោះលែងមេឧក្រិដ្ឋកម្មគ្រឿងញៀនឈ្មោះ គិត ធាង ថៅកែក្លិបកម្សាន្តរ៉ក បានទេនៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ៕