33 C
Phnom Penh

មន្ទីរឯកជនមួយបង្ហាញតារាតម្លៃបន្ទប់ និងការធ្វើតេស្ដ រួមទាំងតម្លៃថ្នាំព្យាបាលCovid-19

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ទីរពហុព្យាបាល និងសម្ភពវិសាលសុខ ដែលទទួលបានសិទ្ធិព្យាបាលអ្នកទទួលជំងឺCovid-19 បានបង្ហាញតារាងតម្លៃបន្ទប់ចន្លោះពី ២៥០ដុល្លារដល់ ១ពាន់ ២រយដុល្លារ ខណៈតម្លៃធ្វើតេស្ត គិតផ្សេង។

ក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាតកាលពីថ្ងៃទី៤ ខែឧសភា ឱ្យមន្ទីរពេទ្យឯកជនចំនួន៣ មានសិទ្ធិព្យាបាលអ្នកជំងឺCovid-19។

មន្ទីរពេទ្យទាំងនោះ មានដូចជា មន្ទីរពេទ្យសង់ត្រាល់ មានទីតាំងនៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មានទីតាំងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមន្ទីរពហុព្យាបាលវិសាលសុខ ស្ថិតនៅលើផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។

សេចក្ដីជូនដំណឹងរបស់មន្ទីរពហុព្យាបាល និងសម្ភពវិសាលសុខ ឱ្យដឹងថា អ្នកជំងឺCovid-19 ដែលសម្រាកនៅបន្ទប់ម៉ាស៊ីនត្រជាក់គ្រែ២ និងគ្រែ៤ តម្លៃ ២៥០ដុល្លារ ខណៈតម្លៃបន្ទប់ម៉ាស៊ីនត្រជាក់តូច និងធំតម្លៃ ៤០០ ទៅ៥០០ដុល្លារ។

សេចក្ដីជូនដំណឹងថា សម្រាប់បន្ទប់ VIP តម្លៃ ៧០០ដុល្លារ ហើយបន្ទប់ SUPER VIP តម្លៃ១ពាន់ដុល្លារ ខណៈបន្ទប់សង្គ្រោះបន្ទាន់ ១ពាន់ ២រយដុល្លារ ដោយតម្លៃខាងលើរួមបញ្ចូលទាំងបន្ទប់ ថ្លៃម្ហូបអាហារ គ្រូពេទ្យពិនិត្យព្យាបាល សេវ៉ាគ្រូពេទ្យ ថ្លៃថត X–Ray ក្នុងនោះ បើថតពីរដងត្រូវគិតបន្ថែម ៦០ដុល្លារ ទៀត។

ចំណែកតម្លៃថ្នាំចាប់ពី ២០ដុល្លារឡើងទៅ ដោយតម្លៃនេះ ត្រូវបង់បន្ថែមមុនប្រើគ្រូពេទ្យ ហើយថ្នាំដែលប្រើជាប្រចាំមានតម្លៃក្រោម ២០ដុល្លារ ក្នុងនោះ ការធ្វើតេស្ដ ក្នុងអាទិត្យដំបូង មិនគិតប្រាក់ ប៉ុន្តែពេលតេស្ដលើកអាទិត្យទី២ តម្លៃ ១៣០ដុល្លារ ។

សេចក្ដីជូនដំណឹងថា អ្នកជំងឺCovid-19 ទាំងអស់សម្រាកព្យាបាលរយៈពេល ១០ ទៅ ២០ថ្ងៃ ទៅតាមស្ថានភាពជំងឺធ្ងន់ ឬស្រាល។

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បានសរសេរនៅលើទំព័រ Facebook របស់លោស្រីថា ខណៈដែលជំងឺរាតត្បាតកំពុងតែបន្តការអនុញ្ញាត និងសហការរវាងមន្ទីរព្យាបាលរដ្ឋ និងឯកជននោះ អ្នកស្រីថា ជាយុទ្ធសាស្ត្រល្អ និងដើម្បីឆ្លើយតបនឹងស្ថានការណ៍ ដែលពេទ្យរដ្ឋពុំអាចមានលទ្ធភាពទទួលព្យាបាលនូវចំនួនដ៏លើសលុបក្នុងពេលតែមួយនោះ។

ទោះជាយ៉ាងណាក្តី ត្រូវមានការបញ្ជាក់ និងសម្រួលបន្ថែមទៀត ពីរបបសន្តិសុខសង្គម ក្នុងនោះ គួរបញ្ចូលក្នុងក្របខណ្ឌដែលរបបនេះអាចគ្របដណ្តប់លើការព្យាបាលផងដែរ និងពង្រីកវិសាលភាពលើសនេះ ព្រោះការព្យាបាលជំងឺនេះ តាមមន្ទីរពេទ្យរដ្ឋ គឺមិនត្រូវបានគិតថ្លៃសម្រាប់ពលរដ្ឋខ្មែរនោះទេ។

អ្នកស្រីថា ដើម្បីធានានូវសុខភាពសាធារណៈ ក្នុងកាលៈទេសៈនេះ រដ្ឋគួរមានយន្តការបន្ថែមជាមួយមន្ទីរពេទ្យឯកជន ដែលធានានូវតម្លៃស្តង់ដារសមស្របមួយ ដែលរដ្ឋគួរបន្តគ្របដណ្តប់លើការចំណាយនោះជារួម បើមិនដូច្នេះទេ នឹងបង្កនូវបាតុភាពវិសមភាពនៃការទទួលបានការព្យាបាលទាន់ពេលវេលា ឬការទុកឱ្យពលរដ្ឋដែលគ្មានលទ្ធភាពប្រឈម។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ថា អំឡុងពេលនេះ រដ្ឋាភិបាលមិនគួរឱ្យមន្ទីរពេទ្យឯកជនព្យាបាលអ្នកជំងឺCovid-19 ឡើយ ព្រោះបើតារាតម្លៃរបស់មន្ទីរពេទ្យឯកជន ក្នុងការព្យាបាលអ្នកជំងឺCovid-19 រាប់រយដុល្លារ ដែលតម្លៃ នេះបង្ហាញឱ្យឃើញថា មន្ទីរពេទ្យទាំងអស់នោះ មិនបានចូលរួមដោះស្រាយ និងទប់ស្កាត់ជំងឺCovid-19 ឡើយ។

លោកបន្តថា រដ្ឋាភិបាលគួរតែឱ្យពួកគាត់ចូលរួមសហការ និងធ្វើវិភាគទានដោយផ្នែកណាមួយ ហើយក្នុងដំណាក់កាលនេះ រដ្ឋាភិបាលគួរតែបញ្ចេញថវិកា ដើម្បីជួយដល់មន្ទីរពេទ្យទាំងនោះ ឱ្យចូលរួមព្យាបាលអ្នកជំងឺCovid-19 ជាជាងឱ្យពួកគាត់កំណត់តម្លៃព្យាបាលខ្លួនឯង ស្រេចតែនឹងចិត្ត។

ប្រធានមជ្ឈមណ្ឌលពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពរូបនេះ បន្តថា ប្រជាពលរដ្ឋភាគច្រើនគ្មានលទ្ធភាពព្យាបាលជំងឺ Covid-19ឡើយ បើសិនជាតម្លៃព្យាបាលថ្លៃ។ លោកចាត់ទុកការកំណត់ថ្លៃសេវាព្យាបាលថ្លៃបែបនេះថា ជាការរារាំងពលរដ្ឋ ដោយសារ ពួកគាត់មិនហានទៅព្យាបាល ព្រោះគ្មានលទ្ធភាព។

គិតត្រឹមថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២១កម្ពុជា រកឃើញអ្នកឆ្លងជំងឺCovid-19 ចំនួនជិត ២ម៉ឺន ៥ពាន់ ៨រយនាក់ (២៥,៧៦១) ក្នុងនោះ អ្នកស្លាប់ដោយសារជំងឺនេះមានចំនួន ១៧៩នាក់។ ដោយឡែក អ្នកជំងឺដែលព្យាបាលជាសះស្បើយ មានចំនួនជាង ១ម៉ឺន ៨ពាន់នាក់ (១៨,៣៥៩)៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស