នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានរឿងកើតឡើងប្រហាក់ប្រហែលគ្នានៃការដណ្ដើមអំណាចដោយហិង្សា និងដោយអំណាចដែលខ្លួនអាចបញ្ជាទៅលើស្ថាប័នណាមួយដែលមានអំណាចក្នុងការវិនិច្ឆ័យខុសនិងត្រូវគឺដើម្បីបានអំណាចមកវិញ។
ប្រទេសខ្លះឆក់យកអំណាចពីជនស៊ីវិល ឬបក្សប្រជាធិបតេយ្យដោយការប្រើអំណាចរបស់យោធាគឺការធ្វើរដ្ឋប្រហារ ហើយប្រទេសខ្លះទៀតដែលមេដឹកនាំមានអំណាចទៅលើប្រព័ន្ធតុលាការក៏ចាប់ផ្ដើមឱ្យមានពាក្យបណ្ដឹងប្រឆាំងនឹងគូប្រជែងរបស់ខ្លួនដែរ។
ក្នុងតំបន់អាស៊ីអាគ្នេយ៍គឺមាន១០ប្រទេស ក្នុងចំណោមប្រទេសទាំង១០ នេះមានពីរប្រទេសប្រកាន់យករបបកុម្មុយនីស្ដ គឺវៀតណាម និង ឡាវ។ ចំណែកប្រទេសផ្សេងៗទៀតប្រកាន់របបប្រជាធិបតេយ្យពហុបក្ស។ ប្រទេសខ្លះប្រកាន់របបរាជានិយមឯកបក្ស។ ប្រទេសភូមាក៏ជាសមាជិកនៃសមាគមអាស៊ីអាគ្នេយ៍ផងដែរ។ ប្រទេសនេះធ្លាប់កាន់អំណាចដោយពួកយោធា បីជំនាន់ជាប់ៗគ្នា គឺមានរយៈពេលជិត៥០ឆ្នាំ។
ជាថ្មីម្ដងទៀត ប្រទេសនេះក៏បានធ្វើរដ្ឋប្រហារម្ដងទៀតកាលពីថ្ងៃទី១ កុម្ភៈឆ្នាំ២០២១ ទោះជាប្រទេសនេះប្រកាន់របបប្រជាធិបតេយ្យមានអាយុបានត្រឹម៥ឆ្នាំក៏ដោយ។
ការធ្វើរដ្ឋប្រហារថ្ងៃទី១កុម្ភៈគឺជារដ្ឋប្រហារលើកទី៤ ដោយពួកយោធាដដែលនោះ។ ប៉ុន្ដែរដ្ឋប្រហារពេលនេះបន្ទាប់ពីប្រទេសនេះបានឆ្លងកាត់ការបោះឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ដោយគណបក្សសម្ព័ន្ធប្រជាធិបតេយ្យដឹកនាំ ដោយអ្នកស្រីអង់សានស៊ូជី ដែលធ្លាប់រងគ្រោះដោយរដ្ឋប្រហាររបៀបនេះ ១លើក ហើយកាលពីឆ្នាំ១៩៩០គឺពេលនេះបក្សនេះឈ្នះឆ្នោតភ្លូកទឹកភ្លូកដី តែពួកយោធាមិនផ្ទេរអំណាចឱ្យនោះទេ ហើយក៏ធ្វើរដ្ឋប្រហាររំលាយលទ្ធផលបោះឆ្នោតនិងចាប់អ្នកនយោបាយបក្សឈ្នះឆ្នោតដាក់ពន្ធនាគារទៀតផង។
រូបភាពនៃការធ្វើរដ្ឋប្រហារចុងក្រោយនេះគឺមិនខុសគ្នានោះទេ។ ឧត្តមសេនីយ៍មីនអ៊ុងឡាំងដឹកនាំរដ្ឋប្រហារជាថ្មីម្ដងទៀតនេះក្រោមហេតុផលចោទថា បក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យដឹកនាំដោយស្រីអង់សានស៊ូជីជាបក្សឈ្នះឆ្នោត ដែលកើតចេញពីការបន្លែបន្លំសន្លឹកឆ្នោតតែប៉ុណ្ណោះ។ បក្សដែលចាញ់ឆ្នោតយ៉ាងអាម៉ាសនៅក្នុងការបោះឆ្នោតឆ្នាំទៅមិញនេះគឺបក្សរបស់ពួកយោធាគឺចាញ់ឆ្នោតលើកនេះគឺធ្ងន់ធ្ងរជាងការបោះឆ្នោតឆ្នាំ២០១៥ទៅទៀត។
បក្សនេះប្រតិកម្មជាខ្លាំងនឹងលទ្ធផលបោះឆ្នោតហើយប្រកាសប្ដឹងឱ្យមានការបោះឆ្នោតឡើងវិញដោយបប្ដឹងទៅកាន់គណកម្មាធិការបោះឆ្នោត។ តែបែបនេះក្ដី ស្ថាប័នរៀបចំការបោះឆ្នោតក្រោមរដ្ឋាភិបាលស៊ិវិលនោះបានច្រានចោលពាក្យបណ្ដឹងរបស់បក្សប្រឆាំងដែលពួកយោធាគាំទ្រ ព្រោះ ពុំបានរកឃើញថាមានភស្ដុតាងរឹងមាំណាមួយពាក់ព័ន្ធនឹងការបន្លំសន្លឹកឆ្នោតរបស់បក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យនោះទេ។
អ្នកសង្កេតការណ៍ប្រកាសថាការបោះឆ្នោតកាលពីឆ្នាំទៅ គឺគ្មានការបន្លំសន្លឹកឆ្នោតអ្វីនោះទេព្រោះអ្នកឈ្នះ និងអ្នកចាញ់គឺខុសគ្នាឆ្ងាយណាស់។ អ្នកចាញ់គឺគណបក្សសហភាពសាមគ្គីភាពគាំទ្រដោយពួកយោធាទទួលបានអាសនៈតែ៣៣អាសនៈប៉ុណ្ណោះបើធៀបនឹងគណបក្សឈ្នះឆ្នោតគឺបានជាង៥០០អាសនៈ។
អ្នកសង្កេតការណ៍ជាតិនិងអន្ដរជាតិមើលឃើញថា យោងតាមលទ្ធផលបោះឆ្នោតនេះគឺបក្សរបស់អ្នកស្រីអង់សានស៊ូជីមិនចាំបាច់លួចសន្លឹកឆ្នោតពីបក្សរបស់ពួកយោធាដើម្បីធ្វើឱ្យអាសនៈរបស់ខ្លួនកើនឡើងនោះទេព្រោះភាពឈ្នះចាញ់គឺខុសគ្នាដូចមេឃនិងដី។
អ្នកសង្កេតការណ៍មើលឃើញថាព្រោះតែពុំអាចកាន់អំណាចតាមរយៈការបោះឆ្នោតបានមួយអាណត្តិ គឺពួកយោធាចាំបាច់ត្រូវតែធ្វើរដ្ឋប្រហារដើម្បីប្លន់អំណាចមកវិញ។ ការធ្វើរដ្ឋប្រហារនេះបាននាំឱ្យពិភពលោកថ្កោលទោសពួកយោធាយ៉ាងខ្លាំងហើយប្រជាជនក៏ចេញបះបោរគ្រប់ទីកន្លែងប្រឆាំងនឹងពួកយោធា។
ពួកយោធាដែលរងសម្ពាធទាំងក្នុងនិងក្រៅគឺទីបំផុតប្រើគ្រាប់កាំភ្លើងបាញ់សម្លាប់ក្រុមប្រឆាំងនឹងខ្លួនដើម្បីបន្សាបនឹងបន្ថយការងើបឡើងនៃចលនាប្រឆាំងរដ្ឋប្រហារ។ ជាមួយគ្នានេះពួកយោធាភូមាក៏រុញឱ្យមានស្ថាប័នថ្មីមួយទទួលបន្ទុកការបោះឆ្នោត។ ស្ថាប័នដែលពួកយោធាលើកបន្ដុបនេះគឺកាលពីថ្ងៃទី២០ឧសភាបានប្រកាសថាខ្លួននឹងប្ដឹងទៅតុលាការឱ្យរំលាយគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យព្រោះតែបក្សនេះលួចបន្លំសន្លឹកឆ្នោតហើយមេបក្សនេះទៀតកំពុងរងបទចោទថាក្បត់ជាតិទៀតផង។
ពួកយោធាភូមាត្រូវបានមើលឃើញថាប្រើប្រាស់វិធានការណ៍ដូចគ្នាបើទោះបីដឹងថាខ្មាសគេក៏ដោយគឺត្រូវតែកំចាត់គូប្រកួតឱ្យបានមុនសិនមុននឹងខ្លួនយកអំណាចបាន តាមរយៈការបោះឆ្នោតដែលខ្លួនគេនេះជាអ្នកកាត់សេចក្ដីលើលទ្ធផលបោះឆ្នោតជាថ្មីម្ដងទៀត។
វិធានការណ៍បែបនេះត្រូវបានមើលឃើញថាមានប្រទេសជិតខាងមួយក្នុងតំបន់អាស៊ីអាគ្នេយ៍បានអនុវតរួចទៅហើយទោះជាមានការថ្កោលទោសពី ប្រជាជនខ្លួន និងសហគមន៍អន្តរជាតិក៏ដោយគឺបានជោគជ័យ ក្នុងការប្រើប្រាស់ប្រព័ន្ធតុលាការរំលាយបក្សប្រឆាំងធំមួយដែលបក្សប្រឆាំងនោះកំពុងតែឡើងប្រជាប្រិយភាព ហើយត្រូវបានមើលឃើញថា អាចនឹងឈ្នះឆ្នោតនៅអាណត្តិបន្ទាប់៕