34 C
Phnom Penh

អ្នកស្រីអង់សានស៊ូជីថា បក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យនៅតែរស់បើពលរដ្ឋនៅតែមានស្មារតីសាមគ្គីគ្នាក្នុងបុព្វហេតុប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្របពេលដែលរបបយោធាភូមា មានផែនការក្នុងការរំលាយគណបក្សសម្ព័ន្ធជាតិប្រជាជាធិបតេយ្យ NLD គឺអ្នកនយោបាយកំពូលរបស់បក្សនេះ ដែលជាស្រ្ដីជើងឯកប្រជាធិបតេយ្យ គឺអ្នក អង់សាន ស៊ូជីដែលជាទីប្រឹក្សារដ្ឋត្រូវបានពួកយោធា ចាប់ឃុំខ្លួនបានចេញសារតស៊ូមតិភ្លាមៗថា បក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យនឹងនៅតែខ្លាំង នៅតែរស់ដរាបណាពលរដ្ឋនៅតែមានឆន្ទៈសាមគ្គីគ្នា។

អ្នកស្រីបានបញ្ជាក់បន្ថែមថា គណបក្សរបស់អ្នកស្រីបង្កើតឡើងដើម្បីប្រជាជន និងដើម្បីប្រជាធិបតេយ្យ។ កាលពីថ្ងៃសុក្រសប្ដាហ៍មុនគណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលចាត់តាំងដោយពួកយោធាហើយមានប្រធានស្ថាប័ននេះគឺលោក U Thein Soe។

លោកU Thein Soe ព្រមានថា គណបក្សNLDរបស់អ្នកស្រីស៊ូជីនឹងត្រូវបានរំលាយ។ ការរំលាយនេះ ដោយយកលេសថា បក្ស NLDបង្កើតសន្លឹកឆ្នោតក្លែងក្លាយ ក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំកន្លងទៅ។ លោកបញ្ជាក់ទៀតថា ការរំលាយនេះដោយសារ ថ្នាក់ដឹកនាំបក្សនេះជាច្រើន នាក់ជាជនក្បត់ជាតិ។

អ្នកស្រីអង់សានស៊ូជី ដែលលើកទឹកចិត្តតតាំង នឹងការព្រមាននេះគឺជាលើកដំបូង មុននឹងអ្នកស្រីត្រូវឡើងសវនាការ កាលពីថ្ងៃចន្ទទី២៤ ខែមេសា នៅក្នុងកិច្ចប្រជុំជាមួយ ក្រុមអ្នកច្បាប់របស់អ្នកស្រី ជាលើកដំបូងនៅក្នុងសវនាការពិសេសនៅរដ្ឋធានី ណៃពិដោរ។

កន្លងមកសវនាការរបស់អ្នកស្រីគឺធ្វើឡើងតែតាមសន្និសីទវីឌីអូតែប៉ុណ្ណោះ។ តាមរយៈមេធាវីម្នាក់ក្នុងចំណោមមេធាវីប្រាំនាក់ដែលតំណាងឱ្យកូនក្ដី បានប្រាប់សារព័ត៌មានអ៊ីរ៉ាវ៉ាឌី កាលពីថ្ងៃទី២៣ ខែឧសភាឱ្យដឹងថា អ្នកស្រីស៊ូជីដែលគេហៅថាម្ដាយៗ គឺបានប្រទានពរជ័យដល់ពលរដ្ឋឱ្យមានសុខភាពល្អ។

អ្នកស្រីបានប្រាប់ថា បក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យបង្កើតឡើងដើម្បីពលរដ្ឋ ដូច្នេះបក្សនេះនឹងនៅតែមាន និងនៅរស់បើពលរដ្ឋមានឆន្ទៈនិងកម្លាំងរួមគ្នា។ លោកមេធាវី Daw Min Min Soe មានប្រសាសន៍បន្ដថា ក្រុមមេធាវីបានជួបអ្នកស្រីស៊ូជីនៅក្នុងអាគារនៃបរិវេណក្រុមប្រឹក្សាណៃពិដោរ។ ពួកគេជួបអ្នកស្រីស៊ូជីរយៈពេល៣០នាទី ហើយ នៅពេលនោះអ្នកស្រីស៊ូជីតវ៉ាថា ពេលវេលានៃការជួបពិភាក្សាជាមួយមេធាវីគឺមានពេលខ្លីបំផុត។ នេះ បើតាមការចុះផ្សាយរបស់ សារព័ត៌មានភូមា Irrawaddy នៅព្រឹកថ្ងៃអង្គារទី២៥ឧសភានេះ។

Daw Min Min Soe បន្ដថា ពួកគេបានជួបនឹងកូនក្ដីដទៃទៀតដែលត្រូវបានជាប់ឃុំឃាំង ដូចជាលោកប្រធានាធិបតី អ៊ូ វីនម្យីន និងប្រធានប្រឹក្សានៃទីក្រុងណៃពិដោរ បណ្ឌិត Myo Aung នៅក្នុងពេលជាមួយគ្នានោះដែរ។ របបយោធាបានចោទប្រកាន់អ្នកស្រីស៊ូជីដល់ទៅ៦ករណីដោយរួមមានទាំងពីបទប្រឆាំងបម្រាមកូវីដ១៩ ប្រើប្រាស់អេកូមខុសច្បាប់ បំពានកិច្ចការសម្ងាត់រដ្ឋជាដើម។

ករណីថាតុលាការភូមា រកឃើញអ្នកស្រី អ៊ុងសាន ស៊ូជីមានទោសគឺ អ្នកស្រីនឹងមិនមានឱកាសធ្វើនយោបាយជារៀងរហូត និងអាចត្រូវជាប់ឃុំ រយៈពេលយូរទៀតផង។ ជាងនេះទៀត គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ របស់អ្នកស្រី ត្រូវប្រឈមនឹងការរំលាយចោល។

បើដូចនេះមែន ពួកយោធាភូមា បានកំពុងអនុវត្តតាមប្រទេសមួយក្នុងតំបន់ រួមគ្នា គឺប្រទេសកម្ពុជាដែលបានរំលាយបក្សប្រឆាំងធំជាងគេ នៅមុនការបោះឆ្នោត អាណត្តិបន្ទាប់នៅឆ្នាំ២០១៨ ដែលអ្នកសង្កេតការណ៍មើលឃើញថា ជារូបមន្តតែមួយគត់ របស់មេដឹកនាំ ដែលខ្លាចចាញ់ឆ្នោត។

យ៉ាងណាសម្រាប់អ្នកស្រី សូជី គឺទំនងដឹងច្បាស់ណាស់ថា គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យអាចនឹងត្រូវរំលាយ។ តែអ្នកសង្កេតការណ៍ព្រមានថា នឹងធ្វើអោយកំហឹងប្រជាជនកាន់តែពុះកញ្រ្ជោលខ្លាំងឡើងហើយសហគមន៍អន្តរជាតិកាន់តែដឹងអំពីអនាគតនៃរបបសឹកមួយនេះ។

អ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេសភូមា ក្រោយពេលដែលគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យឈ្នះឆ្នោតកាលពីឆ្នាំ ២០១៥។ ទោះបីជាមិនមានតំណែងផ្លូវការជាប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលក៏អ្នកស្រី ត្រូវបានគេមើលឃើញថា ជាមេដឹកនាំស៊ីវិលរបស់ប្រទេសនេះ រហូតដល់ខែកុម្ភៈ ឆ្នាំ ២០២១ នេះក៏មានរដ្ឋប្រហារផ្ទុះឡើងផ្ដួលរំលំអ្នកស្រី។

ចាប់តាំងពីព្រឹត្តិការណ៍ថ្ងៃទី ១ ខែកុម្ភៈ មកភូមាស្ថិតក្រោមសភាពចលាចល ខណៈអំពើហិង្សានៅតែបន្តរវាងក្រុមអ្នកតវ៉ារបបយោធា និងក្រុមយោធានៅក្នុងទីក្រុងធំៗ ខណៈអង្គការប្រដាប់អាវុធជនជាតិភាគតិច ក៏ដូចជាកងកម្លាំងការពារប្រជាជនរបស់រដ្ឋាភិបាលស្រមោលភូមាបានប៉ះទង្គិចគ្នា ជាមួយកងកម្លាំងយោធាភូមា នៅតាមតំបន់ផ្សេងៗគ្នា។

ហិង្សាបានជំរុញឲ្យប្រជាជន ដែលមានចលនាប្រឆាំងរបបយោធាបាននាំគ្នាបង្កើតក្រុមមួយ ក្រោមគំនិតផ្ដួចផ្ដើម របស់រដ្ឋាភិបាលឯកភាពជាតិដែលជាសមាសភាព រដ្ឋាភិបាលចាស់របស់អ្នកស្រី អង់សានស៊ូជីគឺមានឈ្មោះថា កម្លាំងការពារប្រជាជនជាចលនាតស៊ូនឹងកម្លាំងសន្តិសុខ។

សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បានឱ្យដឹងថា មកទល់ពេលនេះមានអ្នកបាត់បង់ជីវិតសរុប ៨១៥ នាក់មកហើយ ចំណែកអ្នកចាប់ខ្លួនវិញឡើងដល់ជាង ៤ ពាន់នាក់។ បើតាមទិន្នន័យរបស់សហព័ន្ធគ្រូបង្រៀនភូមាវិញបានឱ្យដឹងថា គ្រូបង្រៀនប្រមាណ ១២ ម៉ឺន ៥ ពាន់នាក់ ត្រូវបានផ្អាកការងារដោយសារតែចូលរួមចលនាតវ៉ាប្រឆាំងនឹងរបបសឹកភូមា។

តែ លោក មីន អ៊ុងឡាំងមេរដ្ឋប្រហារ បានបកស្រាយថា តួលេខអ្នកស្លាប់ពិតប្រាកដ គឺត្រឹមតែជាង ៣០០ នាក់ប៉ុណ្ណោះ ខណៈនគរបាលចំនួន ៤៧ នាក់ ក៏បានបាត់បង់ជីវិតផងដែរ។ ចំណែកឯរឿងអ្នកចាប់ខ្លួនវិញគឺលោក បានបញ្ជាក់ថា ខាងអាជ្ញាធររដ្ឋាភិបាលយោធា នឹងធ្វើតាមស្ថានភាពជាក់ស្ដែង និងសមស្របតាមច្បាប់ដោយប្រើប្រាស់វិធីសាស្ត្រផ្សេងៗក្នុងការគ្រប់គ្រងអ្នកចាប់ខ្លួន ព្រោះអំពើហិង្សានាំឲ្យមានភ្នក់ភ្លើងសង្គ្រាម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស