40.9 C
Phnom Penh

គ្រូបង្រៀនម្នាក់ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារបន្ទាប់ពីបានរិះគន់ការសង់ស្តូបមិត្តភាព កម្ពុជា-វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រូបង្រៀនបកម្រិតបឋមសិក្សានៅខេត្តប៉ៃលិនម្នាក់បានចាត់ទុក ការកាត់ទោសរបស់តុលាការខេត្តប៉ៃលិន លើរូបលោកឲ្យជាប់ពន្ធនាគារ រយៈពេល ១ឆ្នាំ ដោយសារការរិះគន់ អំពីការសង់ស្តូបវៀតណាម ក្នុងខេត្តប៉ៃលិន ថា ជារឿងអយុត្តិធម៌ជាទីបំផុត។

គ្រូបង្រៀនថ្នាក់បឋមសិក្សានៅខេត្តប៉ៃលិន លោក យួង សូដា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នេះថា វាគឺជារឿងអយុត្តិធម៌ណាស់ ដែលតុលាការបានកាត់ទោសរូបលោកដើម្បីរឹតត្បិតសេរីភាពបញ្ចេញមតិក្នុងនាមលោកជាពលរដ្ឋខ្មែរ មួយរូប។

លោកប្រតិកម្មថា បើពួកអាជ្ញាមានសមត្ថកិច្ចខ្លាចគេនិយាយពីការសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលបានសាងសង់ក្នុងខេត្តប៉ៃលិន នេះ ហេតុអ្វីបានជានាំគ្នាកសាងស្តូបទាំងនោះឡើង នៅគ្រប់ខេត្តក្រុង ក្នុងប្រទេសកម្ពុជា បែបនេះ។

លោក យួង សូដា អំពាវនាវឲ្យពលរដ្ឋខ្មែរ ទូទាំងប្រទេសធ្វើការវិនិច្ឆ័យ និងរួមសំឡេងគ្នាដើម្បីទាមទារយុត្តិធម៌មកវិញ ព្រោះថា នៅពេលដែលពលរដ្ឋស្លូតត្រង់បណ្ដោយឲ្យអាជ្ញាធរគាបសង្កត់បែបនេះបន្តទៀត មិនយូរទេ ពលរដ្ឋដែលគ្មានកំហុសនឹងរងគ្រោះដោយអយុត្តិធម៌ទាំងអស់គ្នានៅពេលខាងមុខជាមិនខាន។

លោកបញ្ជាក់ថា លោកផ្ញើសារនេះទៅកាន់ថ្នាក់ដឹកនាំគ្រប់ខេត្តក្រុងទាំងអស់ ពិសេស គឺមន្ត្រីអាជ្ញាធរខេត្តប៉ៃលិន តែម្ដង សូមឲ្យពិចារណាឡើងវិញ និងកែប្រែនូវកំហុសឆ្គងរបស់ខ្លួនដែលបានធ្វើផ្ទុយពីខ្លឹមសាររដ្ឋធម្មនុញ្ញរបស់កម្ពុជា និងច្បាប់ស្ដីពីសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ នាពេលកន្លងមក។

អាជ្ញាធរខេត្តប៉ៃលិន បានជូនដំណឹងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ អំពីសេចក្ដីសម្រេចរបស់សាលាដំបូងខេត្តប៉ៃលិន ដែលបានកាត់ទោសកំបាំងមុខកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ លើលោក យួង សូដា ដោយចោទប្រកាន់ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលខុសទៅនឹងមាត្រា ៤៩៥នៃក្រមព្រហ្មទណ្ឌ។

ក្រឡាបញ្ជីសាលាដំបូងខេត្តប៉ៃលិន លោក រស់មុនី ឧត្តម កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ បានចេញលិខិតជូនដំណឹងស្ដីពីសេចក្តីសម្រេចរបស់តុលាការ ដែលបានចោទប្រកាន់លោក យួង សូដា ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ តាមមាត្រា ៤៩៥នៃក្រមព្រហ្មទណ្ឌ និងត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ។

ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពី លោក យួង សូដា បានសរសេរលើគណនី Facebook របស់លោក កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ដោយភ្ជាប់ជាមួយរូបភាពស្តូបមិត្តភាព កម្ពុជា-វៀតណាម ដែលមានខ្លឹមសារថា «អ្នកប៉ៃលិន ពេលទំនេរជិះកាត់ស្ពានស្ទឹងតារៀប សូមក្រឡេកមើលទៅទិសខាងលិចផង។ លោក បន្តថា ឥឡូវនេះយើងមានស្តូបសឹងគ្រប់ខេត្តក្រុងហើយ អញ្ចឹងសង្ឃឹមថា យើងនឹងមានទង់ជាតិ ២បង្ហូតឡើងក្នុងពេលតែមួយដូចប្រទេសឡាវ ដែរ។»

កាលពីចុងឆ្នាំ២០២០ អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន្ត បានអះអាងថា ប្រជាជនកម្ពុជា ត្រូវតែដឹងគុណវៀតណាម ដែលបានជួយរំដោះពលរដ្ឋខ្មែរ ពីរបបប្រល័យពូជាសាសន៍ ប៉ុល ពត ដូច្នេះការសាងសង់ស្តូបនេះ គឺជាការបង្ហាញពីអនុស្សាវរីយ៍ និងការចងមិត្តភាពយូរអង្វែងតែប៉ុណ្ណោះ។

ផ្ទុយទៅវិញ អ្នកសង្កេតការណ៍ រិះគន់ថា ការសាងសង់ស្តូបមិត្តភាព កម្ពុជា-វៀតណាម គឺជាការបញ្ជ្រាបអត្តសញ្ញាណរបស់ វៀតណាម ចូលក្នុងទឹកដីកម្ពុជា បន្តិចម្តងៗដែលជាផែនការឈ្លានពានរបស់ប្រទេសកុម្មុយនីស្តជិតខាងមួយនេះ ដែលតែងប៉ងប្រាថ្នាជាយូរមកហើយនោះ។

គិតត្រឹមខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ ស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលបានសាងសង់រួចរាល់មានចំនួនជាង ២០ស្តូបហើយ ក្នុងនោះមួយចំនួនបានសម្ពោធរួចរាល់ ខណៈខ្លះទៀតមិនទាន់សម្ពោធនោះជាផ្លូវការនោះទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស