27 C
Phnom Penh

អាជ្ញាធរមូលដ្ឋានខេត្តព្រះវិហារ ហៅជនជាតិដើមភាគតិចសួរនាំ រឿងក្រុមហ៊ុនទ្រីភាព ឈូសឆាយកន្លែងប្រវត្តិសាស្ត្រជនជាតិកួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរស្រុករវៀង ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៥ ខែឧសភា នេះ បានអញ្ជើញជនជាតិដើមភាគតិចកួយ ជាង ១០នាក់ ជជែកគ្នាស្វែងរកដំណោះស្រាយករណីក្រុមហ៊ុន ទ្រី ភាព ឈូសឆាយកម្ទេចតំបន់សន្លុងស្លដែក ដែលជាកន្លែងប្រវត្តិសាស្ត្រ របស់ជនជាតិដើមភាគតិច  កួយ។

អភិបាលរងស្រុករវៀង លោក ទេស សំអាន បានប្រាប់ក្រុមពលរដ្ឋក្នុងកិច្ចប្រជុំនោះថា លោកមិនបានដឹងរឿងឈូសឆាយតំបន់ស្លដែក និងស្រែចម្ការច្បារដំណាំ របស់អ្នកភូមិនោះទេ។ លោកថា ប្រសិនបើ ពលរដ្ឋចង់ដឹងថា នរណាជាអ្នកឈូសឆាយពិតប្រាកដ សូមទាក់ទងតាមទូរស័ព្ទ សួរអភិបាលស្រុកដោយផ្ទាល់។

ក្រុមជនជាតិដើមភាគតិចឆ្ងល់ថា ហេតុអ្វីបានជាអាជ្ញាធរស្រុក ពុំមានឯកសារពាក់ព័ន្ធនឹងក្រុមហ៊ុន? ហេតុអ្វីក៏បណ្តោយឲ្យមានការឈូសឆាយតំបន់ស្លដែក និងស្រែ ចម្ការ របស់ពលរដ្ឋអស់ជាបន្តបន្ទាប់ ជាច្រើនខែមកហើយ?

ជនជាតិដើមភាគតិចកួយ រស់នៅខេត្តកំពង់ធំ ជាប់ព្រំដែនខេត្តព្រះវិហារ អះអាងថា ក្រុមហ៊ុន ទ្រី ភាព ឈូសឆាយ តំបន់សន្លុងស្លដែក ជាកន្លែងប្រវត្តិសាស្ត្រ ទាក់ទាញភ្ញៀវទេសចរណ៍ អស់ទាំងស្រុងកាលពីចុងសប្តាហ៍មុន ។

តំបន់សន្លុងស្លដែកមានផ្ទៃដីជាង ៥ហិកតារ ស្ថិតក្នុងភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ដែលជាកន្លែងអភិរក្សវប្បធម៌ របស់ជនជាតិកួយ តាំងពីបុរាណកាលមក។ តំបន់នោះ មានទឹកផុស ស្រះទឹកបុរាណ ចង្ក្រាន និងបំពង់បង្ហូរដែកជាដើម ដែលដូនតាកួយកសាង ដើម្បីចម្រាញ់ថ្ម ឱ្យក្លាយជាដែកមានតម្លៃខ្ពស់។ លើសពីនេះមានដើមឈើធំៗ ទូលបុរាណ សត្វព្រៃ វល្លិ និងកន្លែងឃ្វាលគោក្របី ត្រូវបានបាត់បង់អស់ទាំងស្រុងដែរ។

ជនជាតិដើមភាគតិចកួយ បន្ថែមថា ស្ថានីយស្លថ្ម ឱ្យក្លាយជាដែក ជាបេតិកភណ្ឌដ៏មានតម្លៃមហាសាល និងជាកន្លែងរក្សាអត្តសញ្ញាណបុព្វបុរសជនជាតិកួយ ដែលយកថ្ម កែច្នៃឱ្យក្លាយជាដែក ដ៏មានតម្លៃខ្ពស់នៅលើពិភពលោក។ ពួកគាត់ថា ដូនតារបស់ពួកគាត់ បានផលិតដែក មុត រាំងមាំ ផ្គត់ផ្គង់សេដ្ឋកិច្ចប្រជាជន និងសម្រាប់ស្ថាបនាសម្ភារៈផ្សេងៗដូចជាផ្ទះ ដាវ កំបិត ចប និង ប្រាសាទជាដើម។

ពួកគចាត់ទុកថាការបំផ្លាញតំបន់នេះ ហាក់សម្លាប់ប្រភពចំណូលរបស់ប្រជាសហគមន៍ និង មើលងាយ ប្រពៃណីវប្បធម៌ជនជាតិដើមភាគតិចកួយដូច្នោះដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស