30.4 C
Phnom Penh

អ្នកឃ្លាំមើលសង្គម ជនជាតិអេស្ប៉ាញថា លោកបារម្ភពីឆ្លងវីរុសCovid-19 លើអ្នកដែលកំពុងឃុំខ្លួនក្នុងពន្ធនាគារព្រៃស សព្វថ្ងៃនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថាបនិកអង្គការចលនាមាតាធម្មជាតិ បានសំដែងការព្រួយបារម្ភ ជាខ្លាំងចំពោះសុខភាពសកម្មជន ចលនាមាតាធម្មជាតិ ដែលកំពុងឃុំខ្លួន ក្រោយពេលទទួលបានដំណឹងថា អ្នកទោសក្នុងពន្ធនាគារ ម១ ជាង ១០នាក់ បានឆ្លងជំងឺCovid-19 កាលពីពេលថ្មីៗនេះ។

ស្ថាបនិកអង្គការចលនាមាតាធម្មជាតិ ជនជាតិអេស្ប៉ាញ លោក អាឡិច ហ្គន់សាឡេ ដេវីដសុន បានសរសេរលើគណនីFacebook របស់លោកកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នេះថា ការឆ្លងវីរុសក្នុងពន្ធនាគារនេះនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកទោសមនសិការ ដែលត្រូវបានឃុំខ្លួនទាំងអយុត្តិធម៌ ខណៈតុលាការចេះតែអូសបន្លាយពេលជម្រះក្តីជាបន្តបន្ទាប់។

លោកអះអាងថា ស្ថានភាពពន្ធនាគារនៅរាជធានីភ្នំពេញ ដែលមានភាពចង្អៀតណែនតាន់តាប់ គ្មានអនាម័យ និងបរិក្ខារសុខាភិបាលគ្រប់គ្រាន់ នឹងមិនអាចទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសCovid-19បាននោះទេ។ លោកថា ភាពចង្អៀតណែននេះបង្ហាញយ៉ាងច្បាស់ថា វិធានការសុខាភិបាលដូចជា ការរក្សាគម្លាត និង ៣កុំ ៣ការពារជាដើម មិនអាចអនុវត្តបាននោះទេ ដែលធ្វើអោយហានិភ័យនៃការឆ្លងរីករាលដាលនេះមានកាន់តែខ្ពស់។

លោកអំពាវនាវ ឲ្យតុលាការកម្ពុជា ពិចារណាដោះលែងសកម្មជនចលនាមាតាធម្មជាតិ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ព្រមទាំងសកម្មជនសិទ្ធមនុស្សដ៏ទៃទៀត ជាបណ្ដោះអាសន្នដោយដាក់ឃុំពួកគេនៅក្នុងផ្ទះជំនួសវិញ ដើម្បីធានាសុខមាលភាពពីការបៀតបៀនជំងឺ របស់សកម្មជនបរិស្ថានទាំងនោះ។

លោកបញ្ជាក់ថា ពួកគេនឹងមិនគេចវេសពីផ្លូវច្បាប់ឡើយ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នតុលាការ ក្នុងការជម្រះក្តីរបស់ខ្លួនថែមទៀត។

ការអះអាងនេះធ្វើឡើងដើម្បីជំរុញឲ្យ តុលាការក្រុងភ្នំពេញ ដោះលែងសកម្មជនបរិស្ថាន និងអ្នកទោសមនសិការដទៃទៀតអាចឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដើម្បីចៀសផុតពីការឆ្លងវីរុសCovid-19 នៅក្នុងមន្ទីរឃុំឃាំងដែលកំពុងផ្ទុះការឆ្លងនៅពេលនេះ។

កាលពីពេលថ្មីៗនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ លោក នុត សាវនា បានអះអាងថា នៅក្នុងពន្ធនាគារព្រៃសក្នុងមណ្ឌលអប់រំកែប្រែទី១ ឬ(ម១) មានអ្នកទោសចំនួន១៨នាក់ បានរកឃើញថា បានឆ្លងជំងឺCovid-19 ដែលសង្ស័យថា ផ្តើមចេញពីកម្មករសំណង់ដែលដឹកសម្ភារៈចូលបរិវេណពន្ធនាគារដើម្បីសាងសង់សំណង់ផ្សេងៗ ក្នុងរយៈកាលកន្លងមក។

យ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ អង្គការលើកលែងទោសអន្តរជាតិ និង អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានចេញសេចក្តីថ្លែងការណ៍រួមគ្នាថា មានអ្នកទោស និងអ្នកជាប់ឃុំរាប់រយនាក់ផ្សេងទៀតនៅ ពន្ធនាគាររាជធានីភ្នំពេញ (PJ) បានធ្វើតេស្ដ ដែលបញ្ជាក់ថា ពួកគេវិជ្ជមានCovid-19។

ទោះជាបែបនេះក្តី ប្រភពដដែល បញ្ជាក់ថា យោងតាមរបាយការណ៍ ខាងពន្ធនាគារមិនបានរំលេចតួលេខជាក់លាក់នៅពន្ធនាគារនោះទេ ព្រោះពួកគេ គ្រាន់តែបញ្ចេញរបាយការណ៍ត្រួសៗ អំពីអ្នកឆ្លងតែប៉ុណ្ណោះ។

អង្គការទាំងនេះ សង្ស័យពីឆ្លងដល់ទៅរាប់រយនាក់នៅក្នុងមណ្ឌលអប់រំកែប្រែទី១ (ម១) នេះ ត្បិត អ្នកទោស និងអ្នកជាប់ឃុំ មិនមែនមានចំនួនតិចតួចនោះទេ គឺមានដល់ទៅប្រមាណ ៨ពាន់នាក់ឯណោះក្នុងពេលបច្ចុប្បន្ននេះ។

ជុំវិញបញ្ហានេះ កាលពីខែមីនា ឆ្នាំ២០២០ អង្គការសុខភាពពិភពលោក (WHO) បានណែនាំដល់រដ្ឋាភិបាលប្រទេសនីមួយៗឱ្យពិចារណាជាបន្ទាន់ លើការដោះលែងអ្នកជាប់ឃុំ ដែលប្រឈមនឹងហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសCovid-19ដូចជា មនុស្សចាស់ អ្នកដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងស្ត្រីមានផ្ទៃពោះ ជាដើម។

ជាងនេះទៀត ត្រូវមានវិធានការកាត់បន្ថយចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារដោយពិចារណាពីការដោះលែងបណ្ដោះអាសន្ន ឬមានលក្ខខណ្ឌ ចំពោះអ្នកជាប់ឃុំដែលរង់ចាំសវនាការ អ្នកដែលប្រព្រឹត្តបទល្មើសស្រាល ឬអ្នកដែលបានអនុវត្តទោសជិតចប់ ក៏ដូចជាស្ត្រីជាប់ពន្ធនាគារដែលមានកូនតូចនៅជាមួយ និងអ្នកជាប់ឃុំអាយុក្រោម១៨ឆ្នាំ ជាដើម។

ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែឧសភា នេះ បានអះអាងថា ក្រសួងបានរកឃើញអ្នកវិជ្ជមានវីរុសCovid-19 ថ្មីចំនួន ៥៦៨នាក់ ខណៈអ្នកជាសះស្បើយថ្មីមានចំនួន ៦៦៣នាក់ និងមានអ្នកស្លាប់ថ្មីចំនួន ៤នាក់ផងដែរ។

ក្រសួងបញ្ជាក់ថា អ្នកឆ្លងវីរុសCovid-19 សរុបបានកើនឡើងដល់ជាង ២ម៉ឺន ៦ពាន់នាក់ហើយ រីឯអ្នកជាសះស្បើយសរុបមានចំនួនជិត ២ម៉ឺននាក់ និង អ្នកស្លាប់បានកើនឡើងដល់ ១៨៣នាក់ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស