រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ពលរដ្ឋ រស់នៅតាមបណ្តារាជធានី-ខេត្តនានា ទូទាំងប្រទេសកម្ពុជា សូមកុំពិសាស្រាស ឬស្រាថ្នាំ ដែលផលិតគ្មានបច្ចេកទេសត្រឹមត្រូវ ព្រោះនាំឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងឈានដល់ពុលស្លាប់ថែមទៀតផង។
សារក្រើនរំឭករបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បែបនេះបានធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីមន្ត្រីសុខាភិបាល បានរកឃើញថា យ៉ាងហោចមានប្រជាពលរដ្ឋចំនួន ២២នាក់ បានស្លាប់ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ដោយសារតែជនរងគ្រោះទាំងនោះ បានពិសាស្រាស និងស្រាថ្នាំ ដែលមានផ្ទុកសារធាតុមេតាណុលលើសកម្រិត ហើយពុលស្លាប់។ ក្នុងនោះ មាន ពលរដ្ឋចំនួន ១២នាក់ រស់នៅស្រុកល្វាឯម ខេត្តកណ្តាល និងប្រជាពលរដ្ឋចំនួន ១០នាក់ទៀត រស់នៅស្រុកកំពង់ត្រាច ខេត្តកំពត បានស្លាប់ដោយសារពុលស្រាស និងស្រាថ្នាំ ដែលមានសារធាតុមេតាណុលលើសកម្រិត។
ទាក់ទិនបញ្ហានេះ លោក ម៉ម ប៊ុនហេង ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតបណ្តាលមកពីការពិសាស្រាស និងស្រាថ្នាំ គឺត្រូវឈប់ពិសាស្រាស ឬស្រាថ្នាំ ដែលបិទ ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងគ្មានការត្រួតពិនិត្យ។ ចំពោះអ្នកប្រកបអាជីវកម្ម ហាមដាច់ខាត កុំយកសារធាតុមេតាណុលមកលាយធ្វើស្រាស ដែលបង្កឲ្យពុល និងស្លាប់។
អាជ្ញាធរ ចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ខេត្តនីមួយៗ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងទប់ស្កាត់ការលក់ស្រាបិទ ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងជួយណែនាំដល់ពលរដ្ឋ ឲ្យជៀសវាងយកសារធាតុមេតាណុល មកលាយធ្វើស្រាស ដែលបង្កឲ្យពុល និងបាត់បង់ជីវិតមនុស្សតទៅទៀត។
បន្ថែមលើនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានប្រកាសថា ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាព ឬមានរោគសញ្ញា នៃការពុលស្រាស មានអាការៈដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម ឬសង្ស័យថា មានការឆ្លងជំងឺផ្សេងទៀត សូមប្រញាប់ស្វែងរកការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះ៕