27 C
Phnom Penh

តើ​ឧកញ៉ា​ណា​មាន​រហស្សនាម​មហា​ឥទ្ធិពល?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានទូតស.រ.អាប្រចាំប្រទេសកម្ពុជា បានរាយការណ៍ទៅឲ្យក្រសយងការបរទេសស.រ.អាហើយទម្លាយជាសាធា រណៈដោយអង្គការ Wikileaks នៅខែសីហា ឆ្នាំ២០០៧ ថា ប្តី−ប្រពន្ធមានទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយក្រុមគ្រួ សារប្រមុខរដ្ឋាភិបាល គឺឧកញ៉ា ជឹង សុភាព ហៅ យាយ ភូ និង ឧកញ៉ា ឡៅ ម៉េងឃិន។ គេដាក់រហសនាមឲ្យថា គូស្វាមីភរិយាមហាឥទ្ធិពល Power Couple បន្ទាប់ពីនា យករដ្ឋមន្រ្តី ហ៊ុន សែន និង ភរិយា ប៊ុនរ៉ានី ហ៊ុន សែន  ហើយនិងរដ្ឋមន្រ្តី ចម ប្រសិទ្ធ និង ភរិយា ទេព បុប្ផា ប្រសិទ្ធ។  

គូស្វាមីភរិយាមហាឥទ្ធិពលនេះ ក៏មាន រឿងមិនតិចដែរក្នុងមុខរបររកស៊ីទាក់ទងនឹងសកម្មភាពទន្រ្ទាន ច្បាមកាន់កាប់ដីព្រៃ ល្បីខាងកាប់ឈើលក់ឥតត្រាប្រណី មុននឹងឧកញ៉ា ទ្រី ភាព ចូលមកជំនួសយក ឈ្មោះល្បីវិញ។

ឡៅ ម៉េងឃិន ឬ ឡៅ ម៉េងឃីម បានងារឧកញ៉ាលំដាប់ទី១០ តាមរយៈព្រះរាជក្រឹត្យលេខ០៦៩៥/៥២ នៅថ្ងៃ ទី២៧ ខែមិថុនា ឆ្នាំ១៩៩៥។ ចំណែកឯអ្នកស្រី ជឹង សុភាព ហៅយាយ ភូ ជាភរិយា បានងារឧកញ៉ាលំដាប់ទី២៣៥ តាមរយៈព្រះរាជក្រឹត្យលេខ ១១០៦/៤៤៣ នៅថ្ងៃ៨ ខែវិច្ឆិកា ឆ្នាំ២០០៦ ជាមួយនឹងឧកញ៉ា ជឹម ឃាន

តាមសេចក្តីរាយការណ៍ ឧកញ៉ា ឡៅ ម៉េងឃិន ថាកើតនៅក្រុងព្រះសីហនុ នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៤៤។ គួរបញ្ជាក់ថា ក្រុងព្រះសីហនុ ចាប់ផ្តើមក្លាយជាទីក្រុងដើមទសវត្ស១៩៦០។ ឧកញ៉ា ជឹង សុភាព ហៅយាយ ភូ ថាកើតនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ១៩៤៩ នៅខេត្តកំពត។

ឧកញ៉ា ឡៅ ម៉េងឃិន និង ឧកញ៉ា ជឹង សុភាព មាន ឈ្មោះល្បីលេចធ្លោពីក្រុមហ៊ុន ភាពីម៉ិច ហ៊្វូចាន់ ដែលរកស៊ីកាប់ឈើ ដឹកឈើលក់ដ៏គគ្រឹកគគ្រេង ហើយបន្ទាប់មកពង្រីកមុខរបរទៅខាងផលិតអំបិលជាតិអ៊ីយ៉ូដ រាវរកនិងចម្រាញ់រ៉ែដែក ដាំឫស្សី នាំចូលគ្រឿងផ្សំឱសថ

និង សំណង់សណ្ឋាគារ។ អង្គការ Global Witness ក្នុងទសវត្ស១៩៩០ ចាត់ទុក គូស្វាមីភរិយានេះក្នុងចំណោមពពួកពាណិជ្ជករ អាជីវករ នាយទុន “ប៉ះមិនបាន’’ untouchables។ មានពេលមួយនាដើមឆ្នាំ២០០០ យាយ ភូ អះអាងថា បើគាត់ដកលោក ចាន់ សារុន រដ្ឋមន្រ្តី ក្រ សួង កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ មិនបាន ‘’ឈប់ហៅឈ្មោះ យាយ ភូ’’។ គេដឹងថា ក្រុមហ៊ុនរបស់យាយ ភូ និង ដៃគូ កាន់កាប់ផ្ទៃដីទំហំជាង ៣សែន ១ម៉ឺន ៥ពាន់ហិកតារ។

ព្រោះតែយាយ ភូ មានឈាមជ័រចិន អ្នកស្រីមានលទ្ធភាពទាក់ទាញការបណ្តាក់ទុនពីក្រុមហ៊ុនចិន មានដូចជាក្រុម ហ៊ុន Wuzhishan LS និង Jiangsu Taihu International ជាដើម។ ជាមួយនឹងហ៊ុនពីក្រុមហ៊ុនចិន និង ពីឧកញ៉ា ស៊ី គង់ទ្រីវ ក្រុមហ៊ុន វូហ្ស៊ីស្ហាន អិលអេស យកដីដាំដើមស្រល់នៅខេត្តមណ្ឌលគិរី។ ដំណាលពេលគ្នានោះ ក្រុម ហ៊ុន ភាពីម៉ិច ហ៊្វូចាន់ យកដីដាំដើមប្រេងខ្យល់នៅតាមតំបន់ខ្លះ។

សារព័ត៌មាន តៃប៉ិ ថែមស៍ (Taipei Times) ផ្សាយថ្ងៃទី១៤ ខែមករា ឆ្នាំ២០០០ ថា ក្រុមហ៊ុនចិនតៃវ៉ាន់យ៉ាងតិច៤ មានឈ្មោះជំពាក់ជំពិននឹងរឿងកាប់ឈើខុស ច្បាប់ ដែលមានក្រុមហ៊ុន ភាពីម៉ិច ហ៊្វូចាន់ របស់យាយ ភូ ហ៊ុននឹងក្រុមហ៊ុនតៃវ៉ាន់ ‘’ប៉ះមិនបាន’’ ហើយនិង ក្រុម ហ៊ុន៣ទៀត គឺ Hero Taiwan, Long Day Machinery និង  Lang Song International

លិខិតស្នាមទាំងឡាយដែលដាក់បញ្ចូលក្នុងសេចក្តីរាយ ការណ៍អំពីសកម្មភាពវាតទីយកដីព្រៃដើម្បីកាប់ឈើលក់ ទាំងមានច្បាប់ អត់ច្បាប់ ទាំងលួចក្លែងបន្លំច្បាប់ ទាំងបំ ពានច្បាប់ ពីក្រុមហ៊ុន ភាពីម៉ិច ហ៊្វូចាន់ មានលិខិតអនុ ញ្ញាតពីនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្រុមហ៊ុននេះមាន ដីតាមខេត្តមួយចំនួន ក្នុងនាមជា ដីសម្បទានសេដ្ឋកិច្ច ដូចជាខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ ទំហំជិត ៣៦ម៉ឺន ឬ ៣សែន ៦ម៉ឺនហិកតារ ហើយនៅខេត្ត ស្ទឹង ត្រែង រតនគិរី ទំហំ ៣៥ម៉ែន ឬ ៣សែន ៥ម៉ឺនហិកតារ។

ក្រុមហ៊ុនរបស់យាយ ភូ បានទទួលដីសម្បទានសេដ្ឋកិច្ចដើម្បីដាំដើមប្រេងខ្យល់ទំហំ ៦ពាន់ ៨រយហិកតារ ក្នុងឃុំអន្សារចំបក់ ស្រុក ក្រគរ ខេត្តពោធិ៍សាត់ ប៉ុន្តែ បញ្ចប់សកម្មភាព ព្រោះប្រជាពលរដ្ឋតវ៉ាខ្លាំងដល់រដ្ឋាភិបាល។ លើសពីនេះទៅទៀត ក្រុមហ៊ុន ភាពីម៉ិច គេរកឃើញថារកស៊ីកាប់ឈើគ្រានោះតាមរបៀបខ្មៅងងឹតដូចតទៅនេះ៖

១. បង់លុយ ឬ ប្រស្រ័យទាក់ទងជាមួយខ្មែរក្រហមសេសសល់

២. ប្រស្រ័យទាក់ទងនឹងកងយោធពលខេមរភូមិន្ទ

៣. គម្រាម កំហែង សម្លុតមន្រ្តីគ្រប់គ្រងព្រៃឈើ និង ប្រជាពលរដ្ឋតាមមូលដ្ឋាន

៤. កាប់ឈើក្នុងទីតាំងដីអ្នកដទៃ ឬ យកឈើចេញពីកន្លែងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចដទៃ

៥. កាប់ឈើក្នុងតំបន់អភិរក្ស ការពារ ឬ ទីជម្រកសត្វព្រៃ

៦. កាប់ឈើក្នុងទីតាំងដីគ្មានច្បាប់អនុញ្ញាត ឬ ក្រៅច្បាប់អនុញ្ញាត

៧. កាប់ឈើក្នុងទីតាំងគ្មានអាជ្ញាប័ណ្ណ ឬ ច្បាប់អនុញ្ញាតឲ្យកាប់

៨. ប្រមែប្រមូលឈើក្រោមប្រព័ន្ធអាជ្ញាប័ណ្ណខុសច្បាប់

៩. បង់លុយឲ្យទាហានតាម បន្ទាយសុវត្ថិភាព (Safe Military Bases)

នៅឆ្នាំ២០០៧ ឧកញ៉ា ឡៅ ម៉េងឃិន និង ភរិយា ឧកញ៉ា ជឹង សុភាព ហៅយាយ ភូ មានរឿងដីធ្លីថ្មីមួយទៀតនៅបឹងកក់ រាជធានីភ្នំពេញ បន្ទាប់ពីរាជរដ្ឋាភិបាលបានធ្វើសម្បទានដីសេដ្ឋកិច្ចដើម្បីអភិវឌ្ឍថិរវេលា៩៩ឆ្នាំ ក្នុងទឹកប្រាក់ទុនសង់អគារចំនួន ៧៩លានដុល្លារអាមេរិក ជាមួយក្រុមហ៊ុន ស៊្ហូកាគូ ដែលគេតែងភ័ន្តច្រឡំថាជាក្រុមហ៊ុនជប៉ុនសុទ្ធសាធ។

ឧកញ៉ា ឡៅ ម៉េងឃិន ជាសមាជិកព្រឹទ្ធសភា ពីបក្ស ប្រ ជាជនកម្ពុជា ជាអនុប្រធាន សភាពា ណិជ្ជកម្ម ជាសមាជិកក្រុមប្រឹក្សាភិបាលនៃ កាកបាទក្រហមកម្ពុជា ក្រោមអធិប តីភាពជំទាវ ប៊ុនរ៉ានី ហ៊ុន សែន។ នៅឆ្នាំ២០១០ ក្រុម ហ៊ុន ស៊្ហូកាគូ មានដៃគូហ៊ុនពីក្រុមហ៊ុនចិន Erdos

Hong Jun Investment Co.។ បឹងកក់ មានទំហំ ១៣៣ហិក តារ មានពលរដ្ឋរស់នៅ ៤,០០០ គ្រួសារ ដែលមានចំនួនមនុស្សប្រមាណ ២ម៉ឺនាក់ ដែលគេតម្រូវឲ្យចាកចេញពីលំនៅដ្ឋាន ដោយបង្ខំ។ គេដូរឈ្មោះជា Shukaku Hongjun Property Development Co.។ បន្ទាប់មក គេលក់ ដី ១,៣ហិកតារ (១%) ឲ្យក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរី HLH តម្លៃជិត ១៥លានដុល្លារ ហើយបង្ខំឲ្យគ្រួសារខ្មែររស់នៅបឹងកក់យកលុយសំណងខូចខាត ៨ពាន់ដុល្លារមួយគ្រួសារសម្រាប់៨០០គ្រួសារតែប៉ុណ្ណោះ។

ទំនាក់ទំនងជិតស្និទ្ធរវាងយាយ ភូ រួមជាមួយស្វាមី ឡៅ ម៉េងឃិន និង គ្រួសារនាយករដ្ឋមន្រ្តីហ៊ុន សែន ផ្តល់ឱ កាសដល់ឧកញ៉ា ឡៅ ម៉េងឃិន និង ឧកញ៉ា ជឹង សុភាព ជាភរិយា ធ្វើដំណើរអមជាមួយគណៈប្រតិភូប្រ មុខរាជរដ្ឋាភិបាលជាច្រើនលើកទៅកាន់ប្រទេសចិន។ ក្រៅពីជាមិត្តជិតស្និទ្ធនឹងភរិយាលោក ហ៊ុន សែន ឧកញ៉ា ជឹង សុភាព ហៅយាយ ភូ ជាសមាជិកក្រុមអភិបាលនៃ កាកបាទក្រហមកម្ពុជា ជាដៃគូរកស៊ីជាមួយឧកញ៉ា ទេព បុប្ផា ប្រសិទ្ធ ភរិ យាលោក ចម ប្រសិទ្ធ ជាដៃគូរកស៊ីជាមួយក្រុមគ្រួសារលោក ហ៊ុន សែន ជាពិសេសជាមួយ ហ៊ុន ម៉ាណា កូនស្រីលោក ហ៊ុន សែន និង ហ៊ុន គិមឡេង កូនស្រីលោក ហ៊ុន ណេង ភរិ យាលោក នេត សាវឿន

យាយភូ និង ស្វាមី មានសញ្ជាតិ ស៊ីប្រ៍ ឬ សាយប៉្រឹស ដោយដាក់ ទុនក្នុងសណ្ឋាគារ Radisson Blu ជាមួយអ្នកស្រី អ៊ិម ប៉ូលីកា ភរិយារដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អូន ព័ន្ធមុនីរតន៍ ដាក់ទុនជិត ៣លានដុល្លារ។ កូនប្រុសឧកញ៉ា ឡៅ ម៉េងឃិន និង យាយ ភូ រៀបការនឹងកូនស្រីអ្នកស្រីឧកញ៉ា លឹម ឈីវហូ នាយិកាក្រុមហ៊ុន អាហរ័ណ នីហរ័ណ អាត់វោត Attwood Import Export Co.

យោងតាមប្រភព Open Corporates ឆ្នាំ២០១៩ ក្រុមហ៊ុន ដែលទាក់ទង មានចំណែកជាមួយ ឬ គ្រប់គ្រងដោយយាយ ភូ មានដូចតទៅនេះ៖

  • Asia Pacific Energy Holding (Singapore) Pte Ltd – shareholder
  • Sihanoukville Special Economy Zone Co Ltd – Director
  • Cambodia Pharmaceutical Enterprise – Chairman, Director and Shareholder
  • Victory Hill Inc – Chairman, Director and Shareholder
  • CIIDG Erdos Hongjun Electric Power Ltd – Director
  • Fu Chan (Cambodia) Ltd – Chairman, Director and Shareholder
  • Cambodia International Investment Development Group Co Ltd – Chairman, Director and Shareholder
  • Pheapimex Group Co Ltd – Chairman, Director and Shareholder
  • Shukaku Inc – Chairman, Director and Shareholder

តាមរយៈដៃគូហ៊ុនក្នុងក្រុមហ៊ុនថាមពលពីប្រទេសសិង្ហបុរី ឧកញ៉ា ជឹង សុភាព ហៅយាយ ភូនិង ស្វាមី ឧកញ៉ា ឡៅ ម៉េងឃិន រកស៊ីជាមួយជនជាតិចិនឈ្មោះ វ៉ាង យ៉ាវហ៊ុយ (Wang Yaohui) មានរហសនាមថា លោកស្តេចគេចខ្លួន ដែលរត់គេចពីច្បាប់ប្រទេសចិន កាន់លិ ខិតឆ្លងដែន ឬ ប៉ាសស្ព័រ យ៉ាងតិចចំនួន៩ មានលិខិតឆ្លងដែនចិន សិង្ហបុរី កម្ពុជា សាំងឃិត និង សាយប៉្រឹស។ អគារអចលនទ្រព្យនៅតំបន់បឹងកក់មានឈ្មោះ វង្ស ពេជ្រ ថាជាកូនចៅចិនកើតឆ្នាំ១៩៧៦ ជាម្ចាស់ក្រុមហ៊ុន ហ្រ្គាទីស៊ីធី អភិវឌ្ឍន៍អចលនទ្រព្យ (Graticity Real Estate Development) និង ក្រុមហ៊ុន វិនិយោគទុនឥន្ទនូបូព៌ា (Oriental Rainbow Investment Ltd.) ខាងពហុកីឡាដ្ឋាននៅ Birmingham ប្រទេសអង់គ្លេស។

គិតត្រឹមខែមីនា ឆ្នាំ២០២១ លោក វង្ស ពេជ្រ និង ដៃគូឈ្មោះ វ៉ាន់ សុខា គ្រប់គ្រង ចាត់ចែងក្រុមហ៊ុនចំនួន៣១ ក្នុងប្រទេសកម្ពុ ជា។ ឧកញ៉ា ឡៅ ម៉េងឃិន និង ភរិយា ឧកញ៉ ជឹង សុ ភាព ជាប់ចំណាត់ថ្នាក់ជា មហាសេដ្ឋីទី៨នៅប្រទេសកម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស