28 C
Phnom Penh

ក្រុមអ្នកតស៊ូមតិថា បើលោក ហ៊ុន សែន នៅតែបន្តកាន់អំណាច ទ្រព្យសម្បត្តិធម្មជាតិខ្មែរ ដែលមានតម្លៃដ៏មហាសាលនឹងត្រូវរលាយទាំងអស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្តខ្មែរនៅក្រៅស្រុក ព្រមានថា ប្រសិនបើ ហ៊ុន សែន និងបក្ខពួករបស់គាត់ នៅតែបន្តកាន់អំណាចទៀត នោះទ្រព្យសម្បត្តិធម្មជាតិខ្មែរដែលមានតម្លៃដ៏មហាសាលនឹងត្រូវរលាយទាំងអស់គ្មានសល់ ខណៈពលរដ្ឋខ្មែរម្ចាស់ប្រទេសមិនត្រឹមតែមិនបានទទួលផលប្រយោជន៍ទេ តែថែមទាំងត្រូវគេធ្វើបាបថែមទៀត។

លោកថា  រដ្ឋាភិបាលលោក ហ៊ុន សែន តែងប្រើអំណាចកាត់ដីដែលជាសម្បត្តិរបស់រដ្ឋឲ្យទៅសាច់ញាតិ និងបក្ខពួក របស់ខ្លួន ដូចជា ពួកឧកញ៉ា ជាដើម ដើម្បីលក់ទ្រព្យសម្បត្តិជាតិទាំងនោះយកផលប្រយោជន៍ចែកគ្នា នាពេលកន្លងមក រហូតដល់សព្វថ្ងៃនេះ។

ការអះអាងនេះ ធ្វើឡើង គឺដើម្បីរិះគន់រដ្ឋាភិបាលកម្ពុជា ដែលទើបតែលេចធ្លាយឯកសារ កាត់ឆ្វៀលដីគម្របព្រៃឈើ ឆ្នាំ២០០២ ជាង៣រយ ហិកតារ ឲ្យទៅឧកញ៉ា លី យ៉ុងផាត់ កាលពីពេលថ្មីៗនេះ។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នេះថា ការដឹកនាំរបស់នាយករដ្ឋមន្ត្រីខ្មែរបច្ចុប្បន្ននេះ មិនអាចនាំកម្ពុជា និងពលរដ្ឋខ្មែរ ទៅរកសុភមង្គលបានទេ ប៉ុន្តែលោក ហ៊ុន សែន អាចត្រឹមតែរកសុភមង្គល បានសម្រាប់តែក្រុមគ្រួសារ និងបក្ខពួករបស់គាត់ លើទឹកភ្នែកពលរដ្ឋរងគ្រោះ តែប៉ុណ្ណោះ។

លោកអះអាងថា ទ្រព្យសម្បត្តិជាតិ ដូចជា ដីរាប់លានហិកតារ ព្រៃរាប់លានហិកតារ និងទន្លេបឹងបួរាប់មិនអស់ ដែលអាចផ្តល់ផលប្រយោជន៍យ៉ាងច្រើន សម្រាប់សេដ្ឋកិច្ចជាតិ និងពលរដ្ឋកម្ពុជាឲ្យមានជីវភាពធូរធារ ប៉ុន្តែត្រូវមេដឹកនាំរបស់ខ្លួនកេងប្រវ័ញ្ច កិបកេង យកទៅជួញដូរធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់ ក្រោមលេសអនុវត្តច្បាប់របស់ពួកគេ។

លោក ម៉ែន ណាត លើកឡើងបែបអវិជ្ជាមានថា ប្រជាពលរដ្ឋខ្មែរ ពិតជាអភ័ព្វណាស់ដែលមាននាយករដ្ឋមន្ត្រីចេះតែបំផ្លាញទ្រព្យសម្បត្តិជាតិ និងធ្វើបាបពលរដ្ឋខ្លួនឯង ខណៈប្រជាពលរដ្ឋនៃប្រទេសជិតខាងដែលប្រកាន់របបប្រជាធិបតេយ្យដូចកម្ពុជា ដែរ កំពុងរស់នៅយ៉ាងមានសុភមង្គល និងពោរពេញដោយសិទ្ធិសេរីភាព។

កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២០ លោក ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យមួយ ដែលបានសម្រេចកាត់ឆ្វៀលដីដែលមានទំហំ ៣៦៨ហិកតារឲ្យទៅ ឧកញ៉ា លី យ៉ុងផាត់ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ចេញពីគម្របព្រៃឈើឆ្នាំ២០០២ ដែលស្ថិតនៅភូមិស្រែជ្រៅ ឃុំតាំងសំរោង និងភូមិត្រពាំងប្រិយ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

អនុក្រឹត្យដដែល បញ្ជាក់ថា ការផ្តល់កម្មសិទ្ធិលើដំទំហំជាង ៣០០ហិកតារជាកម្មសិទ្ធិផ្ទាល់ខ្លួននេះ ព្រោះតែ ដីនេះត្រូវបានកាន់កាន់ដោយ លោក លី យ៉ុងផាត់ ជាក់ស្តែងក្នុងពេលបច្ចុប្បន្ននេះ។ អនុក្រឹត្យនេះ បានបញ្ជាឲ្យ រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា និងក្រសួងពាក់ព័ន្ធមួយចំនួនទៀតត្រូវអនុវត្តតាមសេចក្តីសម្រេចនេះ។ ទាក់ទិននឹងការចេញអនុក្រឹត្យកាត់ឆ្វៀលដីចេញពីគម្របព្រៃឈើឆ្នាំ២០០២ នេះ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាល ក៏បានកាត់ដីទំហំ ៦រយហិកតារ  ស្ថិតក្នុងឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋឲ្យទៅឧកញ៉ា ២រូប គឺ ឧកញ៉ា សេង ញ៉ក និងលោកជំទាវ លី អាផណ ដែលត្រូវជាសាច់ញាតិរបស់ ឧកញ៉ា លី យ៉ុងផាត់ ដើម្បីធ្វើការអភិវឌ្ឍ។

ជាងនេះទៀត កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០ លោក ហ៊ុន សែន ក៏ធ្លាប់បានចេញអនុក្រឹត្យកាត់ដីជាង ៤៤ហិកតារ ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ នៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រគល់ឱ្យទៅអ្នកស្រី ហ៊ុន ម៉ាណា និង អ្នកស្រី ហ៊ុន ម៉ាលី ដែលត្រូវជាកូនស្រីបង្កើតរបស់លោក និងបណ្ដាញបក្ខពួកមួយចំនួនទៀត។

នៅដើមឆ្នាំ២០២១ នេះ ទិន្នន័យសង្គមស៊ីវិល បានបង្ហាញថា គិតចាប់តាំងពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៨ កម្ពុជាបានបាត់បង់គម្របព្រៃឈើប្រមាណជាង ៥៥ម៉ឺនហិកតារ ដែលស្មើ ដែលស្មើនឹង១១,៧% នៅក្នុងតំបន់ការពារធម្មជាតិ ខណៈសង្គមស៊ីវិលដែលធ្វើការលើការងារបរិស្ថានត្រូវបានអាជ្ញាធររឹតត្បិតសេរីភាពយ៉ាងធ្ងន់ធ្ងរ។

មកទល់នឹងពេលនេះសារព័ត៌មាន The Cambodia Daily មិនទាន់ទាក់ទង រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ដើម្បីបំភ្លឺជុំវិញបញ្ហានេះបាននៅឡើយទេ។

ប៉ុន្តែនាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បានសរសេរលើគណនីFacebook របស់ខ្លួននៅថ្ងៃទី២៧ ខែឧសភា នេះថា អាជ្ញាធរត្រូវពន្យល់ និងផ្សព្វផ្សាយឱ្យបានច្បាស់លាស់ពីការកាត់ដីគម្របព្រៃឈើនេះ និងការធ្វើអនុបយោគតំបន់ផ្សេងៗទៀតកន្លងមក ក្នុងនោះក៏មានបឹងតាមោក និងបឹងផ្សេងទៀត ឲ្យបានច្បាស់លាស់ ផងដែរ។

ទាក់ទងនឹងករណីរដ្ឋាភិបាលកាត់ឆ្វៀលដីគម្របព្រៃឈើ២០០២ ឲ្យលោក លី យ៉ុងផាត់ នេះ សង្គមស៊ីវិលព្រមានថា ពលរដ្ឋមានសិទ្ធិដឹងឮអំពីអភិបាលកិច្ចរបស់រដ្ឋ ហើយបើសិទ្ធិដឹងឮនេះ ឬការអំពាវនាវឱ្យរដ្ឋពិចារណារក្សាធនធានធម្មជាតិ តួយ៉ាងដូចដែលសកម្មជនបរិស្ថាន កញ្ញា ឡុង គន្ធា ជាដើមត្រូវបានចោទថា ញុះញង់អីនោះ។ 

មន្ត្រីជាន់ខ្ពស់ផ្នែកតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN)  លោក សាន់ ម៉ាឡា លើកឡើងថា ការកាត់ដីគម្របព្រៃឈើ២០០២ ជាង៣០០ ហិកតារឱ្យលោក លី យ៉ុងផាត់ នេះ លោកថា  លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុវត្តផ្ទុយពីការប្ដេជ្ញារចិត្តរបស់លោកកាលពីពេលកន្លង ដែលថា នឹងថែរក្សាដីដែនគម្របព្រៃឈើ ឱ្យបាន ៦០ភាគរយលើផ្ទៃដីទូទាំងប្រទេស ប៉ុន្តែជាក់ស្ដែងនេះ លោកថា ដីដែនគម្របព្រៃឈើត្រូវបានកាត់ជាបន្តបន្ទាប់។

លោកបន្តថា ជាគោលការណ៍រដ្ឋាភិបាលអាចធ្វើអនុបយោគដីសាធារណរបស់រដ្ឋទៅជាដីឯកជនរបស់រដ្ឋបានលុះត្រាតែដីនោះ មិនមានប្រយោជន៍អ្វីទៀតសម្រាប់សាធារណជន ហើយការកាត់ដីនេះដែរ លោកថា រដ្ឋាភិបាលក៏ត្រូវបង្ហាញពីគោលបំណង និងផលចំណេញ ដោយការធ្វើអនុប្រយោគ ប៉ុន្តែកន្លងមក លោកថា រដ្ឋាភិបាលមិនបានបង្ហាញឡើយ។

លោក សាន់ ម៉ាឡា បន្តថា ការមិនបង្ហាញពីគោលបំណង និងផលចំណេញនេះ អាចជាប់ពាក់ព័ន្ធអំពើពុករលួយ ខណៈលោក លី យ៉ុងផាត់ មានប្រវត្តិមិនល្អ ដោយលោកតែងធ្វើឱ្យប្រជាពលរដ្ឋទទួលរងគ្រោះ នៅពេលដែលទទួលបានគម្រោងអភិវឌ្ឍន៍នៅតំបន់ណាមួយនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស