33 C
Phnom Penh

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សថា ទាល់តែមានការចរចានយោបាយទើបសកម្មជនបក្សប្រឆាំងមានសេរីភាពឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសិទ្ធិមនុស្សក្នុងស្រុកអះអាងថា ប្រសិនបើគ្មានការសម្របសម្រួលនយោបាយរវាងថ្នាក់ដឹកនាំបក្សប្រឆាំង និងបក្សកាន់អំណាចទេ នោះពន្លឺនៃការដោះលែងអ្នកទោសនយោបាយ ក៏គ្មានសង្ឃឹមទទួលបានសេរីភាព ដែរ។

ការអះអាងនេះធ្វើបន្ទាប់ពីអាជ្ញាធរកម្ពុជា បានព្យាយាមបំបែកហ្វូងក្រុមស្ត្រីថ្ងៃសុក្រ ដែលបានជួបជុំគ្នានៅមុខស្ថានទូតអាមេរិក ដើម្បីតាមដានញត្តិរបស់ពួកគេដែលស្នើសុំឲ្យស្ថានទូត ជួយអន្តរាគមន៍ទៅ រដ្ឋាភិបាលកម្ពុជា ឲ្យមានការដោះលែងក្រុមគ្រួសាររបស់ពួកគេ។

អ្នកនាំពាក្យរបស់សមាគមន៍ការពារសិទ្ធិមនុស្ស អាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នេះថា ការចាប់សកម្មជនបក្សប្រឆាំងកន្លងមក គឺធ្វើឡើងក្នុងហេតុផលនយោបាយ ជាជាងការអនុវត្តច្បាប់ដើម្បីធានានូវភាពយុត្តិធម៌សង្គម។

លោក អះអាងថា ដើម្បីឲ្យសកម្មជនបក្សប្រឆាំងទាំងនោះមានសិទ្ធិសេរីភាពឡើងវិញ លុះត្រាតែស្ថានភាពនយោបាយនៅកម្ពុជា មានភាពធូរស្រាលជាងពេលបច្ចុប្បន្ននេះ។

លោក សឹង សែន ករុណា បញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជា គួរតែពិចារណា ក្នុងការទម្លាក់ចោលរាល់បទចោទ ឬលើកលែងទោស ដល់អ្នកទោសមនសិការទាំងនោះ ដើម្បីបន្ថយកម្ដៅនយោបាយនៅកម្ពុជា នៅពេលនេះ។ លោកថា លំហសេរីភាពបញ្ចេញមតិនៅកម្ពុជា បច្ចុប្បន្ននេះហាក់មានភាពរួមតូច ដែលបណ្តាលឲ្យមានការរិះគន់ពី អង្គការសង្គមស៊ីវិល ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស មជ្ឈដ្ឋានជាតិ និងអន្តរជាតិយ៉ាងធ្ងន់ធ្ងរ ផងដែរ។

នៅព្រឹកថ្ងៃសុក្រទី២៨ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមស្ត្រីដែលគេស្គាល់ថា «ជាស្ត្រីថ្ងៃសុក្រ» បានជួបជុំគ្នាក្នុងទីក្រុងភ្នំពេញ ដើម្បីសាកសួរអំពីការញត្តិដែលពួកគាត់បានដាក់ជូនស្ថានទូតសហរដ្ឋអាមេរិក កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅ ដើម្បីស្ថានទូតឲ្យជួយអន្តរាគមន៍ដល់រដ្ឋាភិបាលកម្ពុជា ឲ្យមានការដោះលែងដល់ស្វាមី និងឪពុករបស់ពួកគេនោះ។

ក្នុងអំឡុងពេលនៃការរង់ចាំការឆ្លើយតបពីស្ថានទូតអាមេរិក ស្ត្រីទាំងនោះបាននាំគ្នា លើកបដាដែលមានរូបអ្នកទោសនយោបាយ និងអ្នកទោសមនសិការ ដូចជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន និងសកម្មជននយោបាយបក្សប្រឆាំង លោក កាក់ កុម្ភារ ជាដើម ដោយស្រែកទាមទារ ឲ្យមានការដោះលែងអ្នកទោសមនសិការទាំងនោះ ដែលជាប់ពន្ធនាគារទាំងអយុត្តិធម៌ និងដោយសារតែស្ថានភាពជំងឺCovid-19 កំពុងតែរីករាលដាលខ្លាំងនៅក្នុងពន្ធនាគារ ផង ដែរ។

ក្រោយពីឈរលើកបដា និងស្រែកទាមទារ មួយសន្ទុះ ស្រាប់តែមានហ្វូងអាជ្ញាធរមួយក្រុម នាំគ្នាមកហាមឃាត់ និងបំបែកហ្វូងស្ត្រីទាំងនោះ ដោយពួកគេអះអាងថា ស្ត្រីទាំងនេះមិនអាចប្រមូលផ្តុំគ្នាបានទេ ព្រោះស្ថិតក្នុងការរីករាលដាលនៃជំងឺ Covid-19។

ជុំវិញបញ្ហានេះ កាលពីចុងឆ្នាំ២០២០ ក្រុមស្ត្រីថ្ងៃសុក្រ បាននាំគ្នាតវ៉ានៅមុខតុលាការ អស់ជាច្រើនខែ ដោយនាំគ្នាស្រែកសុំអន្តរាគមន៍ពីតុលាការឲ្យដោះលែងក្រុមគ្រួសារពួកគេឲ្យមានសេរីភាពឡើងវិញ ប៉ុន្តែតុលាការកម្ពុជា មិនបានអើពើនឹងការសុំអង្វរកររបស់ស្តីទាំងនោះឡើយ។

កាលពីអំឡុងឆ្នាំ២០២០ អតីតមន្ត្រីគណបក្សសង្គ្រោះជាតិជាច្រើននាក់ ត្រូវបានតុលាការក្រុងភ្នំពេញ ចាប់ខ្លួនក្រោមបទចោទ ញុះញង់ និងរួមគំនិតក្បត់ ព្រមទាំងចោទប្រកាន់ពីបទ ញុះញង់បង្កចលាចលធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្រោមផែនការមាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩ កន្លងទៅនោះ។

ទិន្នន័យសង្គមស៊ីវិល កាលពីចុងឆ្នាំ២០២០ បានបង្ហាញថា រដ្ឋាភិបាលកម្ពុជា បានប្រើយុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ដើម្បីរាំងខ្ទប់ និងបំបាក់ស្មារតី សំឡេងប្រឆាំង និងបំបាក់សា្មរតីក្រុមអ្នកតស៊ូមតិប្រមាណជាង ១០០ករណី។ បញ្ហានេះ បានធ្វើឲ្យសកម្មជននយោបាយ សកម្មជនដីធ្លី សកម្មជន បរិស្ថាន និងសកម្មជនសិទ្ធិមនុស្សជាច្រើននាក់ រងការចោទប្រកាន់ និងចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់។

លោក ហ៊ុន សែន ធ្លាប់បានគម្រាមកាលពីខែសីហា ឆ្នាំ២០២០ ថា លោកនឹងមិនលើកលែងឲ្យអ្នករិះគន់ រដ្ឋាភិបាលរបស់លោក ជាដាច់ខាត ព្រោះលោកមានតួនាទីការពារសន្តិភាពឲ្យបាន ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស