ក្រុមអ្នកឃ្លាំមើលសង្គមត្អូញត្អែរថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជានាពេលបច្ចុប្បន្ននេះនៅមានភាពទន់ខ្សោយនៅឡើយ ដែលបានក្លាយជាឧបសគ្គដ៏ធំសម្រាប់ការពារសិទ្ធិ និងយុត្តិធម៌ដល់អ្នកសារព័ត៌មាន។
នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បានអះអាងថា អ្នកសារព័ត៌មានគឺជាយុទ្ធជនជួរមុខដែលកំពុងប្រយុទ្ធនឹងសង្គមងងឹត ដើម្បីប្រែក្លាយសង្គមនោះឲ្យទៅជាសង្គមបើកចំហ និងមានតម្លាភាពវិញ ដូច្នេះពួកគេនឹងត្រូវរងគ្រោះពីការគ្រប់គ្រងនៃសង្គមងងឹតនេះដោយចៀសមិនផុតនោះទេ។
លោកអះអាងថា ដើម្បីប្រែក្លាយសង្គមបែបនេះបាន ការបណ្តុះបណ្តាលសេវាផ្នែកច្បាប់ទៅដល់អ្នកសារព័ត៌មានទាំងនោះ គឺជាកិច្ចការអាទិភាព និងចម្បងបំផុត ដើម្បីជំរុញឲ្យមានការតតាំងដោយចំណេះដឹង និងបច្ចេកទេសផ្លូវច្បាប់ដែលជាយុទ្ធសាស្ត្រដ៏ល្អមួយសម្រាប់ជាភស្តុតាងជាក់ស្តែងក្នុងការបញ្ជាក់ពីការកែទម្រង់ប្រព័ន្ធយុត្តិធម៌សព្វថ្ងៃនេះផងដែរ។
លោកបានថ្លែងបែបនេះទៅកាន់ឯកអគ្គរាជទូតប្រទេសអង់គ្លេសប្រចាំនៅកម្ពុជា អ្នកស្រី Tina Redshaw និងតំណាងអង្គការយូណេស្កូ លោក Sardar Uma Alam និងម្ចាស់ជំនួយនានាក្នុងពិធីប្រកាសដំណើរការគម្រោងការពារអ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា ដែលរៀបចំដោយ CCIM នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នេះ។
សុន្ទរកថាដដែលនោះបានលើកឡើងពីរបាយការណ៍នៃការប្រឈមនឹងការគំរាមកំហែងដល់អ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២០ កន្លងទៅថា ការគំរាមកំហែងលើអ្នកសារព័ត៌មានបានកើតឡើងចំនួន ៧០ករណី ហើយក្នុងនោះមានករណីភ័យខ្លាចចំពោះអំពើហិង្សាលើរាងកាយ និងការប្រឈមផ្លូវច្បាប់ដែលជាផ្នែកមួយដ៏សំខាន់នៃការងារប្រចាំថ្ងៃរបស់ពួកគេ។
កាលពីឆ្នាំ២០២០ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានបង្ហាញរបាយការណ៍ស្ដីពីការរឹតត្បិតសេរីភាពសារព័ត៌មាននៅកម្ពុជាថា ការសរសេរព័ត៌មានអំពីរឿងរសើប គឺជាការព្រួយបារម្ភជាចម្បងរបស់អ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា ដូចជាការធ្វើព័ត៌មានអំពីរឿងអំពើពុករលួយដែលអាចប្រឈមនឹងហានិភ័យដល់អ្នកសរសេរដល់ទៅជាង ៩៥% ឯណោះ ដោយឡែករឿងអាស្រូវនៃការកាប់ឈើខុសច្បាប់ និងរឿងនយោបាយមានកម្រិតនៃការប្រឈមដល់ទៅជិត ៩០% ផងដែរ។
ក្រុមអ្នកសង្កេតការណ៍អះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជារងការគំរាមកំហែងធ្ងន់ធ្ងរជាប់ៗគ្នាក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ក្នុងនោះពាក់ព័ន្ធនឹងការបិទស្ថានីយវិទ្យុចំនួន ៣២ស្ថានីយកាលពីចុងឆ្នាំ២០១៧ ការបង្ខំឱ្យបិទទ្វារកាសែត ឌឹ ខេមបូឌា ដេលី បិទទីស្នាក់ការវិទ្យុអាស៊ីសេរីជាភាសាខ្មែរ និងការផ្លាស់ប្ដូរម្ចាស់កាសែតភ្នំពេញប៉ុស្តិ៍ រួមទាំងការបិទគេហទំព័រចំនួន ១៧ ថែមទៀតកាលពីឆ្នាំ២០១៨ ផងដែរ។
កាលពីចុងឆ្នាំ២០២០ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) ដែលមានមូលដ្ឋាននៅបរទេសអះអាងថា សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាបានបន្តធ្លាក់ចុះមួយលេខទៀត បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលជាប់ចំណាត់ថ្នាក់លេខ១៤៣ ខណៈឆ្នាំ២០១៨ ជាប់ចំណាត់ថ្នាក់១៤២ ពោលសេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះ ៣ឆ្នាំជាប់ៗគ្នា។
បញ្ហានេះ ក្រុមសកម្មជនសិទ្ធិមនុស្សបានអះអាងថា បច្ចុប្បន្ននេះអាជ្ញាធរក្រុងភ្នំពេញកំពុងឃុំខ្លួនសកម្មជនការពារព្រៃឈើ សកម្មជនគណបក្សសង្គ្រោះជាតិ និងអ្នកសារព័ត៌មានប្រមាណជាង ៥០នាក់ហើយ។
រដ្ឋធម្មនុញ្ញកម្ពុជាមាត្រា៤១ បានចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការជួបប្រជុំជាដើម៕
សង្គមស៊ីវិលថាចំណុចខ្សោយនៃប្រព័ន្ធយុត្តិធម៌ក្លាយជាឧបសគ្គធ្ងន់ធ្ងរសម្រាប់អ្នកសារព័ត៌មាន
© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.