26.2 C
Phnom Penh

អ្នក​តស៊ូ​មតិ​ថា​បក្ស​កាន់​អំណាច​រង​នូវ​ការ​សង្ស័យ​ប្រើ​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​ឧបករណ៍​បម្រើ​នយោបាយ​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​និយាយ​ថា ករណី​ដោះលែង​លោក ហៃ វណ្ណនិត ជា​ថ្នូរ​នឹង​ការ​ប្រកាស​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហៃ វណ្ណា ដែល​ត្រូវ​ជា​បង​បង្កើត​នោះ មិន​អាច​ជម្រះ​ការ​សង្ស័យ​របស់​ពលរដ្ឋ​ដែល​មើល​ឃើញ​ថា រដ្ឋាភិបាល​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​ឧបករណ៍​បម្រើ​នយោបាយ​របស់​ខ្លួនឯង​បាន​ឡើយ។

អ្នក​នាំពាក្យ​នៃ​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា លោក មួង ណារ៉េត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២០ ខែ​តុលា ថា បន្ទាប់ពី​លោក ហៃ វណ្ណា ដែល​ជា​សកម្មជន​បក្ស​ប្រឆាំង​ប្រចាំ​ប្រទេស​ជប៉ុន បាន​សារភាព​សុំ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ភ្លាម តុលាការ​ខ្មែរ​ក៏​បាន​ដោះលែង​លោក ហៃ វណ្ណនិត ដែល​ត្រូវ​ជា​ប្អូនប្រុស​បង្កើត​របស់​លោក​ភ្លាម​ដែរ។

លោក មួង ណារ៉េត លើកឡើង​ថា រូបភាព​ដោះដូរ​ច្បាស់ៗ​បែប​នេះ ទោះបី​រដ្ឋាភិបាល​កម្ពុជា​ខំ​ប្រឹង​ការពារ​ខ្លួន​ថា​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​នេះ​ជា​ទង្វើ​ត្រឹមត្រូវ​យ៉ាងណា​ក៏ដោយ ក៏​មជ្ឈដ្ឋាន​ទូទៅ​នៅតែ​មាន​មន្ទិល​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​ថា​ជា​អំពើ​ចាប់​មនុស្ស​ធ្វើ​ជា​ចំណាប់ខ្មាំង​ដែរ។

លោក​បញ្ជាក់​ថា កាលណា​ប្រព័ន្ធ​តុលាការ​ចុះ​ទន់ខ្សោយ វា​គឺជា​អំណោយផល​ដល់​អំពើ​អយុត្តិធម៌​សង្គម​ជុំ​ទិស ដែល​នឹង​លេច​ចេញ​នូវ​ផលវិបាក ដូចជា ការ​រំលោភ​សិទ្ធិមនុស្ស ការ​បំផ្លាញ​ប្រជាធិបតេយ្យ។ អំពើពុករលួយ សេដ្ឋកិច្ច​ជាតិ និង​ការ​អភិវឌ្ឍ​សង្គម​កាន់តែ​ចុះ​អន់​ថយ ឧក្រិដ្ឋជន​ក៏​ហ៊ាន​ចេញ​មុខ​ប្រព្រឹត្ត​បទល្មើស​ដោយ​គ្មាន​ការ​ញញើត​ច្បាប់​នោះ​ដែរ ខណៈ​ពលរដ្ឋ​ក៏​បាត់បង់​សេចក្ដី​ទុកចិត្ត​លើ​ប្រព័ន្ធ​តុលាការ​ថែម​ទៀត។

កាលពី​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២៤ សកម្មជន​បក្ស​ប្រឆាំង​ប្រចាំ​ប្រទេស​ជប៉ុន លោក ហៃ វណ្ណា ប្រកាស​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា និង​បាន​សុំទោស​លោក ហ៊ុន សែន ពី​ការ​ប្រកាស​ឱ្យ​ពលរដ្ឋ​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) កាលពី​ថ្ងៃទី​១៨​ខែ​សីហា ឆ្នាំ​២០២៤ កន្លង​ទៅ​ផង​ដែរ។

ការ​ប្រកាស​ចុះចូល​របស់​លោក ហៃ វណ្ណា ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេលនេះ ត្រូវ​គេ​មើល​ឃើញ​ថា​គ្រាន់តែ​ដើម្បី​ដោះដូរ​យក​សេរីភាព​របស់​លោក ហៃ វណ្ណនិត ដែល​ត្រូវ​រដ្ឋាភិបាល​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​កាលពី​ពេល​កន្លង​ទៅ​តែប៉ុណ្ណោះ។

ជាក់ស្តែង ក្នុង​ថ្ងៃ​តែ​មួយ ក្រោយ​ការ​ប្រកាស​ចុះចូល​របស់​លោក ហៃ វណ្ណា ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​នៅ​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​ចេញ​ដីកា​ដោះលែង​លោក ហៃ វណ្ណនិត ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ផង​ដែរ ប៉ុន្តែ​ត្រូវ​គោរព​តាម​បម្រាម​របស់​តុលាការ​គ្រប់​ពេល ដោយ​ហាម​មិន​ឱ្យ​ផ្លាស់ប្ដូរ​ទីលំនៅ ត្រូវ​ឆ្លើយតប​នឹង​ដីកា​កោះហៅ​របស់​តុលាការ​គ្រប់​ពេល និង​ត្រូវ​បង្ហាញ​មុខ​នៅ​តុលាការ​រៀងរាល់ ២​ខែ​ម្តង។

ប្អូនប្រុស​បង្កើត​របស់​លោក ហៃ វណ្ណា ឈ្មោះ ហៃ វណ្ណនិត ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត កាលពី​ថ្ងៃទី​១៦ ខែ​សីហា អំពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ខណៈ​ពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ចូល​ទៅ​កាន់​ប្រទេស​ថៃ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស