26.6 C
Phnom Penh

អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន កំពុង​រៀប​ល្បិច​កម្ចាត់​បណ្ដាញ​គាំទ្រ​គ្រួសារ​លោក ស ខេង និង​លោក ទៀ បាញ់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា អះអាង​ថា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ថា​លោក ហ៊ុន សែន កំពុង​រៀប​ល្បិចកល​នយោបាយ​កម្ចាត់​បណ្ដាញ​សមាជិក​បក្ស​គាំទ្រ​គ្រួសារ​លោក ស ខេង និង​បណ្ដាញ​សមាជិក​បក្ស​ដែល​គាំទ្រ​លោក ទៀ បាញ់ ដើម្បី​ឱ្យ​ត្រកូល​ហ៊ុន​អាច​ក្តោប​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​ថ្ងៃ​អនាគត។

ប្រធាន​វិទ្យុ​ផ្សាយ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី លោក ប៉ា ងួនទៀង បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​០១ ខែ​តុលា ថា លោក ហ៊ុន សែន ជា​មនុស្ស​ដែល​មាន​ប្រវត្តិ​ប្លន់​អំណាច​ពី​អ្នក​ដទៃ​ដើម្បី​ផល​ប្រយោជន៍​ខ្លួនឯង និង​ក្រុម​គ្រួសារ​របស់​គាត់​រហូត​មក ដូច្នេះ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា សូម​កុំ​សង្ឃឹម​ថា​មេ​បក្ស​របស់​ខ្លួន​រូប​នេះ​ធ្វើ​អ្វីៗ​ដើម្បី​ផល​ប្រយោជន៍​គណបក្ស និង​សមាជិក​បក្ស​នេះ​ឱ្យ​សោះ។

លោក ប៉ា ងួនទៀង រំលឹក​ថា អំឡុង​ទសវត្សរ៍​១៩៨០ លោក ហ៊ុន សែន បាន​ប្លន់​អំណាច​ពី​លោក ប៉ែន សុវណ្ណ និង​លោក ចាន់ ស៊ី ដើម្បី​ឱ្យ​ខ្លួន​គាត់​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី ហើយ​ក្រោយ​មក​នៅ​ទសវត្សរ៍​១៩៩០ គាត់​ក៏​បាន​ប្លន់​អំណាច​ពី​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ម្តង​ទៀត​ដែរ។

លោក​ថា ក្នុង​ពេល​ដែល​បង្ក្រាប​ដៃគូ​នយោបាយ​ឱ្យ​ចុះ​ខ្សោយ លោក ហ៊ុន សែន ក៏​ឆ្លៀត​ប្លន់​អំណាច​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ គឺ​ប្លន់​អំណាច​ពី​លោក ជា ស៊ីម អំឡុង​ឆ្នាំ​២០០០ ដែល​នៅ​ពេល​នោះ លោក ជា ស៊ីម គឺជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា​រូប​នេះ​លើកឡើង​ថា ប្រវត្តិ​ដ៏​អាក្រក់​របស់​លោក ហ៊ុន សែន ក្នុង​ការ​ប្រើ​ល្បិចកល​នយោបាយ​បែប​នេះ ក៏​បង្ហាញ​ឱ្យ​ឃើញ​ដែរ​ថា លោក ហ៊ុន សែន នឹង​ប្រមូល​អំណាច​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​យក​មក​គ្រប់គ្រង​ទាំងអស់ នៅ​ពេល​ដែល​គាត់​អាច​បង្ក្រាប​អ្នក​រិះគន់ និង​អ្នក​ប្រឆាំង​ការ​ដឹកនាំ​របស់​គាត់​បាន​ជោគជ័យ​ហើយ​នោះ។

លោក​បន្ត​ថា ការ​បង្ក្រាប​អ្នក​រិះគន់ និង​អ្នក​ប្រឆាំង​ការ​ដឹកនាំ​របស់​គាត់​បាន​ជោគជ័យ មិន​មែន​មាន​ន័យ​ថា​ជា​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ គឺជា​ជោគជ័យ​របស់​គាត់​តែ​ម្នាក់​គត់ ព្រោះ​ផែនការ​បន្ទាប់ គាត់​នឹង​បង្ក្រាប​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ដូច​ដែល​គាត់​ធ្លាប់​ធ្វើ​កន្លង​មក​ដែរ ដើម្បី​កាន់កាប់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​សម្រាប់​តែ​គ្រួសារ​របស់​គាត់​ប៉ុណ្ណោះ។

លោក ប៉ា ងួនទៀង បញ្ជាក់​ថា មន្ត្រី និង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​នាំគ្នា​សើច​សប្បាយ​លើ​គំនរ​ទុក្ខ​របស់​ក្រុម​ប្រឆាំង​ដែល​លោក ហ៊ុន សែន បាន​បង្ក្រាប ប៉ុន្តែ​សំណើច​ទាំងនេះ​នឹង​ប្រែ​ទៅ​ជា​ទឹកភ្នែក​វិញ នៅ​ពេល​ដែល​លោក ហ៊ុន សែន បង្ក្រាប​ពួកគេ​វិញ​ម្តង​នៅ​ពេល​ក្រោយ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ តុលា នេះ​ថា អំណាច និង​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន គឺជា​តំណែង និង​អំណាច​ដែល​បាន​មកពី​ការ​ប្លន់​អ្នក​ដទៃ​ដែល​មាន​វៀតណាម ជា​ខ្នង​បង្អែក​ប៉ុណ្ណោះ។

លោក ហ៊ុន សែន ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា អ្នក​ដែល​ចង់​ជីក​រំលើង​ឫសគល់​ត្រកូល​ហ៊ុន ទាល់តែ​ពួកគេ​យក​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​មុន​សិន ខណៈ​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​ក៏​គ្មាន​នរណា​ម្នាក់​ហ៊ាន​ជីក​រំលើង​ឫសគល់​ត្រកូល​ហ៊ុន​ដែរ ក្នុង​នោះ អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង ក៏​មិន​មាន​បំណង​ដណ្តើម​អំណាច​ពី​ត្រកូល​ហ៊ុន​ផង​ដែរ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស