31 C
Phnom Penh

សង្គម​ស៊ីវិល​ថា​រដ្ឋាភិបាល​គួរតែ​ដាក់​ចេញ​គោល​នយោបាយ​គាំពារ​ជនរងគ្រោះ​ដែល​ត្រូវ​អនុវត្ត​វិធានការ​រដ្ឋបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សិទ្ធិមនុស្ស​ក្នុងស្រុក​លើកឡើង​ថា រដ្ឋាភិបាល​ត្រូវតែ​មាន​គោលនយោបាយ​គាំពារ​ជន​រងគ្រោះ​ដែល​ត្រូវ​អនុវត្ត​វិធានការ​រដ្ឋបាល​របស់​ខ្លួន ជាជាង​ការ​អនុវត្ត​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​អាជីវកម្ម​របស់​ពលរដ្ឋ​ដោយ​គ្មាន​ដំណោះស្រាយ​ដូច​ពេល​កន្លង​មក។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​សាលា​ក្រុង​ភ្នំពេញ ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល​សម្រេច​ឱ្យ​ផ្អាក​អាជីវកម្ម​ដែល​បង្ក​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស Covid-19 មួយ​ចំនួន​ជា​បណ្ដោះអាសន្ន​រយៈពេល ១៤​ថ្ងៃ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ជា​ថ្មី​ទៀត ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ថា ការ​អនុវត្ត​វិធានការ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 ពិតជា​ល្អ​ហើយ ប៉ុន្តែ​រដ្ឋាភិបាល​គួរតែ​គិតគូរ​ដល់​ការ​ខាតបង់​របស់​ក្រុមហ៊ុន អាជីវកម្ម និង​សេដ្ឋកិច្ច​របស់​កម្មករ​និយោជិត​ដែល​កំពុង​បម្រើការ​ក្នុង​ក្រុមហ៊ុន​ទាំងនោះ​ផង​ដែរ។

លោក​អះអាង​ថា ក្នុង​ស្ថានភាព​នេះ រដ្ឋាភិបាល​មិន​ត្រឹមតែ​យក​ចិត្ត​ទុកដាក់​ពី​សុខភាព​របស់​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​គិត​ពី​សេដ្ឋកិច្ច​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់​ផង ដូច្នេះ​ក្នុង​អំឡុង​នៃ​ការ​ផ្អាក​បណ្ដោះអាសន្ន​នេះ រដ្ឋាភិបាល​គួរតែ​ដាក់​ចេញ​នូវ​គោលនយោបាយ​រក្សា​ប្រាក់ឈ្នួល​ឱ្យ​កម្មករ​និយោជិត​ទាំងនោះ ដើម្បី​ឱ្យ​ពួកគេ​អាច​ទទួល​បាន​ប្រាក់ចំណូល​ទប់ទល់​នឹង​ស្ថានភាព​សេដ្ឋកិច្ច​ប្រចាំ​ថ្ងៃ​បន្ត​ទៀត។

លោក​បញ្ជាក់​ថា ប្រសិនបើ​រដ្ឋាភិបាល​គ្រាន់តែ​ចង់​អនុវត្ត​វិធានការ​រដ្ឋបាល​របស់​ខ្លួន​ដោយ​មិន​ខ្វល់​ពី​សេដ្ឋកិច្ច​របស់​ម្ចាស់​អាជីវកម្ម និង​កម្មករ​និយោជិត​ទាំងនោះ​ទេ គឺ​មិនមែន​ជា​វិធានការ​ដែល​ល្អ​សម្រាប់​អនុវត្ត​នោះ​ឡើយ។ ដូច្នេះ រដ្ឋាភិបាល​គួរតែ​ពិចារណា​ជួយ​ដល់​ក្រុមហ៊ុន រោងចក្រ​នានា ដើម្បី​ក្រុមហ៊ុន ឬ​រោងចក្រ​ទាំងនោះ​មាន​លទ្ធភាព​អាច​ជួយ​កម្មករ​ដោយ​មិន​កាត់​ប្រាក់ឈ្នួល​ក្នុង​ពេល​សម្រាក​នៃ​ការ​អនុវត្ត​វិធានការ​ផ្អាក​បណ្ដោះអាសន្ន​នេះ។

កាលពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២១ អភិបាល​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង បាន​សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការ​ជួបជុំ​ជា​លក្ខណៈ​ឯកជន ការ​ប្រកប​មុខរបរ ឬ​អាជីវកម្ម​ទាំងឡាយ​ណា​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ចម្លង​វីរុស Covid-19 រយៈពេល ១៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១។

សេចក្តី​សម្រេច​ដដែល​បញ្ជាក់​ថា អំឡុង​នៃ​កា​រដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល​នេះ សាលា​រាជធានី​ភ្នំពេញ​សម្រេច​ផ្អាក​នូវ​គ្រឹះស្ថាន​អប់រំ​គ្រប់​កម្រិត អាជីវកម្ម​ក្លឹប​កម្សាន្ត​គ្រប់​ប្រភេទ និង​ផ្អាក​រមណីយដ្ឋាន​គ្រប់​កន្លែង​ផង​ដែរ លើស​ពី​នេះ ការ​ជួបជុំ​កកកុញ​ជា​លក្ខណៈ​ឯកជន​មិន​អនុញ្ញាត​ឱ្យ​លើស​ពី ១៥​នាក់​ឡើយ លើកលែងតែ​ការ​ជួបជុំ​សាច់ញាតិ សមាជិក​គ្រួសារ ឬ​ពិធី​បុណ្យ​សព ជាដើម។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម រិះគន់​ថា ចាប់តាំង​ពី​រដ្ឋាភិបាល​កម្ពុជា​ចាប់ផ្តើម​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ដើម្បី​ទប់ទល់​ការ​ឆ្លង​វីរុស Covid-19 មក ពលរដ្ឋ​ជាច្រើន​ដែល​រស់នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ តែង​ប្រឈម​ទៅ​នឹង​ការ​ខ្វះខាត​ស្បៀងអាហារ​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​រដ្ឋាភិបាល​មិន​បាន​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​ស្បៀង​ជូន​ពលរដ្ឋ​ខ្វះខាត​ទាំងនោះ​ឱ្យ​បាន​គ្រប់គ្រាន់ និង​ទាន់​ពេលវេលា​នោះ។

កាលពី​ចុង​ខែ​មេសា ឆ្នាំ​២០២១ ពលរដ្ឋ​ជាច្រើន​គ្រួសារ​ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ធ្លាប់​បាន​នាំគ្នា​តវ៉ា​ដោយ​លើក​បដា​សរសេរ​ថា ពួកគេ​ដាច់​បាយ​ហើយ ព្រោះ​អាជ្ញាធរ​បិទ​ខ្ទប់​ពួកគេ​យូរ​ថ្ងៃ តែ​មិន​បាន​ផ្តល់​ស្បៀងអាហារ​ដល់​ពួកគេ​ទាល់តែសោះ។

ទាក់ទិន​នឹង​ការ​ឆ្លង​វីរុស Covid-19 នេះ ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២១ បាន​អះអាង​ថា ក្រសួង​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​វីរុស Covid-19 ថ្មី​ចំនួន ៧២៩​នាក់ ខណៈ​អ្នក​ជាសះស្បើយ​ថ្មី​មាន​ចំនួន ៧២១​នាក់ និង​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន ៦​នាក់។

ក្រសួង​បញ្ជាក់​ថា អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ជាង ៣​ម៉ឺន ២​ពាន់​នាក់​ហើយ រីឯ​អ្នក​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ២​ម៉ឺន ៤​ពាន់​នាក់ ចំណែក​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ២៣៦​នាក់​ហើយ​នៅ​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស