អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ស្នើឱ្យលោកគ្រូអ្នកគ្រូនៅតាមគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវពន្យល់សិស្សានុសិស្សឱ្យបានយល់ពីតម្លៃសន្តិភាពដែលលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភារកបានមកដោយលំបាក ដើម្បីឱ្យពួកគេចូលរួមរក្សាសន្តិភាពនេះឲ្យបានគង់វង្ស។
ថ្លែងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកគ្រូអ្នកគ្រូជាង ៥០០នាក់ លោក ឃួង ស្រេង ថ្លែងថា គ្រឹះស្ថានសិក្សាជាឆ្អឹងខ្នងដ៏រឹងមាំនៃប្រទេសជាតិដែលជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សដើម្បីកសាងប្រទេស។
ប្រភពដដែលអះអាងថា លោកស្នើឱ្យលោកគ្រូអ្នកគ្រូនៅតាមគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវពន្យល់សិស្សានុសិស្សឱ្យបានយល់ពីតម្លៃសន្តិភាពដែលលោក ហ៊ុន សែន រកបានមកដោយលំបាក ដើម្បីឱ្យពួកគាត់បានចូលរួមរក្សាសន្តិភាពនេះឱ្យបានគង់វង្ស។
លោក ឃួង ស្រេង ក៏បានជំរុញឱ្យលោកគ្រូអ្នកគ្រូចូលរួមជាមួយអាជ្ញាធរខណ្ឌទាំង១៤ ក្នុងការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀន ការចូលរួមចលនាប្រឡងប្រណាំង ការរៀបចំសម្អាតអនាម័យបរិស្ថាននៅតាមសាលារៀនអនុវត្តឱ្យបានល្អផងដែរ។
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ លោក ម៉ៅ ធនិន្ទ អភិបាលខេត្តកំពត ដែលល្បីឈ្មោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកតាមរយៈវេទិកាដោះស្រាយជម្លោះតូចតាចដល់ពលរដ្ឋ និងជាក្មួយប្រសារបស់បុរសខ្លាំងខ្មែរ បង្គាប់ឲ្យនាយកសាលាទាំងអស់នៅក្នុងខេត្តកំពត ត្រូវទិញរូបថតលោក ហ៊ុន សែន ដាក់បំពាក់នៅតាមសាលារៀន ដើម្បីបង្ហាញការដឹងគុណសន្តិភាពចំពោះការរំដោះទឹកដីកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍កន្លងមក។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋានក្នុងរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ មករា នេះថា ការណែនាំនេះជាការជ្រៀតជ្រែកការងារក្នុងក្រសួងអប់រំជាតិ ខណៈការបញ្ជ្រាបគុណតម្លៃរបស់ថ្នាក់ដឹកនាំ វាជាកាតព្វកិច្ចរបស់រដ្ឋាភិបាល និងក្រសួងសាមីដែលជាអ្នកធ្វើការងារនេះ។
លោកបន្តថា ការសម្រេចរបស់អភិបាលក្រុងភ្នំពេញរូបនេះជាការបង្ខិតបង្ខំ និងមិនបានគោរពដល់ព្រះមហាក្សត្រ។ ប្រទេសមានសេ្ដច ត្រូវតែគោរពស្ដេច មិនមែនអរគុណសន្តិភាពដែលមានតែនៅលើបបូរមាត់នោះទេ។
អ្នកសង្កេតការណ៍ឯទៀតធ្លាប់និយាយថា៖ កិច្ចប្រឹងប្រែងរក្សាការពារសន្តិភាពសព្វថ្ងៃនេះ គឺមកពីរបបគ្រប់គ្រងបច្ចុប្បន្នខ្លាចប្រជាពលរដ្ឋបះបោរធ្វើឲ្យដួលរលំ ពីព្រោះលោក ហ៊ុន សែន ធ្លាប់ពោលប្រាប់ជនបរទេសលេងអុកជាមួយគ្នាថា លោកខ្លាចតែប្រជាជនខ្មែរមួយប៉ុណ្ណោះ។ ដូច្នេះ សន្តិភាពជាការទុកឱកាស ជាអំណោយផលឲ្យគ្រួសារ បក្ខពួកលោក ហ៊ុន សែន បន្តក្តោបក្តាប់អំណាច ធនធានធម្មជាតិ សេដ្ឋកិច្ចជាតិតទៅមុខ ហើយវិធីរក្សាអំណាច គឺមានតែការកម្ចាត់ចោលក្រុមរិះគន់ជំទាស់ប៉ុណ្ណោះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

