38.3 C
Phnom Penh

លោក អ៊ុំ សំអាន បន្ទោស​រដ្ឋាភិបាល​ខ្មែរ​ថា​បើក​ដៃ​ឱ្យ​ចិន​រកស៊ី​លើ​ខ្នង​រាស្ត្រ​ជុំវិញ​ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​អតីត​បក្ស​ប្រឆាំង បន្ទោស​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ថា​កំពុង​បើក​ដៃ​ឱ្យ​ក្រុមហ៊ុន​ចិន រកស៊ី​លើ​ខ្នង​ខ្មែរ​តាម​អំពើ​ចិត្ត​ជុំវិញ​ការ​កំណត់​តម្លៃ​រថយន្ត​ដែល​បើកបរ​លើ​ផ្លូវ​ចូល​ទៅ​ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប ដែល​ក្រុមហ៊ុន​ចិន នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ដើម​ឆ្នាំ​២០២៤ ខាងមុខ​នេះ។

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៥ ធ្នូ នេះ​ថា ខ្មែរ​ពិត​ជា​ធ្វើ​បាន​មែន​ក្នុង​រដ្ឋ​អំណាច​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​ថា សូម្បី​ផ្លូវ​ទៅ​ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប ក៏​ត្រូវ​បង់​លុយ​ដែរ ទោះបីជា​ផ្លូវ​នេះ​ជា​ផ្លូវ​ធម្មតា​ដែល​មិនមែន​ជា​ផ្លូវ​ល្បឿន​លឿន​ក៏ដោយ ហើយ​ការ​ធ្វើ​បែប​នេះ មាន​ន័យ​ថា រដ្ឋាភិបាល​ខ្មែរ​បាន​បើក​ដៃ​ឱ្យ​ក្រុមហ៊ុន​ចិន ធ្វើ​អាជីវកម្ម​លើ​ក្បាល​ខ្មែរ​ដែល​មិន​អាច​ប្រកែក​បាន​ឡើយ។

លោក អ៊ុំ សំអាន លើកឡើង​ថា ក្រុមហ៊ុន​ចិន នឹង​ចាប់ផ្តើម​យក​លុយ​ពី​រថយន្ត​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប ចាប់ពី​ដើម​ឆ្នាំ​២០២៤ នេះ​តទៅ ហើយ​នឹង​ត្រូវ​ដំឡើង​ថ្លៃ​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​២០២៦។ លោក​បន្ថែម​ថា គ្មាន​ប្រទេស​ណា​លើ​ពិភពលោក​យក​លុយ​លើ​ផ្លូវ​ធម្មតា​បែប​នេះ​ទេ មាន​តែ​ប្រទេស​ខ្មែរ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ។

មន្ត្រី​ជាន់ខ្ពស់​អតីត​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ដោយ​ប្រៀបធៀប​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ពោធិ៍ចិនតុង និង​ព្រលាន​យន្តហោះ​ថ្មី​សៀមរាប ថា ផ្លូវ​ពី​ជាយក្រុង​ភ្នំពេញ​ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ពោធិ៍ចិនតុង មិន​តម្រូវ​ឱ្យ​បង់​លុយ​ទេ ដោយសារតែ​ព្រលាន​យន្តហោះ​នេះ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បារាំង ប៉ុន្តែ​គេ​គ្រាន់តែ​តម្រូវ​ឱ្យ​បង់​លុយ​ពេល​រថយន្ត​ចូល​ទៅ​ចត​នៅ​ចំណត​ក្នុង​ព្រលាន​យន្តហោះ​ប៉ុណ្ណោះ។

លោក អ៊ុំ សំអាន បញ្ជាក់​ថា ដោយឡែក​ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ចិន បាន​តម្រូវ​ឱ្យ​ម្ចាស់​រថយន្ត​គ្រប់​ប្រភេទ​ដែល​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ចូល​ទៅ​ព្រលាន​យន្តហោះ​ដែល​មាន​ប្រវែង​ត្រឹមតែ​ប្រមាណ ២០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ជាយក្រុង​សៀមរាប ត្រូវតែ​បង់​គ្រប់​គ្នា។ ជាង​នេះ​ទៀត គេ​ក៏​តម្រូវ​ឱ្យ​បង់​លុយ​សម្រាប់​រថយន្ត​ដែល​បាន​ចូល​ចត​ក្នុង​ចំណត​ឡាន​ដែល​នៅ​ក្នុង​ព្រលាន​នោះ​ថែម​ទៀត។

ក្រុមហ៊ុន​ចិន​ដែល​គ្រប់គ្រង​ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប បាន​ចេញ​តារាង​តម្លៃ​សម្រាប់​រថយន្ត​គ្រប់​ប្រភេទ​ដែល​បើកបរ​លើ​ផ្លូវ​ដែល​ចិន​បាន​សាងសង់​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​ខេត្ត​សៀមរាប ប្រវែង ២០​គីឡូម៉ែត្រ ដោយ​កំណត់​តម្លៃ​ទៅ​តាម​ប្រភេទ​ឡាន​នីមួយៗ ក្នុង​នោះ រថយន្ត​ដែល​ត្រូវ​បង់​ថ្លៃ ៣​ដុល្លារ​ក្នុង​ឆ្នាំ​២០២៤ និង​ឡើង​ថ្លៃ​ដល់ ៤​ដុល្លារ​នៅ​ឆ្នាំ​២០២៦។

ចំណែក​រថយន្ត​ដែល​ត្រូវ​បង់​ថ្លៃ ៦​ដុល្លារ​ក្នុង​ឆ្នាំ​២០២៤ និង​ត្រូវ​ដំឡើង​ថ្លៃ​ដល់ ៨​ដុល្លារ​នៅ​ឆ្នាំ​២០២៦ ដែរ។ ជាង​នេះ​ទៀត រថយន្ត​ដែល​ត្រូវ​បង់​ថ្លៃ ៩​ដុល្លារ​ក្នុង​ឆ្នាំ​២០២៤ នឹង​ត្រូវ​ឡើង​ថ្លៃ​ទៅ​ជា ១២​ដុល្លារ​នៅ​ឆ្នាំ​២០២៦ ដោយឡែក​រថយន្ត​ដែល​ត្រូវ​បង់​ថ្លៃ ១២​ដុល្លារ​ក្នុង​ឆ្នាំ​២០២៤ នឹង​ក៏​ត្រូវ​ដំឡើង​ថ្លៃ​ដល់ ១៦​ដុល្លារ​នៅ​ឆ្នាំ​២០២៦ ផង​ដែរ។

ក្រៅពី​ការ​កំណត់​តម្លៃ​រថយន្ត​ដែល​បើកបរ​លើ​ដងផ្លូវ​ទៅ​ព្រលាន​យន្តហោះ​ថ្មី ក្រុមហ៊ុន​ចិន​ក៏​បាន​ចេញ​កំណត់​តម្លៃ​ចំណត​រថយន្ត​ក្នុង​ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប នេះ​ដែរ ក្នុង​នោះ រថយន្ត​ដែល​ចត​ក្នុង​ចំណត​ក្រោម ៣០​នាទី ត្រូវ​បង់ ១​ដុល្លារ ប៉ុន្តែ​បើ​ចត​លើស​ពី ៣០​នាទី ត្រូវ​បន្ថែម ២​ពាន់​រៀល ឬ ០,៥០​ដុល្លារ​រាល់ ៣០​នាទី​ម្តង ប៉ុន្តែ​តម្លៃ​នេះ​មិន​ដូច​គ្នា​ទេ គឺ​អាស្រ័យ​ទៅ​តាម​ប្រភេទ​រថយន្ត​នីមួយៗ ក្នុង​នោះ រថយន្ត​ខ្លះ​ត្រូវ​តម្រូវ​ឱ្យ​បង់​ថ្លៃ ៣០០០​រៀល ឬ ០,៧៥​ដុល្លារ ខណៈ​រថយន្ត​ប្រភេទ​ខ្លះ​ត្រូវ​បង់ ៨០០០​រៀល ឬ ២​ដុល្លារ នៅ​ពេល​ដែល​ចត​លើស​ពី ៣០​នាទី ហើយ​តម្លៃ​នេះ គឺ​ត្រូវ​គិត​រាល់ ៣០​នាទី​ម្តង។

ក្នុង​តារាង​កំណត់​តម្លៃ​ចំណត​បញ្ជាក់​ថា ម្ចាស់​រថយន្ត​ត្រូវ​ទទួល​ខុសត្រូវ​ដោយ​ខ្លួនឯង​ចំពោះ​ហានិភ័យ​ផ្សេងៗ​លើ​រថយន្ត​របស់​ខ្លួន ព្រោះ​ថា ក្រុមហ៊ុន​មិន​ទទួល​ខុសត្រូវ​រាល់​ការ​បាត់បង់​របស់​ផ្ទាល់ខ្លួន​ណា​មួយ​ដែល​ត្រូវ​បាន​រក្សាទុក​ក្នុង​ចំណត​នៃ​ព្រលាន​យន្តហោះ​ថ្មី​នេះ​ឡើយ។ ជាង​នេះ​ទៀត យានជំនិះ​គ្រប់​ប្រភេទ​ត្រូវ​បាន​ហាមឃាត់​ដាច់ខាត ដូចជា កង់បី ម៉តូ​រ៉ឺម៉ក ស៊ីក្លូ មិន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​បរិវេណ​ព្រលាន​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ប្រសិនបើ​ការ​សាងសង់​ព្រលាន​យន្តហោះ​នេះ​ជា​ប្រាក់កម្ចី​របស់​ចិន ហើយ​ផ្តល់​សិទ្ធិ​ឱ្យ​ចិន​ប្រមូល​ផល​ប្រយោជន៍​ទៅវិញ​ដោយ​គ្មាន​លក្ខខណ្ឌ​ត្រឹមត្រូវ​នៅ​ពេល​ដាក់​ឱ្យ​ដំណើរការ​នោះ គឺ​មាន​ន័យ​ថា ចិន​កំពុង​ធ្វើ​ស្រែ​លើ​ខ្នង​ខ្មែរ​យ៉ាង​ពិតប្រាកដ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ដាក់​វិនិយោគ​របស់​ចិន​លើ​ព្រលាន​យន្តហោះ​ថ្មី​នេះ មិន​បាន​ផ្តល់​ផល​ប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​របស់​ខ្លួន​នោះ​ទេ ព្រោះ​ថា​បើ​គិត​លើ​ចំណូល​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ទទួល​បាន​ពី​ការ​ធ្វើ​កម្មករ និង​ការ​លក់ដូរ​អីវ៉ាន់​បន្តិចបន្តួច​នៅ​ក្នុង​ព្រលាន​នេះ គឺ​ទទួល​បាន​ផល​តិចតួច​ណាស់ បើ​ធៀប​ទៅ​នឹង​ក្រុមហ៊ុន​ចិន ត្រូវ​ប្រមូល​ពី​សេវាកម្ម​ទេសចរណ៍​ដែល​ចូល​មក​ព្រលាន​នេះ​ក្នុង​រយៈពេល ៥៥​ឆ្នាំ ខណៈ​អ្នក​លក់​អីវ៉ាន់​ធំៗ​ក៏​ជា​ឈ្មួញ​ជនជាតិ​ចិន ថែម​ទៀត។

ប្រភព​ដដែល​ត្អូញត្អែរ​ថា តាម​បទពិសោធន៍​កន្លង​មក សំណង់​របស់​ចិន​មិន​ដែល​មាន​ភាព​រឹងមាំ​ជាប់​បាន​យូរ​ទេ ដូច្នេះ​សំណង់​របស់​ព្រលាន​នេះ​ក៏​ប្រហែល​ជា​មិន​ខុស​គ្នា​ដែរ ក្នុង​កិច្ចសន្យា ៥៥​ឆ្នាំ​ដែល​ចិន​ជា​អ្នក​គ្រប់គ្រង និង​ទទួល​ផល​ពី​សេវា​របស់​ព្រលាន​យន្តហោះ​នេះ ប៉ុន្តែ​នៅ​ពេល​ចប់​កុងត្រា​ដល់​វេន​កម្ពុជា​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ ក៏​ប្រហែល​អាច​ជា​ពេល​ដែល​ត្រូវ​ជួសជុល​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​ផង​ដែរ ព្រោះ​ថា ចិន​តែងតែ​គិត​ពី​ចំណេញ​ខាត​ជានិច្ច ចិន​មិន​ដែល​គិត​រឿង​មុខមាត់​ទំនាក់ទំនង ឬ​ជួយ​ដោយ​ស្មោះត្រង់​នោះ​ទេ ទោះជា​មិត្ត​ដែកថែប​ដូច​កម្ពុជា​ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស