29 C
Phnom Penh

បណ្ឌិត មាស នី ថា​ក្រសួង​សុខាភិបាល​គួរ​ពិនិត្យ​ការ​បើក​ប្រាក់​បេសកកម្ម​បុគ្គលិក​ឱ្យ​ត្រឹមត្រូវ

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ក្រសួង​សុខាភិបាល​កម្ពុជា គួរ​មាន​យន្តការ​ត្រួតពិនិត្យ​លើ​ការ​បើក​ប្រាក់​បេសកកម្ម​ដល់​បុគ្គលិក​សុខាភិបាល​ដែល​កំពុង​ប្រតិបត្តិការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 និង​ពិនិត្យ​គុណភាព​ម្ហូបអាហារ​សម្រាប់​អ្នកជំងឺ​ផង​ដែរ ចៀសវាង​អំពើ​ពុករលួយ​កើត​មាន​ក្នុង​ពេល​អនុវត្ត។

អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ថា ក្នុង​អំឡុង​ពេល​ដ៏​លំបាក​នេះ មាន​ត្រីងៀត​កំពុងតែ​ឆ្លៀត​ពង​យ៉ាង​ពេញ​ទំហឹង ដោយសារ​មាន​បុគ្គលិក​សុខាភិបាល​ខ្លះ​កំពុងតែ​ព្យាយាម​កេងប្រវ័ញ្ច​ធ្វើ​មាន​ធ្វើ​បាន​នៅ​ពេល​ដែល​មនុស្ស​ដទៃទៀត​កំពុង​រងទុក្ខ​ដោយសារ​វិបត្តិ​សកល​មួយ​នេះ។

លោក​អះអាង​ថា នៅ​អង្គភាព​ខ្លះ​មាន​ការ​គាបសង្កត់​កើន​ឡើង​ដោយ​មាន​អ្នក​តាម​កាត់​យក​ភាគរយ​ពី​អ្នក​ប្រចាំការ​នៅ​តាម​មណ្ឌល​ចត្តាឡីស័ក ទោះ​អ្នក​ទាំងនោះ​បាន​លះបង់​គ្រប់​បែបយ៉ាង​ដើម្បី​ជួយ​ព្យាបាល​អ្នកជំងឺ Covid-19 គ្មាន​ពេល​សម្រាក​ក៏ដោយ។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឲ្យ​ក្រសួង​សុខាភិបាល​កម្ពុជា តាមដាន និង​ស្រាវជ្រាវ​មន្ត្រី​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​ល្មើស​ទៅ​នឹង​វិធានការ​រដ្ឋបាល​នានា​របស់​រដ្ឋាភិបាល​យ៉ាង​ធ្ងន់ធ្ងរ។

ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ​សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក ហ៊ុន សែន ព្យាយាម​ប្រើ​ព្រឹត្តិការណ៍ Covid-19 ធ្វើ​ជា​ជំនួញ​ប្រមូល​លុយ​បាន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។

លោក​អះអាង​ថា ក្នុង​ព្រឹត្តិការណ៍​ឆ្លង Covid-19 ២០ កុម្ភៈ នេះ លោក ហ៊ុន ម៉ាណែត បាន​រៀប​គម្រោង​នាំ​ចូល​គ្រែ​អ្នកជំងឺ​រាប់​ពាន់​គ្រឿង បរិក្ខារ​ពេទ្យ​រាប់​រយ​មុខ និង​ថ្នាំពេទ្យ​ថោកៗ​ពី​ប្រទេស​វៀតណាម ចិន និង​ថៃ ជាដើម ប៉ុន្តែ​បែរជា​បង្កើន​ខ្ទង់​ចំណាយ​កប់​ពពក ទាញ​យក​លុយ​ពី​រដ្ឋ​ដាក់​ចូល​ក្នុង​ក្រុមហ៊ុន​របស់​ប្រពន្ធ​ខ្លួន​ទៅវិញ។

លោក គឹម សុខ បញ្ជាក់​ថា អ្នក​ធ្វើ​ចត្តាឡីស័ក​នៅ​កោះពេជ្រ និង​នៅ​មជ្ឈមណ្ឌល​ចត្តាឡីស័ក​ព្រីមៀម សែន សុខ (Premium Sen Sok) មិន​តិច​ជាង ៤​ពាន់​នាក់​ទេ​ដែល​លោក ហ៊ុន ម៉ាណែត ធ្វើ​បញ្ជី​ចំណាយ​យក​លុយ​ពី​រដ្ឋាភិបាល​ក្នុង​ពលរដ្ឋ​ម្នាក់ ២០០​ដុល្លារ​ក្នុង ១​ថ្ងៃ​ដាក់​ចូល​ក្នុង​គណៈកម្មការ​របស់​ខ្លួន ជា​លេស​ចំណាយ​ជួយ​អ្នក​ធ្វើ​ចត្តាឡីស័ក ប៉ុន្តែ​ពលរដ្ឋ​ដែល​គេ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ទាំងនោះ​មិន​ទទួល​បាន​សេវា​ថែទាំ​ឲ្យ​សម​នឹង​ការ​ចំណាយ​របស់​រដ្ឋ​នោះ​ទេ។

ជាង​នេះ​ទៀត លោក​ថា​នៅ​សណ្ឋាគារ​អតីត អ៊ីនធឺខន (InterContinental) ប្ដូរ​មក​ជា​សណ្ឋាគារ ឌូក (Duke) និង​នៅ​សណ្ឋាគារ សុខា ជា​កន្លែង​ដែល​គេ​ដាក់​អ្នក​មាន​លុយ និង​អ្នក​ចេញចូល​បរទេស​ក្នុង​យុទ្ធនាការ​ធ្វើ​ចត្តាឡីស័ក ក្នុង​នោះ​មនុស្ស​មិន​តិច​ជាង ៣០០​នាក់​ទេ ទាំង​ខ្មែរ និង​បរទេស​ដែល​ត្រូវ​ក្រុម​របស់​លោក ហ៊ុន ម៉ាណែត ប្រមូល​ដាក់​កន្លែង​ទាំងពីរ​នេះ ដោយ​តម្រូវ​ឲ្យ​ចេញ​ចំណាយ​ផ្ទាល់​ខ្លួន ៤០០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ចូល​ទៅ​គណៈកម្មការ​របស់​ពួកគេ។

ទោះជាយ៉ាងណាក៏ដោយ ក្រុម​អ្នក​គាំទ្រ​លោក ហ៊ុន ម៉ាណែត ធ្លាប់​បាន​ចេញ​មុខ​ទាត់​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក គឹម សុខ។ ពួកគេ​អះអាង​ថា នៅ​តាម​មណ្ឌល​ធ្វើ​ចត្តាឡីស័ក​ខ្លះ​មិន​មាន​ការ​យក​លុយ​អ្វី​នោះ​ទេ ហើយ​មណ្ឌល​មាន​ការ​ផ្តល់​សេវា​ល្អ បន្ទប់ដេក​មាន​ម៉ាស៊ីន​ត្រជាក់​ដោយ​ឥត​គិតថ្លៃ និង​មាន​អាហារ​ហូបចុក​គ្រប់គ្រាន់​ទៀត។

ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០២១ បាន​អះអាង​ថា ខ្លួន​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ៥៨៩​នាក់ ខណៈ​អ្នក​ជាសះស្បើយ​ថ្មី​មាន​ចំនួន ៩៤៥​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ៣​នាក់​ផង​ដែរ។

ក្រសួង​បញ្ជាក់​ថា អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ជាង ៣​ម៉ឺន ៤​ពាន់​នាក់​ហើយ រីឯ​អ្នក​ជាសះស្បើយ​សរុប​មាន​ចំនួន​ជិត ៣​ម៉ឺន​នាក់ ចំណែក​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ២៦៦​នាក់​ហើយ​នៅ​ពេលនេះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស