រូបភាពផ្កាយរណបបានបង្ហាញអំពីការស្ថាបនាសំណង់កំពង់ផែជើងទឹករាមនៅខេត្តព្រះសីហនុ យ៉ាងលឿនបំផុត ដែលនៅទីនោះសហរដ្ឋអាមេរិកបារម្ភអំពីអនាគតអាចជាមូលដ្ឋានកងទ័ពនៃប្រទេសចិន។
អត្ថបទស្រាវជ្រាវរបស់សារព័ត៌មាន Business insider បានសរសេរយ៉ាងលម្អិតថា អគារថ្មីចំនួនពីរបានលេចជារូបរាងឡើងកាលពីពេលថ្មីៗនេះនៅលើមូលដ្ឋានទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ ហើយសំណង់ថ្មីនោះធ្វើឡើងជំនួសអគារគាំទ្រដោយមូលនិធិសហរដ្ឋអាមេរិក នាំឱ្យមានការលើកឡើងអំពីវត្តមានកងទ័ពចិនអាចបោះទីតាំងនៅមូលដ្ឋាននោះ។
រូបភាពផ្កាយរណបនេះបោះពុម្ពផ្សាយដោយគេហទំព័ររបស់អង្គការគម្រោងតម្លាភាពសមុទ្រអាស៊ី ហៅកាត់ថា ATMI និងអង្គការ Maxar ដោយបង្ហាញពីការសម្អាតទីតាំងចាប់ផ្ដើមតាំងពីថ្ងៃទី១៧ មេសា ហើយសំណង់ថ្មីនោះចាប់ផ្ដើមធ្វើនៅដើមខែឧសភា ហើយឥឡូវនេះសំណង់នោះបានស្ថាបនាហើយកាលពីថ្ងៃទី២១ ខែឧសភា។
សំណង់អគារទាំងពីរនេះមានបណ្ដោយ ១១៥ហ្វីត និងទទឹង ២០ហ្វីត។ វាស្ថិតនៅក្បែរនឹងសំណង់ការដ្ឋានដែលស្ថាបនាដោយមូលនិធិសហរដ្ឋអាមេរិក ហើយត្រូវបានរដ្ឋាភិបាលកម្ពុជាបញ្ជាឱ្យវាយកម្ទេចអគារនេះកាលពីចុងឆ្នាំទៅមិញ។
កន្លងមក អង្គការគម្រោងតម្លាភាពសមុទ្រអាស៊ី បានបោះពុម្ពផ្សាយម្ដងរួចហើយអំពីផ្នែកមួយនៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រអន្តរជាតិនេះ ដោយបានបង្ហាញថាអគារមួយស្ថាបនាដោយមូលនិធិសហរដ្ឋអាមេរិក ជាទីដែលបញ្ជាការបច្ចេកទេសរបស់គណៈកម្មាធិការជាតិសន្តិសុខសមុទ្រកម្ពុជា ហើយអគារនេះត្រូវបានវាយកម្ទេចចោលនៅខែកញ្ញា ឆ្នាំ២០២០។
អគារមួយកន្លែងទៀតដែលជាមូលនិធិរបស់អាមេរិកផងដែរ គឺសម្រាប់ការដ្ឋានជួសជុលនាវាល្បាត ត្រូវបានវាយកម្ទេចនៅខែតុលា ឆ្នាំ២០២០ ដែរ។ ការវាយកម្ទេច និងការស្ថាបនាសំណង់អគារថ្មីបានធ្វើឡើងដោយផ្អែកតាមកិច្ចព្រមព្រៀងសម្ងាត់រវាងកម្ពុជា និងចិន នៅឆ្នាំ២០១៩ ដែលអនុញ្ញាតឱ្យទីក្រុងប៉េកាំង ដំឡើងសព្វាវុធ និងនាវាចម្បាំងចូលចតក្នុងមូលដ្ឋានទ័ពរាមនោះ ហើយសេចក្ដីរាយការណ៍នេះត្រូវបានចុះផ្សាយដំបូងដោយសារព័ត៌មានអាមេរិក The Wall Street Journal។
នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែលបានឡើងកាន់អំណាចតាំងពីឆ្នាំ១៩៨៥ តែងតែបដិសេធថា កម្ពុជាមិនមានកិច្ចព្រមព្រៀងសម្ងាត់ស្ថាបនាមូលដ្ឋានទ័ពជើងទឹករាម ជាមួយនឹងប្រទេសចិន។
កាលពីខែតុលា ឆ្នាំ២០២០ បញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងទឹកកម្ពុជា ឧត្តមសេនីយ៍ វាន់ ប៊ុនលាន បាននិយាយថា សំណង់ថ្មីទាំងនេះនៅលើមូលដ្ឋានទ័ពជើងទឹករាម គឺសុទ្ធសឹងតែបានមកពីមូលនិធិជំនួយរបស់ចិន។
ផែនការនៃការស្ថាបនាមូលដ្ឋានទ័ពរាមនេះ គឺទីមួយបង្កលក្ខណៈឱ្យនាវាធំៗចូលចត ក្នុងនោះមានទាំងនាវាល្បាតផងដែរ។ ឧត្តមសេនីយ៍ ប៊ុនលាន បានប្រាប់សារព័ត៌មានជប៉ុន Nikkei Asia review ថា រដ្ឋាភិបាលចិន បានជួយកម្ពុជាស្ថាបនា និងជួសជុលផែរាមនេះឡើងវិញ គឺសម្រាប់តែនាវារបស់កម្ពុជាតែប៉ុណ្ណោះ ដោយទាត់ចោលរបាយការណ៍ដែលថាមូលដ្ឋានទ័ពរាមនេះអនាគតនឹងក្លាយជាមូលដ្ឋានកងទ័ពរបស់ចិន។
យ៉ាងណា រដ្ឋមន្ត្រីការពារជាតិកម្ពុជា ក៏បានបញ្ជាក់ដែរថា មូលដ្ឋាននោះគឺដើម្បីសម្រាប់ជួសជុលនាវាល្បាត ហើយត្រូវបានស្ថាបនាចប់សព្វគ្រប់ម្ដងរួចទៅហើយនៅឆ្នាំ២០១៧ ប៉ុន្តែត្រូវរើទៅកាន់ទីតាំងមួយទៀតដោយសារតែទីនោះពុំមានបរិវេណធំនោះទេ ហើយអគារនៅទីនោះទៀតក៏ស្ថាបនារួចរាល់ហើយផងដែរ។
លោករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ជាក់ថា សំណង់ចាស់នោះគឺមិនអាចរក្សាទុកបានយូរទៀតនោះទេ។
ប៉ុន្តែអង្គការ ATMI បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា ការវាយកម្ទេចសំណង់អគារមូលនិធិសហរដ្ឋអាមេរិក គឺមន្ត្រីកម្ពុជាពុំបានបង្ហាញនូវភាពប្រាកដប្រជា និងគោលដៅច្បាស់លាស់នោះទេ ដែលនាំឱ្យមានការសង្ស័យនៅតែបន្តថាសំណង់ថ្មីនោះ គឺធ្វើឡើងដើម្បីផលប្រយោជន៍របស់ចិនច្រើនជាងផលប្រយោជន៍របស់កម្ពុជា។
ប៉ុន្តែអគារថ្មីនៅលើមូលដ្ឋានទ័ពជើងទឹករាម បានស្ថាបនារួចរាល់ហើយ គឺមុនមកដល់ប៉ុន្មានថ្ងៃរបស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រី វ៉េនឌី ស៊ែមែន មកកាន់កម្ពុជា។
ក្រសួងការបរទេសអាមេរិក បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនអំពីទស្សនកិច្ចរបស់អ្នកស្រី ស៊ែមែន ដោយបញ្ជាក់ថា អនុរដ្ឋមន្ត្រីការបរទេសរូបនេះបង្ហាញកង្វល់ជាខ្លាំងអំពីអនាគតវត្តមានរបស់កងទ័ពចិន ដែលអាចមាននៅលើមូលដ្ឋានទ័ពជើងទឹករាមកម្ពុជា តាមរយៈសំណង់ដែលទើបស្ថាបនាឡើងក្រោមមូលនិធិរបស់ចិន។
តាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក គឺអ្នកស្រី ស៊ែមែន មកកាន់កម្ពុជាដើម្បីស្វែងយល់ឱ្យច្បាស់អំពីមូលហេតុនៃការវាយកម្ទេចអគារមូលនិធិរបស់សហរដ្ឋអាមេរិកចំនួនពីរកន្លែងនៅលើមូលដ្ឋានទ័ពជើងទឹករាម ព្រោះតែពុំមានការជូនដំណឹងជាមុន ឬពន្យល់ឱ្យបានច្បាស់លាស់ ដែលក្រោយមកត្រូវបានអង្កេតឃើញថាវានឹងក្លាយជាមូលដ្ឋានទ័ពចិននៅក្នុងទឹកដីកម្ពុជា ហើយបើដូចនេះ គឺជាការបំផ្លាញអធិបតេយ្យភាពកម្ពុជា គំរាមកំហែងសន្តិសុខតំបន់ និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងសហរដ្ឋអាមេរិក និងកម្ពុជា។
សហរដ្ឋអាមេរិក ធ្លាប់បានចោទសួររឿងនេះ គឺអំពីវត្តមានកងទ័ពចិននៅផែរាមនេះរួចមកហើយ។ កាលពីឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ដោយឆ្លើយតបនឹងលិខិតរបស់អតីតនាយករដ្ឋមន្ត្រី ម៉ៃ ផេនស៍ ដែលលើកឡើងអំពីចិនអាចមានមូលដ្ឋានកងទ័ពរបស់ខ្លួននៅទឹកដីកម្ពុជា។
ប៉ុន្តែលោក ហ៊ុន សែន បានច្រានចោលការសង្ស័យទាំងនេះ ដោយលោកអះអាងថារដ្ឋធម្មនុញ្ញកម្ពុជាហាមឃាត់ដាច់ខាតមិនឱ្យមានវត្តមានកងទ័ពបរទេសនៅលើទឹកដីកម្ពុជានោះទេ។
ក្រសួងការពារជាតិអាមេរិក បានលើកឡើងម្ដងទៀតនូវបញ្ហានេះកាលពីខែមិថុនា ឆ្នាំ២០១៩ គឺបន្ទាប់ពីកម្ពុជាបានបដិសេធមិនព្រមឱ្យសហរដ្ឋអាមេរិកជួសជុលឡើងវិញអគារមូលនិធិអាមេរិកនៅមូលដ្ឋានរាមនោះ។
អ្នកនាំពាក្យមន្ទីរប៉ុងតាហ្កោន លោក JOHN SUPPLE បានប្រាប់ Business insider ថា ក្រសួងការពារជាតិអាមេរិកបានដឹងអស់ហើយអំពីដំណើរការស្ថាបនាសំណង់ទាំងឡាយនៅកំពង់ផែរាម ហើយក៏បានរំឭកទៅអ្នកស្រី ស៊ែមែន ឱ្យសាកសួររឿងនេះទៅកាន់មន្ត្រីកម្ពុជាបន្តទៀត។ អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា អាមេរិកពិតជាមានកង្វល់អំពីវត្តមានកងទ័ពប្រជាជនចិន និងការស្ថាបនាអគារនៅមូលដ្ឋានកងទ័ពរាមនេះ។ ក៏ប៉ុន្ដែសហរដ្ឋអាមេរិកលើកទឹកចិត្តឱ្យមេដឹកនាំកម្ពុជាបន្តរក្សាឱ្យបាននូវតួនាទីរបស់ខ្លួន គឺប្រកាន់យកគោលការណ៍ឯករាជ្យ និងធ្វើឱ្យមានតុល្យភាពគោលនយោបាយការបរទេសក្នុងផលប្រយោជន៍នៃប្រជាជនកម្ពុជា។
កម្ពុជា គឺជាសម្ព័ន្ធមិត្តដ៏ស្និទ្ធបំផុតនៃប្រទេសចិន ហើយជាប្រទេសដែលចិន ផ្ដល់ប្រាក់ជំនួយ និងកម្ចីពាន់លានដុល្លារ។ ប៉ុន្តែចិនតែងតែគាំទ្រមេដឹកនាំកម្ពុជា គឺលោក ហ៊ុន សែន ដែលប្រឈមមុខជាមួយនឹងពួកបស្ចិមប្រទេសអំពីវិធានការប្រើអំណាចគាបសង្កត់របស់មេដឹកនាំកម្ពុជារូបនេះ។
នៅក្នុងការដ្ឋានសំណង់រាមនេះ គឺមានក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ចិនមាននៅលើទីនោះ។ នៅក្នុងមូលដ្ឋានតំបន់រាមនោះ គឺមានព្រលានយន្តហោះដែលក្រុមហ៊ុនសំណង់របស់ចិន កំពុងស្ថាបនា គឺដើម្បីប្រែក្លាយជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រ។
ក្រុមហ៊ុនចិនទាំងនោះបានកំពុងសម្អាតដីព្រៃតំបន់ទាំងនោះ ហើយស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសម្រាប់កំពង់ផែនៅតំបន់នោះទៅថ្ងៃអនាគត។
ពួកមន្ត្រីអាមេរិកនិយាយថា មានប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែងនៅតំបន់នោះដែលនឹងត្រូវប្រគល់ឱ្យចិនហើយមើលទៅ គឺជាប៉ុស្តិ៍ត្រួតពិនិត្យដ៏ធំរបស់ចិននៅអាស៊ីអាគ្នេយ៍។ វត្តមានកងទ័ពចិននៅមូលដ្ឋានទ័ពរាម ក៏នឹងផ្ដល់ផងដែរដល់ទីក្រុងប៉េកាំង នូវផ្លូវនាវាដ៏សំខាន់តភ្ជាប់សមុទ្រប៉ាស៊ីហ្វិក ទៅសមុទ្រឥណ្ឌា។
យ៉ាងណាក៏ដោយ ប្រទេសជាច្រើនទៀតរួមមានសហរដ្ឋអាមេរិក ក៏មានលទ្ធភាពធ្វើដូចនេះដែរ ប៉ុន្តែសម្រាប់មហាយក្សចិន បានឈានដល់គោលដៅនេះមុនគេទៅហើយ ដែលនាំឱ្យមានកង្វល់ដល់ប្រទេសជិតខាង ជាពិសេសប្រទេសឥណ្ឌា ដែលកំពុងបារម្ភខ្លាំងអំពីឥទ្ធិពលរបស់ចិននៅតំបន់អាស៊ី និងសមុទ្រឥណ្ឌា៕