33 C
Phnom Penh

អនុព័ន្ធយោធា​អាមេរិក៖ មន្ត្រី​កម្ពុជា​រឹតត្បិត​ពួកគេ​ត្រួតពិនិត្យ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អនុព័ន្ធយោធា​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​ប្រទេស​កម្ពុជា លោក​វរសេនីយ៍ឯក Marcus M. Ferrara សម្ដែង​ការ​សោកស្តាយ​ចំពោះ​មន្ត្រី​យោធា​កម្ពុជា ដែល​បាន​រឹតត្បិត​ការ​ត្រួតពិនិត្យ​ទីតាំង​មូលដ្ឋាន​កងទ័ព​ជើងទឹក​សមុទ្រ​រាម ដែល​សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​ផ្តល់​ជា​ជំនួយ​ក្នុង​ការ​សាងសង់​អគារ​នៅ​មូលដ្ឋាន​នោះ។

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​សុក្រ ទី​១១ មិថុនា បាន​បញ្ជាក់​នៅ​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ផ្លូវការ​របស់​ខ្លួន​ថា លោក Marcus M. Ferrara បាន​ធ្វើ​ដំណើរ​ទៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​កម្ពុជា​នៅ​សមុទ្រ​រាម នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​នេះ តាមរយៈ​ការ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​កម្ពុជា។ ប៉ុន្តែ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​ខ្លី​នោះ មន្ត្រី​យោធា​កម្ពុជា​មិន​បាន​អនុញ្ញាត​ឲ្យ​លោក​អនុព័ន្ធយោធា​ទៅ​មើល​គ្រប់​កន្លែង​នៅ​ក្នុង​មូលដ្ឋាន​កងទ័ព​ជើងទឹក​នោះ​ឡើយ។

ស្ថានទូត​អាមេរិក បាន​បញ្ជាក់​ទៀត​ថា នៅ​ពេល​ដឹង​ច្បាស់​ថា​លោក​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​មើល​បាន​អស់ លោក​វរសេនីយ៍ឯក Ferrara បាន​បញ្ចប់​ការ​ដើរ​មើល ហើយ​បាន​ស្នើសុំ​ឲ្យ​មន្ត្រី​យោធា​កម្ពុជា​កំណត់​ពេល​ទស្សនកិច្ច​ឡើងវិញ ដោយ​អនុញ្ញាត​ឲ្យ​មាន​ការ​ដើរ​មើល​គ្រប់​កន្លែង​នៅ​ក្នុង​ពេល​ខាងមុខ​ឲ្យ​បាន​ឆាប់​បំផុត។

ដំណើរ​ទស្សនកិច្ច​ត្រួតពិនិត្យ​នេះ ធ្វើឡើង​ក្រោយពេល​លោក ហ៊ុន សែន បាន​យល់ព្រម​ជាមួយ​អ្នកស្រី​អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Wendy Sherman ក្នុង​ការ​បើក​ឲ្យ​អនុព័ន្ធយោធា​របស់​ស្ថានទូត​អាមេរិក ចុះ​ទៅ​មើល​ទៀងទាត់​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម។

ការ​សម្រេច​ចិត្ត​របស់​លោក​នាយករដ្ឋមន្ត្រី បាន​សម្រេច​ចិត្ត​ដូច្នេះ ជា​ការ​ឆ្លើយតប​នឹង​កង្វល់​យ៉ាង​ជ្រាលជ្រៅ​របស់​អ្នកស្រី​អនុរដ្ឋមន្ត្រី​ការបរទេស Sherman ដែល​អ្នកស្រី​បាន​លើកឡើង​អំពី​វត្តមាន​យោធា​ចិន នៅ​សមុទ្រ​រាម​របស់​ខ្មែរ។

ស្ថានទូត​អាមេរិក បាន​បញ្ជាក់​ទៀត​ថា ដំណើរ​ទស្សនកិច្ច​ជា​ធម្មតា និង​ញឹកញាប់​របស់​អនុព័ន្ធយោធា​របស់​សហរដ្ឋ​អាមេរិក និង​អនុព័ន្ធយោធា​បរទេស​ដទៃ​ទៀត​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម អាច​ជា​ជំហាន​មួយ​យ៉ាង​សំខាន់​ឆ្ពោះ​ទៅ​រក​តម្លាភាព និង​ការ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​បាន​ច្រើន។

កាលពី​ឆ្នាំ​២០១៩ កាសែត​អាមេរិក The Wall Street Journal បាន​ចុះផ្សាយ​ថា កម្ពុជា​និង​ចិន បាន​ចុះហត្ថលេខា​ជា​សម្ងាត់​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​អនុញ្ញាត​ឱ្យ​ចិន មាន​សិទ្ធិ​ផ្ដាច់មុខ​ចូល​ទៅ​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ក្នុង​រយៈពេល ៣០​ឆ្នាំ ដោយ​អាច​បន្ត​ឡើងវិញ​នៅ​រៀងរាល់ ១០​ឆ្នាំ​ម្ដង។

បញ្ហា​នេះ ត្រូវ​រដ្ឋាភិបាល​កម្ពុជា​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ថា ការ​វាយកម្ទេច​អគារ​ទាំងពីរ​ដែល​ជា​ជំនួយ​របស់​អាមេរិក និង​ការ​សាងសង់​កំពង់ផែ​នេះ​ឡើងវិញ មិន​ពាក់ព័ន្ធ​ជាមួយ​ការ​បោះ​មូលដ្ឋាន​កងទ័ព​របស់​ចិន​នៅ​កម្ពុជា​នោះ​ទេ។ ប៉ុន្តែ​ចុងក្រោយ រដ្ឋាភិបាល​កម្ពុជា​ខ្លួនឯង​សារភាព​ថា ការ​សាងសង់​នេះ គឺ​ពិតជា​ទទួល​ជំនួយ​ពី​ចិន​ពិតប្រាកដ​មែន។ បញ្ហា​នេះ កាន់តែ​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​លោក​សេរី​មាន​ការសង្ស័យ និង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​សម្រាប់​សន្តិសុខ​ក្នុង​តំបន់​ចំពោះ​ទំនាក់ទំនង​កម្ពុជា-ចិន ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ជំពាក់​បំណុល​ចិន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ផង​នោះ។

អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy Sherman ដែល​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២១ ដោយ​ការ​លើកឡើង​ចំៗ​ថា បើ​រដ្ឋាភិបាល​កម្ពុជា មិន​បកស្រាយ​ពី​មូលដ្ឋាន​យោធា​របស់​ចិន​នៅ​កម្ពុជា ឲ្យ​បាន​ច្បាស់លាស់​ទេ នោះ​គឺ​មាន​ន័យ​ថា កម្ពុជា​កំពុង​មើលស្រាល​អធិបតេយ្យភាព​ខ្លួនឯង ហើយ​ក៏​ជា​ការ​បង្ក​ឲ្យ​មាន​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ក្នុង​តំបន់ និង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទំនាក់ទំនង​កម្ពុជា-អាមេរិក​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ អះអាង​ថា កម្ពុជា​ពិតជា​បាន​ទទួល​ជំនួយ​ពី​ចិន ដែល​ជា​មិត្ត​ដែកថែប​ក្នុង​ការ​ជួយ​សាងសង់​កំពង់ផែ​តំបន់​រាម ដើម្បី​ឲ្យ​មាន​លក្ខណៈ​ធំ​ទូលាយ និង​ទំនើប​ជាង​មុន​ប្រាកដ​មែន តែ​មិន​បាន​ប្រគល់​ឱ្យ​ចិន​កាន់កាប់​ផ្ដាច់មុខ​ដូច​ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស