33 C
Phnom Penh

រាជបណ្ឌិត្យសភា៖ បើ​ប្រទេស​ជាតិ​ខ្សោយ កុំ​ថា​ឡើយ​និយាយ​ពី​ឯករាជ្យ សូម្បីតែ​សំពះ​សុំ​សន្តិភាព​ក៏​មិន​ប្រាកដ​ថា​បាន​ដែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លើកឡើង​ថា បើ​ប្រទេស​ជាតិ​ខ្សោយ កុំ​ថា​ឡើយ​និយាយ​ពី​ឯករាជ្យ និង​អព្យាក្រឹត្យ សូម្បីតែ​សំពះ​សុំ​សន្តិភាព​ពី​គេ ក៏​មិន​ប្រាកដ​ថា​គេ​ឱ្យ​កម្ពុជា​បាន​សុខ​ដែរ។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ថា មាន​តែ​អ្នកនយោបាយ និង​ពលរដ្ឋ​នាំគ្នា​ប្រឹងប្រែង​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ខ្លាំង​ប៉ុណ្ណោះ ទើប​ធ្វើ​ឲ្យ​កម្ពុជា​គេច​ផុត​ពី​ការប្រមាថ​របស់​ជាតិ​សាសន៍​ដទៃ។ ជាង​នេះ​ទៀត ក៏​អាច​ទទួល​បាន​នូវ​វឌ្ឍនភាព និង​វិបុលភាព​ជាតិ​ទាំង​បច្ចុប្បន្ន និង​អនាគត។

លោក​អះអាង​ថា ដើម្បី​ឱ្យ​ប្រទេស​ជាតិ​ខ្លាំង កម្ពុជា​ត្រូវតែ​ធ្វើ​ឱ្យ​ធនធាន​មនុស្ស​ខ្លាំង ប្រព័ន្ធ​ច្បាប់​ខ្លាំង ប្រព័ន្ធ​នយោបាយ​ខ្លាំង សេដ្ឋកិច្ច​ខ្លាំង ខឿន​ការពារ​ជាតិ​ខ្លាំង នយោបាយ​ការទូត​ខ្លាំង និង​ប្រព័ន្ធ​យុត្តិធម៌​សង្គម​ខ្លាំង ជាដើម ហើយ​ភាព​ខ្លាំង​នេះ​មិនមែន​ខ្លាំង​តែ​មួយ​ពេល​នោះ​ទេ គឺ​ខ្លាំង​ជា​យូរអង្វែង។ លើស​ពី​នេះ កម្ពុជា​ក៏​ត្រូវតែ​អនុវត្ត​ផែនការ​នយោបាយ​សាមគ្គី​ជាតិ និង​ឯកភាព​ជាតិ​រវាង​ខ្មែរ និង​ខ្មែរ​ផង​ដែរ។

បណ្ឌិត គិន ភា បញ្ជាក់​ថា ដោយសារ​ប្រទេស​ជាតិ​ចេះតែ​កើត​មាន​វិបត្តិ​ផ្ទៃក្នុង ដែល​បណ្តាល​ឲ្យ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​ជាតិ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​កម្ពុជា​ដែល​ជា​ចក្រភព​ដ៏​ខ្លាំង​ពូកែ​មួយ ធ្លាក់​ខ្លួន​ជា​រដ្ឋ​ស្ថិត​ក្រោម​អាណានិគម​ផ្លាស់​វេន​នៃ​រដ្ឋ​ក្បែរ​ខាង ដែល​បណ្តាល​ឲ្យ​ទឹកដី​ជាច្រើន​ត្រូវ​បាត់បង់​រាប់​សិប​ខេត្ត​ទៅ​ប្រទេស​ថៃ និង​ដែនដី​កម្ពុជាក្រោម រួម​ទាំង​ក្រុង​ព្រៃនគរ ផង បាន​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ប្រទេស​វៀតណាម រហូត​ដល់​សព្វថ្ងៃ​នេះ។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​មាន​ភាព​ចម្រូងចម្រាស​រវាង​កម្ពុជា-វៀតណាម ពាក់ព័ន្ធ​នឹង​ការ​បណ្តេញ​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ដែល​កំពុង​រស់នៅ​យ៉ាង​អណាធិបតេយ្យ​លើ​ទឹកដី​កម្ពុជា ដែល​ហាក់​ពុំ​មាន​ការ​អនុវត្ត​ច្បាប់​ណាមួយ​លើ​ពួកគេ​ទាល់តែសោះ​ពី​សំណាក់​អាជ្ញាធរ​ខ្មែរ។

សាលា​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​កាលពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២១ ដល់​ជនជាតិ​វៀតណាម​ខុសច្បាប់​ដែល​រស់នៅ​លើ​ផ្ទៃ​ទឹក​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ឲ្យ​រុះរើ​ផ្ទះ​បណ្តែតទឹក និង​បែចិញ្ចឹមត្រី​របស់​ពួកគេ​ចេញពី​ទីក្រុង​ភ្នំពេញ ដោយ​ទុក​រយៈពេល​ឲ្យ​តែ ៩​ថ្ងៃ​ប៉ុណ្ណោះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម អះអាង​ថា ក្រោយ​លោក ហ៊ុន សែន ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ ឬ​ជា​រដ្ឋាភិបាល​អាយ៉ង​មក ត្រូវ​គេ​មើលឃើញ​ថា ប្រព័ន្ធ​នយោបាយ និង​វិស័យ​យោធា​របស់​កម្ពុជា ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម​គ្រប់គ្រង​ទាំងស្រុង។

បញ្ហា​នេះ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ខុសច្បាប់​ជាច្រើន​ជាមួយ​វៀតណាម។

ពួកគេ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​តាម​ដងទន្លេ​កម្ពុជា គឺ​ពោរពេញ​ទៅ​ដោយ​ភូមិ​អណ្ដែត​ជនជាតិ​វៀតណាម ដូចជា​នៅ​ឃុំ​កំពង់ហ្លួង ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ជាដើម ដែល​មាន​ភូមិ​សរុប​ចំនួន ១០ ក្នុង​នោះ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ជា​មេភូមិ​មាន​ចំនួន ៣​ភូមិ រីឯ​ជនជាតិ​វៀតណាម ធ្វើ​ជា​មេភូមិ​មាន​ដល់​ទៅ ៧​ភូមិ​ឯណោះ។ លើស​ពី​នេះ ពួកគេ​ក៏​បាន​ក្លាយ​ជា​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទៀត​ផង។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​អំឡុង​ឆ្នាំ​២០១៨ រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្តល់​ដី​ប្រមាណ ៤០​ហិកតារ​ស្ថិត​នៅ​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ដើម្បី​រៀបចំ​កន្លែង​រស់នៅ​ថ្មី​សម្រាប់​ជនជាតិ​វៀតណាម និង​ជនជាតិ​ឥស្លាម ដើម​កំណើត​វៀតណាម ដែល​កំពុង​រស់នៅ​លើ​បឹង​ទន្លេសាប​ដែល​មាន​ចំនួន​ប្រមាណ​ជិត ៥​ពាន់​គ្រួសារ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស