28.4 C
Phnom Penh

តុលាការ​ដោះលែង​កូនប្រុស​អភិបាល​ស្រុក​កងមាស ខណៈ​ស្ត្រី​ជា​សង្សារ​ត្រូវ​ជាប់​ទោស​បង្ក​គ្រោះថ្នាក់​ចរាចរណ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ដោះលែង​កូនប្រុស​អភិបាល​ស្រុក​កងមាស ខេត្ត​កំពង់ចាម ឈ្មោះ សាមីន វុត្ថារិទ្ធិ ឱ្យ​មាន​សេរីភាព ខណៈ​ឈ្មោះ សុខ ច័ន្ទបូណ៍មី ហៅ យាន ដែល​ជា​សង្សារ ត្រូវ​បាន​ចោទប្រកាន់​ថា​មាន​ទោស​ពាក់ព័ន្ធ​នឹង​ការ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​មនុស្ស​រង​របួស។

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៤ ខែ​មីនា នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខណ្ឌ​ឫស្សីកែវ ដែល​ពាក់ព័ន្ធ​នឹង​កូនប្រុស​អភិបាល​ស្រុក​កងមាស កាលពី​ពេល​ថ្មីៗ​នេះ​ថា ផ្អែកលើ​លទ្ធផល​ស៊ើបអង្កេត និង​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក បង្ហាញ​ថា ឈ្មោះ សុខ ច័ន្ទបូណ៍មី ហៅ យាន គឺជា​អ្នក​បើកបរ​រថយន្ត​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ រីឯ​ឈ្មោះ សាមីន វុត្ថារិទ្ធិ គឺជា​អ្នក​រួម​ដំណើរ​ប៉ុណ្ណោះ មិនមែន​ជា​អ្នក​បើកបរ​រថយន្ត​ទេ។

ប្រភព​ដដែល អះអាង​ថា តាម​លទ្ធផល​នេះ តំណាង​អយ្យការ​បាន​សម្រេច​ចោទប្រកាន់​លើ​ជនសង្ស័យ​ឈ្មោះ សុខ ច័ន្ទបូណ៍មី ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​របួស​អ្នក​ដទៃ​ក្នុង​ស្ថានភាព​ស្រវឹង​មាន​ជាតិ​អាល់កុល ០,៥២​មិល្លីក្រាម​ក្នុង ១​លីត្រ​ខ្យល់ និង​បើក​គេច​ខ្លួន​ពី​កន្លែង​កើតហេតុ តាម​បញ្ញត្តិ​មាត្រា ៨៣ នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក និង​បាន​បញ្ជូន​សំណុំរឿង​នេះ​ទៅ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​នា​ពេលនេះ។

សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់​ថា ចំណែក​អ្នក​រួម​ដំណើរ​ឈ្មោះ សាមីន វុត្ថារិទ្ធិ ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​តាម​ដីកា​សម្រេច កាលពី​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២៦ នេះ ជា​កំហិត។

កាលពី​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២៦ វេលា​ម៉ោង ២០ និង ២៤​នាទី​យប់ វីដេអូ​ឃ្លីប​ស្ដីពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ត្រូវ​បាន​ចែកចាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ស្ថិត​នៅ​ចំណុច​ផ្លូវ​បេតុង​ប្រសព្វ​ផ្លូវ​លេខ​១៧១៧ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រលេខ៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ រវាង​រថយន្ត​មួយ​គ្រឿង​ម៉ាក DONG FENG FORTHING បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ដែល​បណ្តាល​ឱ្យ​ជនរងគ្រោះ​របួស​ធ្ងន់។ ក្នុង​វីដេអូ​ឃ្លីប​នេះ បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ខឹងសម្បា​របស់​ពលរដ្ឋ ដោយ​អះអាង​ថា​កូនប្រុស​អភិបាល​ស្រុក​កងមាស ឈ្មោះ សាមីន វុត្ថារិទ្ធិ បាន​ប្រើ​សម្ដី​ប្រមាថ​ជនរងគ្រោះ​ថា បើ​ឡាន​ខ្លួន​បុក​ស្លាប់ យ៉ាង​ច្រើន​បោះ​លុយ ២​ម៉ឺន​ដុល្លារ គឺ​ចប់​រឿង។

យ៉ាងណាក៏ដោយ បន្ទាប់ពី​ស៊ើបអង្កេត សមត្ថកិច្ច​បាន​បង្ហោះ​រូបថត​ដោយ​អះអាង​ថា​ឈ្មោះ សាមីន វុត្ថារិទ្ធិ ជា​អ្នក​រួម​ដំណើរ ហើយ​ស្ត្រី​ឈ្មោះ សុខ ច័ន្ទបូណ៍មី គឺជា​អ្នក​បើកបរ​រថយន្ត ប៉ុន្តែ​រូបថត​ទាំងនោះ​ត្រូវ​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រិះគន់​ថា​ជា​រូបថត​មិន​ពិត ព្រោះ​ខោ​ដែល​ជន​បង្ក​ឈ្មោះ សាមីន វុត្ថារិទ្ធិ ស្លៀក​ដេក​ក្នុង​រថយន្ត និង​ខោ​ដែល​រូប​គេ​ស្លៀក​ក្នុង​ពេល​ដែល​ត្រូវ​មហាជន​ឃាត់​ខ្លួន គឺ​មិន​ដូច​គ្នា។

ជុំវិញ​បញ្ហា​នេះ បណ្ឌិត គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២១ មីនា ថា បើ​ពិនិត្យ​មើល​តាម​រូបថត​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​អំពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ បង្ហាញ​ថា បុរស​ក្នុង​ឡាន និង​បុរស​ឈរ​ពេល​មហាជន​ឡោមព័ទ្ធ គឺជា​មនុស្ស​តែ​ម្នាក់ ប៉ុន្តែ​អាច​ពេលវេលា និង​ទីកន្លែង​ថត​ខុស​គ្នា។

បណ្ឌិត គិន ភា បញ្ជាក់​ថា រឿង​ខ្លះ​អាច​បន្ថយ​បន្ទុក​បុគ្គល តែ​បែរជា​បន្ថែម​បន្ទុក​ក្នុង​សង្គម និង​ពង្រីក​គម្លាត​ទំនុកចិត្ត​រវាង​ពលរដ្ឋ និង​អាជ្ញាធរ​ទៅវិញ។

ជុំវិញ​បញ្ហា​នេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កាលពី​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២៦ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ពេញ​មួយ​ខែ​មករា ឆ្នាំ​២០២៦ គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង ៤២​លើក ស្មើ​នឹង ១៩% ក្នុង​នោះ​មាន​ចំនួន​អ្នក​ស្លាប់​កើន ២៥​នាក់ និង​អ្នក​របួស​កើន ៦៤​នាក់ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៥ ដែល​បណ្តាល​មកពី​ការ​បើកបរ​ល្មើស​ល្បឿន មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ និង​ស្រវឹង ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក ហ៊ុន ម៉ាណែត ធ្លាប់​បាន​ចេញ​បញ្ជា​កាលពី​ពេល​កន្លង​ទៅ ឱ្យ​អនុវត្ត​ច្បាប់​ចំពោះ​បទល្មើស​ជាក់ស្តែង ដែល​បើកបរ​ធ្វេសប្រហែស បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​មនុស្ស​ស្លាប់ គឺ​ត្រូវ​ចាប់​វាយ​ខ្នោះ​នៅ​នឹង​កន្លែង ដោយ​មិន​បាច់​សុំ​គោលការណ៍​ពី​ថ្នាក់លើ​ឡើយ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស