32.5 C
Phnom Penh

អ្នក​ឃ្លាំមើល​ស្នើសុំ​សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ អន្តរាគមន៍​ដោះលែង​យុវជន​បរិស្ថាន​ទាំងអស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំ​មើល​សង្គម ស្នើសុំ​ឲ្យ​សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដោះលែង​យុវជន​បរិស្ថាន​ទាំងអស់​ដែល​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​នា​ពេល​កន្លង​មក ឱ្យ​មាន​សេរីភាព​ឡើងវិញ​ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​ព្រះអង្គ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ថា សូម​សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជួយ​អន្តរាគមន៍​ដោះលែង​យុវជន​បរិស្ថាន​ទាំងអស់​ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន​កាលពី​អំឡុង​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ នេះ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​គ្រប់ៗ​គ្នា​ផង។

លោក​លើកឡើង​ថា យុវជន​បរិស្ថាន​ទាំងនោះ​ទើប​តែ​មាន​អាយុ​ជាង ២០​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ពួកគេ​នឹង​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន​ជូន​ប្រទេស​ជាតិ​បាន​រាប់​សិប​ឆ្នាំ​ទៅ​មុខ​ទៀត។ លើស​ពី​នេះ តាមរយៈ​សកម្មភាព​ការងារ ពួកគេ​ដែល​តែង​ប្រឆាំង​ទៅ​នឹង​ការ​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ​កន្លងមក អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួកគេ​គឺជា​ធនធាន​មនុស្ស​សម្រាប់​កម្ពុជា​យ៉ាង​ពិតប្រាកដ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។

បណ្ឌិត សេង សារី បញ្ជាក់​ថា សកម្មជន​បរិស្ថាន​ទាំងនោះ គឺ​សុទ្ធសឹងតែ​ជា​ចៅទួត​ដ៏​ល្អ​របស់​ព្រះអង្គ ដែល​បាន​លះបង់​ប្រយោជន៍​ផ្ទាល់ខ្លួន​ចូលរួម​ថែរក្សា​ទឹកដី និង​បរិស្ថាន​ជូន​ជាតិ​មាតុភូមិ ដូច្នេះ​សូម​ព្រះបរម​រាជានុញ្ញាត​ជួយ​យុវជន​បរិស្ថាន​ទាំងនោះ​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ផង។

ការ​ស្នើសុំ​នេះ ធ្វើឡើង​ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ពិធី​ចម្រើន​ព្រះជន្ម​សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ស្រប​ពេល​ដែល​អាជ្ញាធរ​កម្ពុជា បាន​បន្ត​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​បន្ថែម​ទៀត​កាលពី​ពេល​ថ្មី​នេះ។

នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០២១ នេះ គឺជា​ឱកាស​នៃ​ការ​ប្រារព្ធ​ពិធី​ចម្រើន​ព្រះជន្ម​សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់ ៨៥​ព្រះវស្សា​យាង​ចូល ៨៦​ព្រះវស្សា។

ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ពិធី​ចម្រើន​ព្រះជន្ម​នេះ ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក៏​បាន​នាំគ្នា​ចេញ​សារ​ថ្វាយព្រះពរ​ដល់​សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ផង​ដែរ ប៉ុន្តែ​មេដឹកនាំ​ទាំងនេះ​មិន​បាន​បង្ហាញ​ពី​សារ​នយោបាយ ឬ​ការ​លើកឡើង​ណាមួយ​ទាក់ទិន​នឹង​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ទាំងអស់​នោះ​ទេ។

គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ​២០២១ នេះ អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​យុវជន​បរិស្ថាន ដូចជា​យុវជន​ចលនា​មាតា​ធម្មជាតិ យុវជន​ខ្មែរ​ថាវរៈ ជាដើម ប្រមាណ​ជាង ១០​នាក់ រួម​មាន លោក ថុន រដ្ឋា កញ្ញា ឈឿន ដារ៉ាវី កញ្ញា ភួន កែវរស្មី និង​យុវជន​បរិស្ថាន​ដែល​អាជ្ញាធរ​ទើប​តែ​ចាប់​ខ្លួន​ចំនួន ៣​នាក់​បន្ថែម​ទៀត​កាលពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១ នេះ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​បាន​អះអាង​ថា បច្ចុប្បន្ន​នេះ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​កំពុង​ឃុំ​ខ្លួន​សកម្មជន​ការពារ​ព្រៃឈើ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​សារព័ត៌មាន​ចំនួន​ប្រមាណ​ជាង ៥០​នាក់​ហើយ។

យ៉ាងណាក៏ដោយ កាលពី​ចុង​ឆ្នាំ​២០២០ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ចោទ​ថា ការ​ធ្វើ​សកម្មភាព​របស់​ក្រុម​យុវជន​បរិស្ថាន​ទាំងនោះ គឺ​មាន​អង្គការ​ចាត់តាំង​ពី​ខាងក្រោយ ដើម្បី​ធ្វើ​សកម្មភាព​តវ៉ា​នាំ​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម។ មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​ព្រមាន​ថា ទោះបីជា​គុក​ចង្អៀត តែ​ដើម្បី​រក្សា​សន្តិភាព ទោះ​ចាប់​ខ្លួន​មនុស្ស​ច្រើន​ជាង​នេះ​ថែមទៀត​ក៏​អាច​ធ្វើ​បាន​ដែរ។

ទោះជាយ៉ាងណាក៏ដោយ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០២០ បាន​រិះគន់​នូវ​សកម្មភាព​ទាំងឡាយ​ដូចជា​ការ​បង្ក្រាប ការ​ចាប់​ខ្លួន​ក្រុម​សកម្មជន​ការពារ​បរិស្ថាន និង​សកម្មជន​សិទ្ធិមនុស្ស ជាដើម របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស