មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ចាត់ទុករនុកក្នុងរបស់ខ្លួន គឺបណ្ឌិត សេង សារី ដែលលោកបានកម្ទេច គឺជាសាកសពដែលគ្មានការចាំបាច់ណាមួយដើម្បីរកថ្នាំពេទ្យមកសង្គ្រោះនោះទេ។
អតីតមេកម្មាភិបាលខ្មែរក្រហម លោក ហ៊ុន សែន លើកឡើងក្នុងពិធីសម្ពោធអគារសិក្សានៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា គ្មានការចាំបាច់ណាមួយឱ្យលោកយកអំបិល ទឹកត្រី ប៊ីចេង ទៅចាក់លើសម្លផ្អូមដែលគេចាក់ចោលហើយនោះឡើយ។
លោក ហ៊ុន សែន ព្រមានបណ្ឌិត សេង សារី ថា លោកគ្រាន់តែចាត់ទុកអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមរូបនេះជាអ្នកពិគ្រោះយោបល់នយោបាយប៉ុណ្ណោះ មិនមែនជាចារកម្មរបស់លោកដើម្បីស៊ើបពីក្រុមប្រឆាំងនោះទេ។
មេដឹកនាំបក្សកាន់អំណាចរូបនេះគំរាមថា សូមកុំឌឺជាមួយលោកឱ្យសោះ ព្រោះការឌឺដងដាក់រូបលោកយ៉ាងណា ក៏ទៅមិនរួចដែរ ប៉ុន្តែផ្ទុយទៅវិញ គឺត្រូវស្ដាប់រូបលោកល្អជាង ព្រោះថាពេលដែលសភាពការណ៍កំពុងជ្រួលច្របល់ គឺត្រូវរក្សាភាពស្ងៀមស្ងាត់ នោះទើបគេហៅថាជាអ្នកនយោបាយពិតប្រាកដ។
ក្រោយបែកធ្លាយសមាសភាពជារនុកក្នុងរបស់លោក ហ៊ុន សែន បានមួយថ្ងៃ គឺនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បណ្ឌិត សេង សារី បានសារភាពដោយផ្ទាល់មាត់ខ្លួនឯងថា លោកពិតជាបានធ្វើជាចារកម្មស៊ើបការសម្ងាត់ពីកម្លាំងនយោបាយរបស់ក្រុមប្រឆាំងឱ្យលោក ហ៊ុន សែន ប្រាកដមែន ជាថ្នូរនឹងការទទួលបានប្រាក់រាប់សិនម៉ឺនដុល្លារ។
ជុំវិញបញ្ហានេះ អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១១ កុម្ភៈ នេះថា ជាករណីយកិច្ចរបស់បញ្ញវន្តដែលត្រូវតែនិយាយការពិត និងបរិហារបកអាក្រាតការភូតភរកុហក។
លោកថា ចំពោះបណ្ឌិត បញ្ញវន្ត និងអ្នកនយោបាយដែលគិតផលប្រយោជន៍ផ្ទាល់ខ្លួន គឺត្រឹមតែជាសត្វតិរច្ឆាន ព្រោះសត្វតិរច្ឆានសុខចិត្តរស់នៅក្នុងទ្រុងដោយការលះបង់សិទ្ធិសេរីភាព និងកិត្តិយសផ្ទាល់ខ្លួន ជាថ្នូរនឹងការទទួលបានសាច់មួយដុំតូច និងពាក្យបញ្ជោរពីម្ចាស់របស់វាប៉ុណ្ណោះ។
បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា បណ្ឌិត បញ្ញវន្ត រួមទាំងអ្នកនយោបាយផង ទោះទទួលបានការអប់រំខ្ពង់ខ្ពស់ពីសាលារៀនក៏ដោយ តែបើមិនចេះប្រើវិចារណញ្ញាណដើម្បីកែលំអភាពអវិជ្ជមានរបស់សង្គមជាតិនោះ គឺគ្មានអ្វីខុសពីសត្វឡើយ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

