33.2 C
Phnom Penh

ល្បែង​ចារកម្ម​របស់​លោក ហ៊ុន សែន កំពុង​ធ្វើ​ឱ្យ​ផ្ទុះ​ការ​សង្ស័យ​គ្នា​ឯង​ក្នុង​ចំណោម​ក្រុម​ប្រឆាំង​ទាំង​ក្នុង​និង​ក្រៅ​ស្រុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ល្បែង​ចារកម្ម​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កំពុង​ធ្វើ​ឱ្យ​ផ្ទុះ​ឡើង​នូវ​ការ​សង្ស័យ​គ្នា​ឯង​ក្នុង​ចំណោម​ក្រុម​ប្រឆាំង​ទាំង​នៅ​ក្នុង​ស្រុក និង​នៅ​ក្រៅ​ប្រទេស បន្ទាប់ពី​ចារបុរស​ម្នាក់ (ជន​បង្កប់) គឺ​បណ្ឌិត សេង សារី ដែល​ត្រូវ​បាន​លោក ហ៊ុន សែន ទម្លាយ​សមាសភាព​កាលពី​ពេល​ថ្មីៗ​នេះ។

មន្ត្រី​ជាន់ខ្ពស់​របស់​លោក កឹម សុខា គឺ​លោក ហ៊ីង សុខសាន្ត បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​អង្គារ​ថា ការ​លើកឡើង​របស់​បណ្ឌិត សេង សារី ដែល​ចោទ​ថា​អនុប្រធាន​វិទ្យុ​អាស៊ីសេរី​ផ្នែក​ខេមរភាសា លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ និង​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ជា​ចារបុរស​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គឺ​មាន​ភាគរយ​ខ្ពស់។

លោក ហ៊ីង សុខសាន្ត អះអាង​ថា លោក​មាន​ទឡ្ហីករណ៍​រឹងមាំ​ជាង​បណ្ឌិត សេង សារី ទៅ​ទៀត​ដែល​អាច​បញ្ជាក់​ថា លោក ជុន ច័ន្ទបុត្រ និង​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ គឺជា​ចារបុរស​របស់​លោក ហ៊ុន សែន ដែល​ស្ថិត​ក្នុង​កម្រិត​ភាគរយ​ខ្ពស់​រហូត​ដល់​ទៅ​ជាង ៦០% ឯណោះ។

លោក​អះអាង​ថា ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ធ្លាប់​មាន​ទំនាក់ទំនង​ជា​ឪពុកធម៌ និង​កូនធម៌​ជាមួយ​លោក ហ៊ុន សែន ដូច​បណ្ឌិត សេង សារី ដែរ។ ចំណែក លោក ជុន ច័ន្ទបុត្រ ក៏​ធ្លាប់​រង​នូវ​ការ​ទម្លាយ​សារ​ឆ្លើយឆ្លង​គ្នា​ជាមួយ​លោក ហ៊ុន ម៉ាណែត ពី​សំណាក់​លោក ហ៊ុន សែន ដូច​បណ្ឌិត សេង សេរី ដែរ​កាលពី​អំឡុង​ឆ្នាំ​២០២០ កន្លង​ទៅ។

កាលពី​អំឡុង​ឆ្នាំ​២០២០ សារ​ឆ្លើយឆ្លង​គ្នា​មួយ​រវាង​លោក ជុន ច័ន្ទបុត្រ និង​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ទម្លាយ​ជា​សាធារណៈ ដែល​អត្ថន័យ​ក្នុង​សារ​សំឡេង​បែកធ្លាយ​នោះ លោក ជុន ច័ន្ទបុត្រ មើលស្រាល​មេ​កើយ​របស់​ខ្លួន​នៅ​ចំពោះ​មុខ​លោក ហ៊ុន ម៉ាណែត ដោយ​បាន​បកអាក្រាត​ប្រាប់​លោក ហ៊ុន ម៉ាណែត ថា ប្រធាន​វិទ្យុ​អាស៊ីសេរី លោក សំ ប៉ូលី អសមត្ថភាព​ក្នុង​ការ​សរសេរ​ព័ត៌មាន ហើយ​ថា​ពេល​ខ្លះ​លោក​ចង់​ថត​សំឡេង​នៃ​កិច្ចប្រជុំ​ផ្ទៃក្នុង​របស់​បុគ្គលិក​អាស៊ីសេរី​ឲ្យ​លោក ហ៊ុន ម៉ាណែត បាន​ស្តាប់​ទៀត​ផង។

នៅ​ក្នុង​សារ​សំឡេង​នោះ លោក ជុន ច័ន្ទបុត្រ ក៏​បាន​អួត​ប្រាប់​លោក ហ៊ុន ម៉ាណែត ថា នៅ​ក្នុង​វិទ្យុ​អាស៊ីសេរី មាន​តែ​លោក​ទេ​ដែល​ហ៊ាន​វ៉ៃ​ទាំង​សងខាង​ដោយ​ក្នុង​បទសម្ភាសន៍​ណា​មួយ​នោះ លោក​ហ៊ាន​និយាយ​ថា លោក សម រង្ស៊ី ផ្ដាច់ការ​ជាង​លោក ហ៊ុន សែន ទៅ​ទៀត ហើយ​ថា​គណបក្ស​ប្រឆាំង​ជា​បក្ស​មួយ​ដែល​គ្មាន​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​ទេ។

ជាង​នេះ​ទៅ​ទៀត លោក ជុន ច័ន្ទបុត្រ ក៏​បាន​ប្រាប់​លោក ហ៊ុន ម៉ាណែត ដែរ​ថា លោក​មិន​ដែល​ចាត់ទុក​លោក ហ៊ុន សែន ថា​ជា​អ្នក​នៅ​ពីក្រោយ​ការ​សម្លាប់​បណ្ឌិត កែម ឡី នោះ​ឡើយ។ ការ​ថ្លែង​របស់​លោក ជុន ច័ន្ទបុត្រ ជុំវិញ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី ហាក់​ឆ្លុះបញ្ចាំង​ផ្ទុយ​ពី​អ្វី​ដែល​ស្ថាប័ន​វិទ្យុ​អាស៊ីសេរី តែងតែ​ផ្សព្វផ្សាយ​អំពី​នរណា​នៅ​ពីក្រោយ​នៃ​ឧក្រិដ្ឋកម្ម​ដ៏​កក្រើក​មួយ​នេះ។

លោក ហ៊ីង សុខសាន្ត អះអាង​ថា លោក​មាន​ទឡ្ហីករណ៍​ជាច្រើន​ណាស់​ដែល​បង្ហាញ​ពី​ភាគរយ​កាន់តែ​ខ្ពស់​ថា​អ្នក​ទាំងនេះ​គឺជា​ជនបង្កប់ (ឬ​រនុកក្នុង) របស់​លោក ហ៊ុន សែន ក្នុង​នោះ ចំណុច​រួម​របស់​ពួកគេ គឺ​តែងតែ​លើក​តម្កើង​លោក សម រង្ស៊ី រិះគន់​វាយប្រហារ​ជាន់​ពន្លិច​លោក កឹម សុខា ដូច​គ្នា​រហូត​មក។

លោក ហ៊ីង សុខសាន្ត បញ្ជាក់​ថា ក្នុង​ឋានៈ​ជា​ចារកម្ម​ម្នាក់​ដែល​បែកធ្លាយ​សមាសភាព​ទៅ​ហើយ​នោះ មិន​អាច​និយាយ​ពី​សមាសភាព​ចារកម្ម​ផ្សេង​ទៀត​ឱ្យ​អ្នកដទៃ​ជឿ​បាន​ទេ មាន​តែ​ទុក​ឲ្យ​ពេលវេលា​បង្ហាញ​ការពិត​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ បណ្ឌិត សេង សារី បាន​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​ដាក់​ការ​សង្ស័យ​លើ​លោក ជុន ច័ន្ទបុត្រ និង​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ថា​ការ​បែកធ្លាយ​សមាសភាព​ចារកម្ម​របស់​លោក គឺជា​ល្បិច​ចារកម្ម​កម្ទេច​ចារកម្ម ក្រោម​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន។

បណ្ឌិត សេង សារី លើកឡើង​ថា​ចំណុច​ដែល​គួរ​ឱ្យ​សង្ស័យ​ទៀត​នោះ គឺ​លោក ជុន ច័ន្ទបុត្រ ជា​អ្នក​ទម្លាយ​សារ​ឆ្លើយឆ្លង​សម្ងាត់​របស់​លោក​ជាមួយ​លោក ហ៊ុន សែន ហើយ​ដែល​សារ​នោះ​លោក​គិត​ថា​លោក ជុន ច័ន្ទបុត្រ បាន​ទទួល​ពី​គណនី​តេឡេក្រាម​មួយ​ឈ្មោះ មង្គល។ លោក សេង សារី ចាត់ទុក​ថា​គណនី​តេឡេក្រាម​ឈ្មោះ មង្គល នោះ​គឺ​លោក ហ៊ុន សែន ជា​អ្នក​ប្រើ​ដោយ​ផ្ទាល់។

បណ្ឌិត សេង សារី បញ្ជាក់​ថា ក្រោយពី​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ត្រូវ​បាន​គណៈ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ បញ្ឈប់​មិន​ឱ្យ​ចូលរួម​ប្រជុំ​រឿង​ផ្ទៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​លែង​បែកធ្លាយ​ដូច​ពេល​មុន​ដែរ។

ទោះជា​យ៉ាងណាក៏ដោយ លោក ជុន ច័ន្ទបុត្រ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ចន្ទ ទី​១០ ខែ​កុម្ភៈ ថា ទោះបី​លោក សេង សារី មាន​ជីវិត ១០​ជាតិ​ទៀត ក៏​លោក សេង សារី គ្មាន​ថ្ងៃ​ឃើញ​រូបលោក​ចូល​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន​នោះ​ដែរ។

ក្រោយ​ពេល​ប្រតិកម្ម​នេះ លោក សេង សារី បាន​ចេញ​វីដេអូ​សូមទោស​លោក ជុន ច័ន្ទបុត្រ ជា​សាធារណៈ​ថា​លោក​មាន​ការ​យល់​ច្រឡំ​ប៉ុណ្ណោះ។

ជុំវិញ​ការ​បែកធ្លាយ​សារ​ឆ្លើយឆ្លង​របស់​បណ្ឌិត សេង សារី និង​លោក ហ៊ុន សែន នៅ​ពេលនេះ ត្រូវ​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បញ្ចេញមតិ​ផ្សេង​ពី​គ្នា ក្នុង​នោះ​មាន​ការ​លើកឡើង​ថា គឺជា​ល្បែង​ចារកម្ម​កម្ទេច​ចារកម្ម ដើម្បី​ធ្វើ​ឱ្យ​បាត់​ការ​ទុកចិត្ត​គ្នា​ឯង​ក្នុង​ចំណោម​ក្រុម​ប្រឆាំង ខណៈ​មតិ​ខ្លះ​លើកឡើង​ថា ល្បែង​នេះ​លោក ហ៊ុន សែន បំផ្ទុះ​ឡើង​ដើម្បី​បង្វែរ​ពី​ការ​ចាប់អារម្មណ៍​លើ​បញ្ហា​កោះ​គុត និង​ឃាតកម្ម​លើ​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ដែល​មហាជន​កំពុង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ជូន​ខ្លួន​ជនសង្ស័យ​ឈ្មោះ លី រតនៈរស្មី និង​ឈ្មោះ ពេជ្រ គឹមស្រ៊ិន ឱ្យ​តុលាការ​ថៃ បើក​ការ​ស៊ើបអង្កេត​នៅ​ពេលនេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស