ក្រុមសិទ្ធិមនុស្សក្នុងស្រុក អំពាវនាវឲ្យពលរដ្ឋយកចិត្តទុកដាក់ការពារពីការឆ្លងវីរុស Covid-19 ឲ្យកាន់តែហ្មត់ចត់ថែមទៀត ព្រោះវីរុសនេះជាប្រភេទជំងឺឆ្លងដែលចេះបំប្លែងខ្លួន និងមានលក្ខណៈកាចសាហាវ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានអះអាងថា ពលរដ្ឋមួយចំនួនក្នុងពេលបច្ចុប្បន្ននេះហាក់មានការធ្វេសប្រហែស និងកំពុងមើលស្រាលអំពីការឆ្លងនៃវីរុស Covid-19 នេះ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ ខែមិថុនា ថា លោកបានសង្កេតឃើញថាពលរដ្ឋនៅតាមតំបន់មួយចំនួនមិនសូវបានយកចិត្តទុកដាក់ប្រុងប្រយ័ត្នពីការឆ្លងវីរុស Covid-19 ប៉ុន្មានទេ។
លោកអះអាងថា មួយរយៈនេះ ការជួបជុំដើម្បីហូបចុកនៅតាមភោជនីយដ្ឋានមួយចំនួនបានបន្តកើតមានឡើងវិញ ដូច្នេះការឆ្លងនៅតែអាចកើតមាន ទោះបីជាពួកគាត់បានចាក់វ៉ាក់សាំងរួចហើយក៏ដោយ។ របាយការណ៍របស់ក្រសួងសុខាភិបាល ធ្លាប់បានបង្ហាញពីអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយ ប៉ុន្តែក្រោយមកនៅតែរកឃើញថាបានឆ្លងវីរុស Covid-19 ដូច្នេះដើម្បីបញ្ឈប់ការចម្លងនៃវីរុសនេះ មានតែពលរដ្ឋបន្តរក្សាការអនុវត្តវិធានការសុខាភិបាលឲ្យបានត្រឹមត្រូវតែប៉ុណ្ណោះ។
លោក មឿន តុលា បញ្ជាក់ថា ស្របពេលនេះ លោកស្នើឲ្យអាជ្ញាធរអនុវត្តច្បាប់ Covid-19 ដោយគោរពនូវគោលការណ៍សិទ្ធិមនុស្សឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយចៀសវាងយកហេតុផលនៃការឆ្លងជំងឺ Covid-19 ទៅរឹតត្បិតសេរីភាពមូលដ្ឋានរបស់ពលរដ្ឋ ជាងនេះទៀតក៏មិនត្រូវដាក់ពលរដ្ឋផ្នែកណាមួយក្នុងហានិភ័យនោះទេ ជាពិសេសកម្មករនិយោជិតដែលធ្វើការតាមរោងចក្រ សហគ្រាស ដែលពួកគាត់មិនអាចអនុវត្តតាមគោលការណ៍សុខាភិបាលបាន ដូចជាការដែលមិនអាចអនុវត្តវិធានការ ៣កុំ និង ៣ការពារ ជាដើម។
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នេះ អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានអះអាងថា ពលរដ្ឋមួយចំនួនកំពុងតែធ្វេសប្រហែស និងមើលស្រាលលើឥទ្ធិពលនៃការឆ្លងរបស់វីរុស Covid-19 នេះយ៉ាងខ្លាំង ដោយពួកគេនៅតែបង្កើតកម្មវិធីជួបជុំបរិភោគអាហារជុំគ្នាតាមកន្លែងមួយចំនួនជាបន្តបន្ទាប់។
អ្នកនាំពាក្យរូបនេះអះអាងថា ពលរដ្ឋត្រូវតែប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសនេះ ព្រោះថាវាអាចចម្លងដោយស្ងាត់ៗ និងអាចបំប្លែងខ្លួនថែមទៀតផង ជាងនេះទៀត វីរុសនេះគ្មានថ្នាំអាចព្យាបាលនោះទេ គឺមានតែចាក់វ៉ាក់សាំងតែប៉ុណ្ណោះ ទើបអាចទប់ស្កាត់វីរុស Covid-19 នេះបានក្នុងពេលបច្ចុប្បន្ននេះ។
អ្នកស្រី ឱ វណ្ណឌីន អំពាវនាវឲ្យប្រជាពលរដ្ឋអនុវត្តវិធានការសុខាភិបាល ៣កុំ និង ៣ការពារឲ្យបានហ្មត់ចត់ និងចៀសវាងនូវការជួបជុំដែលមិនចាំបាច់ ឬការជួបជុំដែលអាចនឹងបង្កហានិភ័យក្នុងការចម្លងវីរុស Covid-19 នេះ។ បន្ថែមពីនេះ អ្នកស្រីថាមិនត្រូវនាំគ្នាជឿលើការឃោសនាដែលថា មានឱសថអាចព្យាបាលជំងឺ Covid-19 បាននោះទេ ព្រោះនោះគ្រាន់តែជាការឃោសនារបស់ជនខិលខូចមួយចំនួនតែប៉ុណ្ណោះ។
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងសុខាភិបាល បានអះអាងថា ខ្លួនបានបង្កើនល្បឿននៃការចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 ជូនពលរដ្ឋបានចំនួនជាង ៣លាន ៧សែននាក់ហើយ ដែលស្មើនឹង ៣៧,១៦% ដោយគិតចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នេះ។
នៅថ្ងៃសុក្រនេះ ក្រសួងនៅតែបន្តរកឃើញអ្នកឆ្លងវីរុស Covid-19 ថ្មីចំនួន ៦៩៩នាក់ និងអ្នកជាសះស្បើយថ្មីចំនួន ៧៥៩នាក់ ខណៈអ្នកដែលបានស្លាប់ថ្មីដោយសារជំងឺនេះមានចំនួន ១៦នាក់ផងដែរ។
ក្រសួងបញ្ជាក់ថា មកទល់នឹងពេលនេះ អ្នកឆ្លងវីរុស Covid-19 សរុបបានកើនឡើងដល់ជាង ៤ម៉ឺន ៦ពាន់នាក់ហើយ និងអ្នកដែលត្រូវបានព្យាបាលជាសះស្បើយសរុបមានចំនួនជាង ៤ម៉ឺន ៧០០នាក់ ដោយឡែកអ្នកស្លាប់សរុបបានកើនឡើងដល់ទៅ ៥០៩នាក់ហើយគិតត្រឹមថ្ងៃសុក្រ សប្តាហ៍នេះ៕