32.9 C
Phnom Penh

អ្នកវិភាគ៖ រដ្ឋាភិបាល​ខ្មែរ​រសើប​ណាស់​ពេល​ដែល​រដ្ឋាភិបាល​បរទេស​លើកឡើង​អំពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម អះអាង​ឡើង​ថា រដ្ឋាភិបាល​ខ្មែរ​ពិតជា​រសើប​ណាស់​នៅ​ពេល​ដែល​រដ្ឋាភិបាល​បរទេស​លើកឡើង​អំពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​ជា​ញឹកញយ រដ្ឋាភិបាល​កម្ពុជា​តែង​វាយបក​ទៅ​រដ្ឋាភិបាល​បរទេស​ទាំងនោះ​វិញ​ថា ការ​លើកឡើង​របស់​ពួកគេ គឺជា​ការ​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២១ ថា ការ​លើកឡើង​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​ដូច​គ្នា​ទៅ​នឹង​ការ​អះអាង​របស់​ក្រសួង​ការបរទេស​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ដែល​មេដឹកនាំ​ខ្មែរក្រហម គឺ​លោក អៀង សារី បាន​សរសេរ​កំណត់​ទូត​យ៉ាង​វែង​មួយ​ច្បាប់​កាល​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​១៩៧៨ វាយបក​ទៅ​ប្រទេស​អង់គ្លេស វិញ​ថា ប្រទេស​អង់គ្លេស គ្មាន​សិទ្ធិ​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ដាច់ខាត។

លោក​អះអាង​ថា ការ​ចេញ​កំណត់​ទូត​របស់​លោក អៀង សារី ទៅកាន់​ប្រទេស​អង់គ្លេស នេះ គឺ​ធ្វើឡើង​នៅ​ពេល​ដែល​រដ្ឋាភិបាល​អង់គ្លេស បាន​លើកឡើង​អំពី​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​នា​ពេល​នោះ ព្រមទាំង​ស្នើ​ឲ្យ​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ តែងតាំង​អ្នក​រាយការណ៍​ពិសេស​ដើម្បី​ឃ្លាំមើល​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផង​ដែរ។

បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា បន្ទាប់ពី​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ បាន​ដឹង​ពី​បញ្ហា​នេះ​ហើយ ក៏​នាំគ្នា​រិះរក​មធ្យោបាយ​ដើម្បី​បញ្ចប់​ការរំលោភ​សិទ្ធិមនុស្ស​ក្រោម​របប ប៉ុល ពត មុន​ប្រទេស​វៀតណាម​ចូល​ឈ្លានពាន​រំលំ​របប​នោះ​ទៅទៀត។ ប៉ុន្តែ​សហភាព​សូវៀត និង​ប្រទេស​កុម្មុយនីស្ត​មួយ​ចំនួន​ជំទាស់​នឹង​សំណើ​នេះ​យ៉ាង​ខ្លាំង ដូច្នេះ​វិធានការ​នេះ​ក៏​ត្រូវ​អូស​បន្លាយ​រហូត​ប្រទេស​វៀតណាម មាន​ឱកាស​ចូល​ឈ្លានពាន​តែម្តង។

ការ​អះអាង​របស់​បណ្ឌិត ឡៅ ម៉ុងហៃ គឺ​ធ្វើឡើង​ដើម្បី​រិះគន់​រដ្ឋាភិបាល​កម្ពុជា ដែល​តែង​បដិសេធ​ការ​លើកឡើង​ពី​ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស និង​សហគមន៍​អន្តរជាតិ​នានា​អំពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្រោម​ហេតុផល​ថា កម្ពុជា​មិន​ត្រូវការ​ឲ្យ​បរទេស​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​នោះ​ទេ។

រដ្ឋាភិបាល​កម្ពុជា តែង​អះអាង​ថា ខ្លួន​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​ទប់ស្កាត់​រាល់​ការប៉ុនប៉ង​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា។ ជាង​នេះ​ទៀត កម្ពុជា​តែង​ហាម​សហគមន៍​អន្តរជាតិ​ថា​កុំ​ឲ្យ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន ព្រោះ​ថា​កម្ពុជា គឺជា​រដ្ឋ​ឯករាជ្យ មាន​អធិបតេយ្យភាព​របស់​ខ្លួន​ពេញលេញ មិន​ចំណុះ​ឲ្យ​រដ្ឋ​បរទេស​ណា​ឡើយ។

កាលពី​អំឡុង​ឆ្នាំ​២០១៩ ក្រសួង​ការបរទេស​របស់​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​បញ្ជាក់​ទៅកាន់​សហគមន៍​អន្តរជាតិ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ប្រឆាំង​ទប់ស្កាត់​គ្រប់​មធ្យោបាយ​ចំពោះ​រាល់​ការប៉ុនប៉ង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ពី​បរទេស​ខាងក្រៅ​យ៉ាង​ហ្មត់ចត់ ព្រោះ​ថា​ការ​លូកដៃ​ពី​រដ្ឋ​បរទេស​ខាងក្រៅ តែង​បង្ក​ឲ្យ​មាន​អស្ថិរភាព និង​បំផ្លាញ​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ការ​ផ្សះផ្សា​ជាតិ​នៅ​កម្ពុជា​ផង​ដែរ។

អង្គការ​លើកលែង​ទោស​អន្តរជាតិ (International Amnesty) បាន​ចេញ​របាយការណ៍​កាលពី​ដើម​ខែ​មេសា ឆ្នាំ​២០២១ ថា រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន សកម្មជន​ព្រៃឈើ សកម្មជន​ដីធ្លី សកម្មជន​ការពារ​សិទ្ធិមនុស្ស លើស​ពី​នេះ​បាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​បក្ស​ប្រឆាំង និង​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​អ្នក​សារព័ត៌មាន​យ៉ាង​ធ្ងន់ធ្ងរ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ក្រោម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែល​នៅ​មាន​សុពលភាព កម្ពុជា​មាន​កាតព្វកិច្ច​គោរព​សិទ្ធិមនុស្ស​ឲ្យ​បាន​ម៉ឺងម៉ាត់ ហើយ​ប្រទេស​ដែល​ជា​ម្ចាស់​ហត្ថលេខី​ទាំង ១៨​ផ្សេង​ទៀត ក៏​ត្រូវ​មាន​កាតព្វកិច្ច​ជួយ​ជំរុញ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​ទៀត​ផង។

រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា​៣១ ចែង​ថា ព្រះរាជាណាចក្រ​កម្ពុជា ទទួលស្គាល់ និង​គោរព​សិទ្ធិមនុស្ស​ដូច​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​នឹង​សិទ្ធិមនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ ដែល​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៤៨ មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស