26 C
Phnom Penh

លោក កឹម សុខា ប្ដេជ្ញា​ចំពោះ​អ្នកគាំទ្រ​ថា​លោក​មិន​ក្បត់​ជាតិ និង​មិន​ក្បត់​ឆន្ទៈ​របស់​ពលរដ្ឋ​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព បាន​ប្ដេជ្ញា​ថា លោក​នឹង​មិន​ក្បត់​ប្រទេស​ជាតិ មិន​ក្បត់​ឆន្ទៈ​ពលរដ្ឋ និង​មិន​បោះបង់​ចោល​មាតុភូមិ​កម្ពុជា​ជា​ទីស្រឡាញ់​របស់​លោក​ជាដាច់ខាត។

ការ​ប្ដេជ្ញា​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នកគាំទ្រ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ បាន​នាំគ្នា​ផ្ញើ​សារ​ជូនពរ​ក្នុង​ឱកាស​នៃ​ខួបកំណើត​គម្រប់​អាយុ ៦៨​ឆ្នាំ​ឈាន​ចូល ៦៩​ឆ្នាំ​របស់​មេដឹកនាំ​ប្រឆាំង​រូប​នេះ​កាលពី​ថ្ងៃ​អាទិត្យ ទី​២៧ កន្លង​ទៅ។

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​មិនទាន់​មាន​សេរីភាព​ពេញលេញ និង​កំពុង​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​របស់​បក្ស​កាន់​អំណាច គឺ​លោក កឹម សុខា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០២១ ថា លោក​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ពលរដ្ឋ​ខ្មែរ និង​អ្នកគាំទ្រ​រូប​លោក​ទាំងអស់ ដែល​បាន​ជូនពរ​លោក​ក្នុង​ឱកាស​ខួបកំណើត​របស់​លោក​ឈាន​ចូល​អាយុ ៦៩​ឆ្នាំ ទោះបី​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​យ៉ាងណាក៏ដោយ។

លោក​សម្ដែង​នូវ​មោទកភាព​ថា ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​តូច​ចង្អៀត​យ៉ាង​នេះ​ក្តី ក៏​អ្នកគាំទ្រ និង​សហការី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស នៅតែ​ផ្តល់​ភាព​ជឿជាក់ និង​ផ្តល់​ភាព​យុត្តិធម៌​ជូន​រូប​លោក បើ​ទោះបីជា​លោក​កំពុង​រង​ការចោទប្រកាន់​ពី​អាជ្ញាធរ​កម្ពុជា​យ៉ាងណាក៏ដោយ។

លោក កឹម សុខា បាន​បង្ហាញ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ថា អ្វី​ដែល​លោក​ធ្លាប់​បាន​សន្យា​ចំពោះ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ខ្មែរ លោក​នៅតែ​ហ៊ាន និង​បន្ត​សន្យា​ជូន​ជន​រួម​ជាតិ​ដដែល​ថា បើ​ទោះ​ជា​លោក​ស្ថិត​ក្នុង​ការ​រឹតត្បិត​សេរីភាព​បែប​នេះ​ក្តី លោក​នៅតែ​រក្សា​ឧត្តមគតិ មិន​ក្បត់​ប្រទេស​ជាតិ មិន​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ និង​មិន​រត់​ចោល​សមរភូមិ​នយោបាយ​នៅ​កម្ពុជា​ជាដាច់ខាត ទោះ​ក្នុង​កាលៈទេសៈ​លំបាក​យ៉ាងណាក៏ដោយ។

លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស និង​ត្រូវ​ឃុំ​ខ្លួន​នៅ​មន្ទីរ​ឃុំឃាំង​ត្រពាំងផ្លុង ជាង ១​ឆ្នាំ។ បន្ទាប់មក នៅ​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក​ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​អ្នក​ដទៃ ឬ​ចាកចេញ​ពី​គេហដ្ឋាន​របស់​ខ្លួន​ឡើយ។

រហូត​ដល់​ថ្ងៃ​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ទើប​លោក កឹម សុខា ត្រូវ​បាន​ផ្តល់​សិទ្ធិ​សេរីភាព​មួយ​កម្រិត​ទៀត គឺ​អាច​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ប៉ុន្តែ​ហាម​ធ្វើ​សកម្មភាព ឬ​និយាយ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ និង​ចេញ​ក្រៅ​ប្រទេស​ជាដាច់ខាត។

ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន Southeast Asia Globe កាលពី​ខែ​កក្កដា ឆ្នាំ​២០១៤ បាន​ចុះផ្សាយ​ពី​ការ​លើកឡើង​របស់​អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា បណ្ឌិត ម៉ាខឺស ស្កាប៊ូ ថា​លោក កឹម សុខា បាន​ដាក់​ខ្លួន​គាត់​ក្នុង​ភ្នក់ភ្លើង​ជាច្រើន​លើក​ច្រើនគ្រា ដោយសារតែ​គាត់​ហ៊ាន​និយាយ​ប្រឆាំង​នឹង​ក្រុម​អ្នក​កាន់​អំណាច។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ធ្វើ​ទុក្ខបុកម្នេញ និង​ប៉ុនប៉ង​ចាប់​ខ្លួន​ជាច្រើន​លើក​ច្រើនសា​តាំងពី​ទសវត្ស​ឆ្នាំ​១៩៨០ មក​ម្ល៉េះ ដោយសារតែ​លោក​បាន​លួច​ជួយ​ជា​សម្ងាត់​ដល់​ចលនា​តស៊ូ​ខ្មែរ​អ្នក​ជាតិ​និយម​ដែល​ប្រឆាំង​ការឈ្លានពាន​របស់​កងទ័ព​វៀតណាម នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ពេល​នោះ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ថា លោក​មាន​ជំនឿ​ចិត្ត និង​ក្តី​សង្ឃឹម​ថា មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា គឺជា​អ្នកនយោបាយ​កំពូល​ម្នាក់​នៅ​កម្ពុជា ដែល​មាន​ទស្សនវិស័យ ចក្ខុវិស័យ និង​បេសកកម្ម​កសាង​ជាតិ ការ​បង្រួបបង្រួម​ជាតិ និង​ឯកភាពជាតិ តាមរយៈ​ធម៌​អហិង្សា​របស់​លោក​ក្នុង​ពេលវេលា​ដ៏​ឆាប់ៗ​ខាងមុខ​នេះ។

ក្រុម​អ្នក​សង្កេតការណ៍ លើកឡើង​ថា រហូត​មក​ទល់​ពេល​នេះ អតីត​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដែល​ជា​ដៃគូ​នយោបាយ​របស់​លោក កឹម សុខា ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​ចេញ​សារ​ណា​មួយ​ដើម្បី​អបអរ​ថ្ងៃ​ខួបកំណើត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​នៅឡើយ​ទេ តែ​ផ្ទុយទៅវិញ លោក​មាន​តែ​បញ្ឆេះ​កម្ដៅ​នយោបាយ​ឲ្យ​ឆេះ​កាន់តែ​ខ្លាំង​តាមរយៈ​ការ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​យ៉ាង​ធ្ងន់ធ្ងរ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​បែកបាក់​ជាតិ​កាន់តែ​ខ្លាំង​តែប៉ុណ្ណោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស