ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរងការរឹតត្បិតសេរីភាព បានប្ដេជ្ញាថា លោកនឹងមិនក្បត់ប្រទេសជាតិ មិនក្បត់ឆន្ទៈពលរដ្ឋ និងមិនបោះបង់ចោលមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់លោកជាដាច់ខាត។
ការប្ដេជ្ញានេះ ធ្វើឡើងបន្ទាប់ពីអ្នកគាំទ្រ និងសមាជិកគណបក្សសង្គ្រោះជាតិ បាននាំគ្នាផ្ញើសារជូនពរក្នុងឱកាសនៃខួបកំណើតគម្រប់អាយុ ៦៨ឆ្នាំឈានចូល ៦៩ឆ្នាំរបស់មេដឹកនាំប្រឆាំងរូបនេះកាលពីថ្ងៃអាទិត្យ ទី២៧ កន្លងទៅ។
មេដឹកនាំបក្សប្រឆាំងដែលមិនទាន់មានសេរីភាពពេញលេញ និងកំពុងស្ថិតនៅក្រោមការតាមដានរបស់បក្សកាន់អំណាច គឺលោក កឹម សុខា បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ថា លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ពលរដ្ឋខ្មែរ និងអ្នកគាំទ្ររូបលោកទាំងអស់ ដែលបានជូនពរលោកក្នុងឱកាសខួបកំណើតរបស់លោកឈានចូលអាយុ ៦៩ឆ្នាំ ទោះបីស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ។
លោកសម្ដែងនូវមោទកភាពថា ទោះស្ថិតក្នុងស្ថានភាពដ៏តូចចង្អៀតយ៉ាងនេះក្តី ក៏អ្នកគាំទ្រ និងសហការីរបស់គណបក្សសង្គ្រោះជាតិ ទាំងក្នុងនិងក្រៅប្រទេស នៅតែផ្តល់ភាពជឿជាក់ និងផ្តល់ភាពយុត្តិធម៌ជូនរូបលោក បើទោះបីជាលោកកំពុងរងការចោទប្រកាន់ពីអាជ្ញាធរកម្ពុជាយ៉ាងណាក៏ដោយ។
លោក កឹម សុខា បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ថា អ្វីដែលលោកធ្លាប់បានសន្យាចំពោះអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងពលរដ្ឋខ្មែរ លោកនៅតែហ៊ាន និងបន្តសន្យាជូនជនរួមជាតិដដែលថា បើទោះជាលោកស្ថិតក្នុងការរឹតត្បិតសេរីភាពបែបនេះក្តី លោកនៅតែរក្សាឧត្តមគតិ មិនក្បត់ប្រទេសជាតិ មិនក្បត់ឆន្ទៈប្រជាពលរដ្ឋ និងមិនរត់ចោលសមរភូមិនយោបាយនៅកម្ពុជាជាដាច់ខាត ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។
លោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ពីបទឃុបឃិតជាមួយរដ្ឋបរទេស និងត្រូវឃុំខ្លួននៅមន្ទីរឃុំឃាំងត្រពាំងផ្លុង ជាង ១ឆ្នាំ។ បន្ទាប់មក នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ លោកត្រូវបានអាជ្ញាធរដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែមិនត្រូវបានអនុញ្ញាតឲ្យជួបអ្នកដទៃ ឬចាកចេញពីគេហដ្ឋានរបស់ខ្លួនឡើយ។
រហូតដល់ថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ទើបលោក កឹម សុខា ត្រូវបានផ្តល់សិទ្ធិសេរីភាពមួយកម្រិតទៀត គឺអាចធ្វើដំណើរក្នុងប្រទេស ប៉ុន្តែហាមធ្វើសកម្មភាព ឬនិយាយពាក់ព័ន្ធនឹងរឿងនយោបាយ និងចេញក្រៅប្រទេសជាដាច់ខាត។
ជុំវិញបញ្ហានេះ សារព័ត៌មាន Southeast Asia Globe កាលពីខែកក្កដា ឆ្នាំ២០១៤ បានចុះផ្សាយពីការលើកឡើងរបស់អ្នកផ្តល់ប្រឹក្សាផ្នែកនយោបាយឯករាជ្យនៅកម្ពុជា បណ្ឌិត ម៉ាខឺស ស្កាប៊ូ ថាលោក កឹម សុខា បានដាក់ខ្លួនគាត់ក្នុងភ្នក់ភ្លើងជាច្រើនលើកច្រើនគ្រា ដោយសារតែគាត់ហ៊ាននិយាយប្រឆាំងនឹងក្រុមអ្នកកាន់អំណាច។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ធ្លាប់ត្រូវបានអាជ្ញាធរក្រុងភ្នំពេញធ្វើទុក្ខបុកម្នេញ និងប៉ុនប៉ងចាប់ខ្លួនជាច្រើនលើកច្រើនសាតាំងពីទសវត្សឆ្នាំ១៩៨០ មកម្ល៉េះ ដោយសារតែលោកបានលួចជួយជាសម្ងាត់ដល់ចលនាតស៊ូខ្មែរអ្នកជាតិនិយមដែលប្រឆាំងការឈ្លានពានរបស់កងទ័ពវៀតណាម នៅក្នុងប្រទេសកម្ពុជា នៅពេលនោះ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី២៧ ខែមិថុនា ថា លោកមានជំនឿចិត្ត និងក្តីសង្ឃឹមថា មេដឹកនាំបក្សប្រឆាំងលោក កឹម សុខា គឺជាអ្នកនយោបាយកំពូលម្នាក់នៅកម្ពុជា ដែលមានទស្សនវិស័យ ចក្ខុវិស័យ និងបេសកកម្មកសាងជាតិ ការបង្រួបបង្រួមជាតិ និងឯកភាពជាតិ តាមរយៈធម៌អហិង្សារបស់លោកក្នុងពេលវេលាដ៏ឆាប់ៗខាងមុខនេះ។
ក្រុមអ្នកសង្កេតការណ៍ លើកឡើងថា រហូតមកទល់ពេលនេះ អតីតមេដឹកនាំបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលជាដៃគូនយោបាយរបស់លោក កឹម សុខា ក្នុងគណបក្សសង្គ្រោះជាតិ នៅមិនទាន់ចេញសារណាមួយដើម្បីអបអរថ្ងៃខួបកំណើតប្រធានគណបក្សសង្គ្រោះជាតិរូបនេះនៅឡើយទេ តែផ្ទុយទៅវិញ លោកមានតែបញ្ឆេះកម្ដៅនយោបាយឲ្យឆេះកាន់តែខ្លាំងតាមរយៈការប្រមាថអង្គព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរ ដែលជាហេតុនាំឲ្យមានការបែកបាក់ជាតិកាន់តែខ្លាំងតែប៉ុណ្ណោះ៕