តើមានសេដ្ឋីស្រុកខ្មែរណាខ្លះប្រមូលទ្រព្យពីស្រុកខ្មែរទៅលាក់ទុកនៅបរទេស តាមកោះឯនាយសមុទ្រ ដោយបើកក្រុមហ៊ុនបំភ័ន្តភ្នែក?
តទៅនេះ ជាភាគទី២ នៃសេចក្តីរាយការណ៍ស្រង់ពីសំណុំឯកសារប៉ាណាម៉ា។
ឯកសារប៉ាណាម៉ា (Panama Papers) ដែលធ្លាយចេញជាសាធារណៈធ្លាក់ក្នុងដៃក្រុមអ្នកកាសែតស៊ើបអង្កេតអន្តរជាតិ (International Consortium of Investigative Journalists = ICIJ) នៅឆ្នាំ២០១៦ មានចំនួន ១១លាន ៥សែនឯកសារ។ ឯកសារទាំងនេះមានរឿងទាក់ទងនឹងក្រុមហ៊ុនសម្បក ឬស្នូកទទេឯនាយសមុទ្រ (offshore shell companies) ចំនួនជាង ៤សែនក្រុមហ៊ុន ដែលបង្កើតឡើងដោយទាំងអ្នករកស៊ីដែលចង់លាក់លុយ លាងលុយ និងគេចបង់ពន្ធឲ្យរដ្ឋ ទាំងមន្ត្រីពុករលួយធំតូចគ្រប់ជនជាតិពីប្រទេសជាង ២០០ ក្នុងពិភពលោក។
តាមសេចក្តីរាយការណ៍ក្នុងសារព័ត៌មាន Bloomberg នៅខែកក្កដា ឆ្នាំ២០១៩ និងសារព័ត៌មាន Business Insider នៅខែកញ្ញា ឆ្នាំ២០១៩ ការបើកក្រុមហ៊ុនសម្បក ឬស្នូកទទេនៅក្រៅស្រុក មានលក្ខណៈងាយស្រួល មិនពិបាកទេ។ អ្នកមានលុយកាក់ដូចគំនរចាយមិនអស់ គេរកក្រុមហ៊ុនរត់ការភាគច្រើនជាក្រុមមេធាវី ដោយបង់កម្រៃបម្រើការ ហៅថា សេវា។ ម្ចាស់លុយមិនចាំបាច់ដាក់ឈ្មោះខ្លួនឯងក៏បាន គឺរកអ្នកផ្សេងឈរឈ្មោះតំណាងក្រុមហ៊ុនសម្បក ឬស្នូកទទេនោះ សម្រាប់ជាអ្នកទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចផ្នែកកិច្ចការរដ្ឋបាល ឬជាមួយអ្នកកាសែត។ មានករណីខ្លះ ម្ចាស់លុយមិនចង់មានឈ្មោះក្នុងក្រុមហ៊ុនសម្បក ឬស្នូកនោះទេ ព្រោះគេលាក់អត្តសញ្ញាណភាពរបស់គេពីរដ្ឋាភិបាលប្រទេសរបស់គេ។
ក្រៅពីពាណិជ្ជករ សេដ្ឋី សេដ្ឋិនីបរទេសរាប់សែននាក់លាក់លុយលើកោះ British Virgin Islands នៅអាមេរិកកណ្តាល ដែលមានទឹកប្រាក់សរុបចំនួន ១ម៉ឺន ៥ពាន់លានដុល្លារ (US$1.5 trillion) អ្នកមានស្រុកខ្មែរមួយចំនួនក៏ស្ថិតក្នុងចំណោមពួកអ្នកលាក់លុយនៅលើកោះនោះដែរ។ ថ្វីបើមានក្រុមហ៊ុនសម្បក ឬស្នូកខ្លះបើកហើយបិទវិញក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយមកយ៉ាងណាក្តី នេះមិនសន្មតថាម្ចាស់ក្រុមហ៊ុនដកខ្លួនដកលុយចេញអស់នោះទេ។ គេអាចបិទឈ្មោះក្រុមហ៊ុនមួយ ប៉ុន្តែទៅបើកថ្មីមួយទៀតដាក់ឈ្មោះផ្សេង ដូរឈ្មោះតំណាងរបស់គេ ព្រោះថានៅលើកោះនោះមានភ្នាក់ងាររង់ចាំស៊ីឈ្នួលចេញមុខឈរឈ្មោះបើកក្រុមហ៊ុនសម្បក ឬស្នូក ដើម្បីរកកម្រៃ។ ម្យ៉ាងទៀត ម្ចាស់លុយអាចផ្ទេរលុយរបស់គេទៅដាក់លើកោះដទៃ ឬប្រទេសដទៃ ដើម្បីបង្វែងដាន។ កោះ ឬប្រទេសគេអាចបើកក្រុមហ៊ុនសម្បក ឬស្នូកទទេ ដើម្បីលាក់លុយមានប្រមាណ ២៥ ហើយក្នុងចំនួននេះមានចំនួន ១៥ ភាគច្រើននៅអាមេរិកកណ្តាល ដែលមានឈ្មោះលើគេក្នុងពិភពលោក។
ឈ្មោះ ដេវិដ យ៉ាន (David Yan) មានក្រុមហ៊ុនពីរ៖
- មួយចុះឈ្មោះលើកោះ British Virgin Islands
- មួយទៀតនៅលើកោះ សាម័រ (Samoa)
ក្រុមហ៊ុនសម្បក ឬស្នូកនៅ British Virgin Islands ឈ្មោះក្រុមហ៊ុន EVER-GLORY ENTERPRISES (H.K.) Ltd. ចុះបញ្ជីឆ្នាំ២០០០ ក្នុងនាមជាម្ចាស់ហ៊ុនផង ជាអ្នកទទួលមរតកផង។ អ្នកចូលហ៊ុនឯទៀតមានឈ្មោះ៖
- កាង ហ័កិ (Kang Huake)
- កាង យូហ័ (Kang Yuhua)
- លី នីង (Li Ning)
- ស៊ុន ជៀជុន (Sun Jiajun)
- វ៉ី រូជិន (Wei Ruqin)
- យ៉ាន រ៉ាន (Yan Ran)
អាសយដ្ឋាននៅស្រុកខ្មែរសម្រាប់ក្រុមហ៊ុននេះ គឺផ្ទះលេខ៦១ អឺ៣ ផ្លូវលេខ១៩ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ ក្រុងភ្នំពេញ រាជាណាចក្រកម្ពុជា។
ឈ្មោះ ដេវិដ យ៉ាន (David Yan) បើកក្រុមហ៊ុនសម្បក ឬស្នូកទទេមួយទៀតនៅលើកោះសាម័រ (Samoa) ស្ថិតក្នុងមហាសាគរប៉ាស៊ីហ្វិក ខាងកើតប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ មានរដ្ឋធានីឈ្មោះ អាពីយ៉ា (Apia) ឈ្មោះថាក្រុមហ៊ុន BEST DREAM INTERNATIONAL LTD. ដោយប្រើក្រុមហ៊ុនមេអណ្ដើករត់ការឈ្មោះ Comwell Investment Consultant Ltd. មានអាសយដ្ឋានជាន់ទី៩ CLI Building, 313 Hennessy Road, Wanchai, Hong Kong, China។ រីឯអាសយដ្ឋាននៅស្រុកខ្មែរ គឺប្រើអាសយដ្ឋានដដែល។
ឧកញ៉ា ណាង សុធី (Nang Sothy) ថៅកែក្រុមហ៊ុន THY Holding Group Company, Ltd. អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ហៅកាត់ថា CAMFEBA បើកក្រុមហ៊ុនសម្បក ឬស្នូកដាក់ឈ្មោះខ្លួនពីរជាម្ចាស់ហ៊ុន និងជាអ្នកទទួលមរតក ឈ្មោះក្រុមហ៊ុន LAK Resources International Ltd. ចុះបញ្ជីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៥ នៅកោះ British Virgin Islands។ ឧកញ៉ា ណាង សុធី ប្រើក្រុមហ៊ុនមេអណ្ដើករត់ការឈ្មោះ Integrated Financial Services Ltd. ជាន់ទី១១ អគារ Dah Sing Life, 99 Des Voeux Road, Central Hong Kong និងប្រើអាសយដ្ឋានស្រុកខ្មែរផ្ទះលេខ៧ ផ្លូវលេខ៦០៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ក្រុងភ្នំពេញ រាជាណាចក្រកម្ពុជា។

ឈ្មោះ ស្ការ៉េត ស៊ិនដ្រេ (Skaret Sindre) ទំនងជាឈ្មោះជនបរទេសបើកក្រុមហ៊ុនសម្បក ឬស្នូកនៅកោះ British Virgin Islands ចុះបញ្ជីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១២ ឈ្មោះក្រុមហ៊ុន Golden Luck Winner Ltd. ជាមួយដៃគូហ៊ុនពីរនាក់ទៀត៖
- ឈ្មោះ Miller Thomas Robbins ពីក្រុង Wexford សាធារណរដ្ឋអៀកឡង់ដ៍
- ឈ្មោះ Pang Peter Chiusing មានអាសយដ្ឋាននៅអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម
ក្រុមហ៊ុន Golden Luck Winner Ltd. ជួលក្រុមហ៊ុនមេអណ្ដើករត់ការឈ្មោះ Prime Treasure Registration Services Ltd. មានទីតាំងស្ថិតនៅបន្ទប់លេខ៦១០ ជាន់ទី៦ Tower 1, Silvercord 30, Canton Road, Tsim Sha Tsui, Kowloon, Hong Kong។ ក្រុមហ៊ុន Golden Luck Winner Ltd. ប្រើអាសយដ្ឋានស្រុកខ្មែរ ផ្ទះលេខD01 ផ្លូវលេខ១០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០១៣ ៧២៨ ៦៦៩ រាជាណាចក្រកម្ពុជា។
ឈ្មោះ ឡុង វីរៈ (Long Vireak) បើកក្រុមហ៊ុនសម្បក ឬស្នូកទទេ shell company ចំនួនប្រាំតែម្នាក់ឯងនៅសាធារណរដ្ឋកោះសីស្ហែល (Seychelles) ស្ថិតក្នុងមហាសមុទ្រឥណ្ឌា ប៉ែកបូព៌ាទ្វីបអាហ្រ្វិក ដែលមានរដ្ឋធានីឈ្មោះ Victoria។
ឡុង វីរៈ ចុះបញ្ជីក្រុមហ៊ុនឈ្មោះ Big Aim Ltd. នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ ដោយជួលសាខាក្រុមហ៊ុននៅប៉ាណាម៉ា ឈ្មោះ Mossack Fonseca ពីប្រទេសថៃឡង់ដ៍។ ក្រុមហ៊ុនចំនួនបួនទៀតឈ្មោះ៖
- Ultra Media Entertainment Ltd.,
- Speedquick Media Ltd.,
- Solid Media Solutions Ltd.
- Easyflow Media Ltd.
ក្រុមហ៊ុនទាំងនេះ ចុះបញ្ជីនៅកោះ British Virgin Islands ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០០៨ ដោយប្រើឈ្មោះ និងអាសយដ្ឋាននៅសហរដ្ឋអាមេរិក ឈ្មោះ Nick Macao, ១៥៣០ Roosevelt Road, Long Beach, CA 90807 និងអាសយដ្ឋានស្រុកខ្មែរ ផ្ទះលេខ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ រាជាណាចក្រកម្ពុជា។ អាសយដ្ឋានស្រុកខ្មែរមួយទៀតនៅផ្ទះលេខE-12 វិថីកម្ពុជាក្រោម ឬផ្លូវលេខ១០៨ ខណ្ឌ៧មករា រាជធានីភ្នំពេញ រាជាណាចក្រកម្ពុជា។
ឈ្មោះ ចន្ទ តារា (Chan Dara) ជួលក្រុមហ៊ុនមេធាវីនៅប៉ាណាម៉ា ឈ្មោះ Mossack Fonseca ពីប្រទេសសិង្ហបុរី បើកក្រុមហ៊ុនសម្បក ឬស្នូកតែម្នាក់ឯង ឈ្មោះ GUD Ventures Ltd. ហើយចុះបញ្ជីនៅកោះ British Virgin Islands ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥។ ក្រុមហ៊ុនបម្រើការយកកម្រៃនៅសិង្ហបុរី Mossack Fonseca ស្ថិតនៅអាសយដ្ឋាន ១៩ Keppel Road, ជាន់ទី៣ បន្ទប់លេខ០៣−០៥ អគារជីត ប៉ូហ៍ (Jit Poh), សិង្ហបុរី ០៨៩០៥៨។
ឈ្មោះ តារា ចន្ទ (Dara Chan) ជួលក្រុមហ៊ុនមេធាវីនៅប៉ាណាម៉ា ឈ្មោះ Mossack Fonseca ពីប្រទេសសិង្ហបុរី បើកក្រុមហ៊ុនសម្បក ឬស្នូក មានបួនហ៊ុន ឈ្មោះ៖
- Lee’s Cambodia Holding Ltd.,
- Lee’s Frozen Food Sdn. Bhd.,
- The Tower Hotel Sdn. Bhd.
ក្រុមហ៊ុនទាំងនេះ ចុះបញ្ជីនៅកោះ British Virgin Islands ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៤ ដោយមានអាសយដ្ឋាននៅស្រុកខ្មែរ ផ្ទះលេខ៦៤Beo ផ្លូវលេខ១១ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ រាជាណាចក្រកម្ពុជា។
ជនបរទេសឈ្មោះ Okubo Alejandro Marcelo បើកក្រុមហ៊ុនសម្បក ឬស្នូកទទេនៅលើកោះ British Virgin Islands ដាក់ឈ្មោះថា Triumph Business Development Ltd. ហើយចុះបញ្ជីនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១២ ដោយជួលក្រុមហ៊ុន W.Y. Fung & Co. លេខ 1/F Xiu Ping Commercial Building, 104 Jervois Street, Sheung Wan, Hong Kong។ ចំណែកឯអាសយដ្ឋាននៅស្រុកខ្មែរ គឺផ្ទះលេខ១០AE1 ផ្លូវលេខ៩៣ ក្រុម១០៧ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រាជាណាចក្រកម្ពុជា។
ភាគបន្ត សូមជូននៅសប្តាហ៍បន្ទាប់៕